ព័ត៌មានអន្តរជាតិ

វិស័យឧស្សាហកម្មនៅចិន បង្ហាញសញ្ញាវិជ្ជមាន ជាមួយនឹងកំណើនប្រាក់ចំណេញខ្ពស់បំផុតក្នុងរយៈពេល ៦ ខែចុងក្រោយ

image


ចិន៖ វិស័យឧស្សាហកម្មរបស់ប្រទេសចិន បានបង្ហាញពីសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់ ជាមួយនឹងកំណើនប្រាក់ចំណេញខ្ពស់បំផុតក្នុងរយៈពេល ៦ ខែចុងក្រោយ។ កំណើននេះគឺជាកម្លាំងរុញច្រានដ៏សំខាន់សម្រាប់សេដ្ឋកិច្ចចិនក្នុងត្រីមាសទី១ ទោះបីជាស្ថានភាពសេដ្ឋកិច្ចជារួម នៅតែមានភាពមិនច្បាស់លាស់ និងប្រឈមនឹងបញ្ហាជុំទិសក៏ដោយ ។

កំណើននៃប្រាក់ចំណេញនេះ កើតឡើងស្របពេលដែលសេដ្ឋកិច្ចចិនជារួមសម្រេចបានកំណើន ៥%។ នេះគឺជាសញ្ញានៃការងើបឡើងវិញពីចំណុចទាបបំផុតក្នុងរយៈពេល ៣ ឆ្នាំ ប៉ុន្តែអ្នកជំនាញនៅតែយល់ថា ការងើបឡើងវិញនេះមិនទាន់មានស្ថិរភាពនៅឡើយទេ ដោយសារវិស័យមួយចំនួននៅតែដើរយឺតជាងគេ ។

បញ្ហាចម្បងមួយដែលក្រុមហ៊ុនចិនកំពុងជួបប្រទះ គឺការឡើងថ្លៃដើមទុនផលិតកម្ម។ បើទោះបីជាតម្លៃទំនិញនៅតាមរោងចក្រចាប់ផ្ដើមឡើងថ្លៃវិញ ដែលជួយកាត់បន្ថយសម្ពាធនៃសេដ្ឋកិច្ចធ្លាក់ចុះក៏ដោយ ប៉ុន្តែវាក៏ធ្វើឱ្យក្រុមហ៊ុនពិបាកក្នុងការកំណត់តម្លៃលក់ឱ្យទទួលបានផលចំណេញ ខណៈដែលប្រជាជនមិនសូវហ៊ានចំណាយថវិកា ។

ភាពខុសប្លែកគ្នាខ្លាំង ត្រូវគេសង្កេតឃើញនៅក្នុងវិស័យបច្ចេកវិទ្យា និងវិស័យទំនិញប្រើប្រាស់។ វិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងក្លាយជា «វិស័យស្នូល» ដែលរកប្រាក់ចំណូលបានយ៉ាងច្រើនមហាសាល ដោយសារតែពិភពលោកកំពុងត្រូវការគ្រឿងអេឡិចត្រូនិចទំនើបៗ ដែលនេះជាចំណុចខ្លាំងថ្មីរបស់សេដ្ឋកិច្ចចិន ។

ផ្ទុយទៅវិញ វិស័យដែលធ្លាប់តែលេចធ្លោខ្លាំងដូចជាទំនិញប្រណីត និងស្រាថ្លៃៗ បែរជាមានភាពស្ងប់ស្ងាត់។ ការណ៍នេះ ឆ្លុះបញ្ចាំងឱ្យឃើញថា ប្រជាជនចិនកំពុងបន្តគោលការណ៍សន្សំសំចៃ និងមិនសូវចំណាយលើរបស់របរមិនចាំបាច់ ដែលជាសញ្ញានៃការចុះខ្សោយនៃអំណាចទិញក្នុងស្រុក ។
រដ្ឋាភិបាលចិន កំពុងព្យាយាមដោះស្រាយបញ្ហានៃការប្រកួតប្រជែងគ្នាបន្ថោកតម្លៃលក់ដើម្បីដណ្តើមអតិថិជន។ ការប្រកួតប្រជែងបែបនេះ ធ្វើឱ្យប្រាក់ចំណេញរបស់ក្រុមហ៊ុនធ្លាក់ចុះ ប៉ុន្តែវិធានការទប់ស្កាត់របស់រដ្ឋហាក់មិនទាន់ហុចផលភ្លាមៗនោះទេ ។

ក្រៅពីបញ្ហាផ្ទៃក្នុង សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ារវាងអ៊ីរ៉ង់ និងអ៊ីស្រាអ៊ែល-អាម៉េរិក កំពុងក្លាយជាឧបសគ្គដ៏ធំនៅពីខាងក្រៅ។ វិបត្តិនេះ ធ្វើឱ្យការដឹកជញ្ជូនទំនិញអន្តរជាតិមានការរអាក់រអួល និងធ្វើឱ្យតម្រូវការទំនិញពីបរទេសមានភាពស្រពិចស្រពិល ដែលអាចប៉ះពាល់ដល់ការនាំចេញរបស់ចិននាពេលខាងមុខ។
ទោះបីជាតួលេខប្រាក់ចំណេញឧស្សាហកម្មមានការកើនឡើង ប៉ុន្តែអ្នកផលិតនៅចិន នៅតែស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់។ ពួកគេត្រូវប្រឈមមុខនឹងតុល្យភាពរវាងការរក្សាការលក់ក្នុងស្រុក និងការទប់ទល់នឹងសម្ពាធនយោបាយ និងសេដ្ឋកិច្ចពីពិភពលោកដែលកំពុងមានបញ្ហាស្មុគស្មាញ ៕

ប្រែសម្រួល៖ ឡេង​ លាងហេង
ប្រភព៖​ Reuters via CNA | រូបភាព៖ (cnsphoto via Reuters)/ (Vcg | Visual China Group | Getty Images)