សង្គម

ពលរដ្ឋក្នុងសហគមន៍កៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប មានជីវភាពប្រសើរជាងមុន ក្រោយអនុវត្តរបរដាំបន្លែ និងចិញ្ចឹមសត្វតាមបច្ចេកទេស “កសិអេកូឡូស៊ី”

image

សៀមរាប៖ សហគមន៍កសិករក្នុងសហគមន៍កៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប ជាង៣០០គ្រួសារ​ ដែលបានដាំដុះបន្លែ និងចិញ្ចឹមសត្វ តាមបច្ចេកទេសកសិអេកូឡូស៊ី ជាច្រើនឆ្នាំមកនេះ កំពុងទទួលបានផលពីការអនុវត្តបច្ចេកទេសនេះ និងបានធ្វើឱ្យជីវភាពកសិករក្នុងសហគមន៍មានជីវភាពប្រសើរជាងមុន ដោយសារពួកគាត់ចំណាយដើមទុនតិច តែទទួលបានផលច្រើន ពោលគឺ មិនចំណាយថវិកាក្នុងការទិញថ្នាំសម្លាប់សត្វល្អិត និងជីគីមី បន្ទាប់ពីពួកគាត់ទទួលបានការយល់ដឹងពីការអនុវត្តកសិអេកូឡូស៊ី ដោយបណ្តាញកសិអេកូឡូស៊ីកម្ពុជា(ALiSEA) សហការជាមួយគម្រោង TETARD នៃអង្គការ Gret។

លោក ឈុត ឈន ប្រជាកសិកររស់នៅភូមិរំដេង ឃុំមហាពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប បានឱ្យដឹងកាលពីពេលថ្មីៗនេះថា បច្ចុប្បន្នលោកបានចាប់យកមុខរបរដាំបន្លែសុវត្ថិភាពគ្រប់ប្រភេទតាមបែបកសិអេកូឡូស៊ី និងចិញ្ចឹមសត្វមាន់ ទា ត្រី កង្កែប ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ ការដាំបន្លែសុវត្ថិភាព និងចិញ្ចឹមសត្វចម្រុះតាមបែបកសិអេកូឡូស៊ីនេះ គឺមានភាពងាយស្រួល មានទីផ្សារល្អ កាត់បន្ថយថ្លៃដើមបានយ៉ាងច្រើន ដោយមិនបាច់ប្រើប្រាស់ថ្នាំគីមី និងរកចំណូលបានចន្លោះពី ៧០០ដុល្លារ ទៅ៨០០ដុល្លារ ក្នុង១ខែៗ។ ទន្ទឹមនេះលោកគ្រោងពង្រីកការដាំបន្លែសុវត្ថិភាព និងចិញ្ចឹមសត្វចម្រុះតាមបែបកសិអេកូឡូស៊ីនេះឱ្យបានច្រើនបន្ថែមទៀត ដើម្បីឆ្លើយតបតាមតម្រូវការរបស់អ្នកបញ្ជាទិញ ក៏ដូចជាបង្កើតការងារជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ។

ជាមួយគ្នានេះ លោក ណុច សាន់ ប្រជាកសិកររស់នៅភូមិរំដេង ឃុំមហាពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប​ បានឱ្យដឹងដែរថា បច្ចុប្បន្នលោកដាំបន្លែសុវត្ថិភាព និងចិញ្ចឹមសត្វចម្រុះតាមបែបកសិអេកូឡូស៊ី ដោយមិនបាច់ប្រើប្រាស់ថ្នាំគីមី ដោយចិញ្ចឹមសត្វកង្កែបឱ្យស៊ីសត្វល្អិត ហើយយកទឹកដែលបង្ហូរចេញពីអាងចិញ្ចឹមសត្វកង្កែបទៅស្រោចដំណាំ និងយកលាមកសត្វមាន់ដែលចិញ្ចឹមមកធ្វើជីដាក់បន្លែ និងយកបន្លែចាស់ៗឱ្យសត្វន់ស៊ីវិញ​ ផងដែរ។ វិធីសាស្ត្រនេះគឺមានភាពងាយស្រួល ដោយកាត់បន្ថយថ្លៃដើមបានយ៉ាងច្រើន ហើយអាចរកចំណូលបាន ៥០០ដុល្លារ ទៅ៧០០ដុល្លារ ក្នុង១ខែៗ។

