ព័ត៌មានអន្តរជាតិ

អតីតមេដឹកនាំអ៊ីស្រាអ៊ែលពីររូប ចាប់ដៃគ្នាបង្កើតបក្ស Together ដើម្បីផ្ដួលលោក ណេតាន់យ៉ាហ៊ូ ព្រោះមិនពេញចិត្តរបបដឹកនាំសព្វថ្ងៃ

image


អ៊ីស្រាអ៊ែល៖ នយោបាយអ៊ីស្រាអ៊ែល កំពុងមានការប្រែប្រួលខ្លាំង បន្ទាប់ពីអតីតមេដឹកនាំពីររូប គឺលោក ប៊ែនណេត (Bennett) និងលោក យែ ឡាភីត (Yair Lapid) បានសម្រេចចិត្តទម្លាក់ចោលការខ្វែងគំនិតគ្នា ដោយមកចាប់ដៃគ្នាដើម្បីបង្កើតសម្ព័ន្ធភាពថ្មីមួយឈ្មោះ ធូហ្គែតឌ័រ (Together)។ គោលដៅចម្បងរបស់អតីតមេដឹកនាំទាំងពីររូបនេះ គឺជាការផ្ដួលរលំលោក ណេតាន់យ៉ាហ៊ូ នៅក្នុងការបោះឆ្នោតនាពេលខាងមុខ ដោយសារតែពួកគេយល់ឃើញថា ប្រទេសជាតិត្រូវការការផ្លាស់ប្តូរ និងត្រូវការមេដឹកនាំដែលហ៊ានទទួលខុសត្រូវ ។

ចំណុចសំខាន់ដែលបក្សថ្មីនេះយកមកទាក់ទាញចិត្តប្រជាជន គឺជាការសន្យាបើកការស៊ើបអង្កេតជាផ្លូវការលើព្រឹត្តិការណ៍វាយប្រហារថ្ងៃទី០៧ ខែតុលា ដែលជារឿងដ៏រសើបបំផុតសម្រាប់ប្រជាជនអ៊ីស្រាអ៊ែល។ លោក ប៊ែនណេត បានរិះគន់រដ្ឋាភិបាលបច្ចុប្បន្នថាបានព្យាយាមលាក់បាំងការពិត និងមិនផ្តល់ចម្លើយច្បាស់លាស់ដល់ក្រុមគ្រួសារជនរងគ្រោះ ដែលធ្វើឱ្យការទុកចិត្តលើរដ្ឋាភិបាលកាន់តែធ្លាក់ចុះ ។

លោក ឡាភីត សង្កត់ធ្ងន់ថា យុទ្ធសាស្ត្រតែមួយគត់ដើម្បីឈ្នះឆ្នោត គឺការរួបរួមគ្នាលើកម្លាំងកណ្តាល និងបក្សប្រឆាំងទាំងអស់ឱ្យនៅពីក្រោយបេក្ខភាពលោក ប៊ែនណេត។ ពួកគេបានរៀនសូត្រពីបទពិសោធន៍បរាជ័យរបស់មេដឹកនាំផ្ដាច់ការក្នុងប្រទេសដទៃ ដោយជឿជាក់ថា សម្ព័ន្ធភាពរឹងមាំមួយនឹងអាចបញ្ចប់ការកាន់អំណាចដ៏យូរអង្វែងរបស់លោក ណេតាន់យ៉ាហ៊ូ ដែលកំពុងរងការរិះគន់រឿងយកបញ្ហាសង្គ្រាមមកធ្វើជាឈ្នាន់ ។

ការបង្កើតបក្ស «Together» គឺជាការប៉ុនប៉ងម្ដងទៀតរបស់មេដឹកនាំទាំងពីរ បន្ទាប់ពីពួកគេធ្លាប់ទទួលបានជោគជ័យម្ដងកាលពីឆ្នាំ២០២១។ ទោះបីជារដ្ឋាភិបាលចម្រុះរបស់ពួកគេកាលពីមុនរលាយទៅវិញក្នុងពេលត្រឹម ១៨ ខែក៏ដោយ ប៉ុន្តែលើកនេះពួកគេមានជំនឿចិត្តថា បរិបទសង្គ្រាម និងការចង់បានយុត្តិធម៌របស់ប្រជាជន នឹងក្លាយជាកម្លាំងរុញច្រានឱ្យពួកគេទទួលបានជ័យជម្នះជាថ្មី ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖​ Screenshot from VIORY's video.