ខេត្តកំពង់ស្ពឺនឹងមានរោងចក្រកែច្នៃដំឡូងមីជាលើកដំបូង ដែលនឹងធ្វើឱ្យកសិករលែងបារម្ភពីទីផ្សារទៀតហើយ
កំពង់ស្ពឺ៖ ខេត្តកំពង់ស្ពឺនឹងមានរោងចក្រកែច្នៃម្សៅដំឡូងមីដំបូងគេនៅក្នុងស្រុកភ្នំស្រួច តាមរយៈទុនវិនិយោគរបស់ក្រុមហ៊ុនមកពីទីក្រុងហុងកុង សាធារណៈរដ្ឋប្រជាមានិតចិន។ តាមរយៈវត្តមានរោងចក្រកែច្នៃម្សៅដំឡូងមីនេះ និងធ្វើឱ្យកសិករលែងមានការបារម្ភរឿងទីផ្សារទៀតហើយ។
លោក សុន សេងហួត រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់រោងចក្រ ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានលើកឡើងថា ដំឡូងមីគឺជាដំណាំកសិកម្មដ៏សំខាន់មួយរបស់កម្ពុជា។
រាជរដ្ឋាភិបាលបានផ្តល់អាទិភាពគន្លឹះទៅលើការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការអភិវឌ្ឍវិស័យឯកជន និងការងារ និងការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន។ ក្នុងទិសដៅសម្រេចឱ្យបាននូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ (២០២៣-២០២៨) និងចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០ ដោយបានដាក់ចេញគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ ដើម្បីផ្លាស់ប្តូរវិស័យដំឡូងមីដោយពង្រឹង ផលិតកម្ម ជំរុញការកែច្នៃដើម្បីបង្កើនតម្លៃបន្ថែមក្នុងស្រុកនិងនាំចេញ សំដៅលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ វិស័យដំឡូងមីកំពុងផ្លាស់ប្តូរពីការនាំចេញវត្ថុធាតុដើម ទៅការកែច្នៃក្នុងស្រុក ដើម្បីបង្កើតតម្លៃបន្ថែម។ អ្នកជំនួញកសិឧស្សាហកម្មធំៗ ដូចជា ក្រុមហ៊ុនរបស់ឧកញ៉ា ម៉ុង ឫទ្ធី បានចំណាយទុនប្រហែល៤០លានដុល្លារ ក្នុងមួយឆ្នាំ ដើម្បីទិញដំឡូងមី និងពោត ពីកសិករសម្រាប់ផលិតចំណីសត្វ។ ប៉ុន្តែជុំវិញការចំណាយទុននេះ នៅតែមិនអាចប្រមូលទិញផលិតផលដែលកសិករធ្វើបានទាំងអស់នោះទេ ហើយករណីនេះក៏ធ្វើឱ្យតម្លៃមិនមានប្រក្រតីភាពផងដែរ។
ជាមួយនឹងវត្តមានរោងចក្រកែច្នៃម្សៅដំឡូងមីរបស់ធុរជនចិនលើទឹកដីខេត្តកំពង់ស្ពឺនេះ លោក សុន សេងហួត បានលើកឡើងថា រោងចក្រផលិតម្សៅមីរបស់ក្រុមហ៊ុន មានលទ្ធភាពម្សៅមីរហូតដល់១០ម៉ឺនតោនក្នុងមួយឆ្នាំ និងប្រើទុនបញ្ចូលគ្នាប្រមាណជាង ២០លានដុល្លារ និងអាចបង្កើតចំណូលលក់ប្រចាំឆ្នាំប្រមាណ ៩០លានដុល្លារ។
ក្រៅពីការផលិតម្សៅមី ១០ម៉ឺនតោនក្នុងមួយឆ្នាំ រោងចក្រក៏អាចផលិតដំឡូងមីស្ងួត១០ម៉ឺនតោន និងកាកដំឡូងមីប្រើសម្រាប់ផលិតចំណីសត្វប្រមាណ៣ម៉ឺនតោនផងដែរ។ ទន្ទឹមនិងសមត្ថភាពផលិតបាននេះ លោកបានដាក់ការរំពឹងថា នៅពេលរោងចក្រនេះដំណើរការកសិករនឹងលែងបារម្ភចំពោះការកកស្ទះដំឡូងលក់មិនចេញ និងបញ្ហាតំលៃទីផ្សារដែលឈ្មួញកណ្តាលក្រឡុកដូចមុនទៀតហើយ៕
អត្ថបទ៖ ប៊ុត សារុន