ទាក់ទងនឹងការដាំដំណាំតាមបច្ចេកទេស​ កសិអេកូឡូស៉ី​ លោក ប្លោក ប៉ៃ ជំទប់ទី១​ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប បានឱ្យដឹងថា ក្នុងឃុំបច្ចុប្បន្នមានប្រជាពលរដ្ឋរស់នៅសរុបប្រមាណជាង ១.០០០គ្រួសារ ក្នុងនោះមានប្រហែលជា ៣០០គ្រួសារ​ បានចាប់យកមុខរបរចិញ្ចឹមជីវិត ដោយការចិញ្ចឹមសត្វ និងដាំបន្លែតាមបែបកសិអេកូឡូស៊ី ដែលមានគ្រួសារមួយចំនួនកំពុងទទួលបានជោគជ័យនឹងមុខរបរមួយនេះ។​ មុខរបរចិញ្ចឹមសត្វ និងដាំបន្លែបែបកសិអេកូឡូស៊ី មានអ្នកជំនាញរបស់អង្គការចុះមកបង្រៀនដោយត្រឹមត្រូវ និងច្បាស់លាស់ ក្នុងនោះធ្វើឱ្យគ្រួសារមួយចំនួនមានជីវភាពប្រែប្រួលខ្លាំង​។ លោកថា​ កាលពីមុនផ្ទះសម្បែងរបស់ពួកគាត់ខ្លះជាផ្ទះស្បូវ ជាផ្ទះស្លឹកត្នោត ឬជាផ្ទះស័ង្កសី តែឥឡូវនេះមិនដូចកាលពីមុនទៀតទេ​ ដោយបានប្រែក្លាយជាផ្ទះក្បឿង ផ្ទះហ្វីប្រូស៊ីម៉ង់ត៍មួយចំនួន ដោយសារតែមុខរបរចិញ្ចឹមសត្វ និងដាំបន្លែបែបកសិអេកូឡូស៊ី រួមនឹងមុខរបរបន្ទាប់បន្សំមួយចំនួនទៀត។
លោក ប្លោក ប៉ៃ បានបន្តទៀតថា ដំណាំកសិអេកូឡូស៊ីគឺជាដំណាំស្អាតគ្មានជាតិគីមី មិនបំះពាល់ដល់សុខភាពអ្នកទទួលទាន និអាចលក់បានក្នុងតម្លៃថ្លៃជាងបន្លែ ផ្លែឈើដែលមិនដាំតាមបែបកសិអេកូឡូស៊ី ជាពិសេសគឺមានអ្នកចាំទទួលទិញអស់ៗថែមទៀតនៅពេលកសិករផលិតបាន។

អ្នកស្រីថៃ ស៊ីដា អនុប្រធានសហគមន៍កសិកម្មបន្លែសុវត្ថិភាពកសិអេកូឡូស៊ីនៅឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប បានឱ្យដឹងដែរថា ប្រជាពលរដ្ឋដែលបានចូលជាសមាជិកនៅក្នុងសហគមន៍គឺមានទីផ្សារ និងតម្លៃខ្ពស់ជាងតម្លៃទីផ្សារធម្មតា ពិសេសកាត់បន្ថយថ្លៃដើមក្នុងការដាំដុះផងដែរ។

សូមបញ្ជាក់ថា កសិករក្នុងសហគមន៍កៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប ទទួលបានការគាំទ្រតាំងពីបច្ចេកទេសផលិត រហូតដល់ការប្រមូលផល និងវេចខ្ចប់ ដែលធានាថា មិនប្រើប្រាស់ជីគីមី ឬសារធាតុគីមីនាំទៅដល់ផលប៉ះពាល់សុខភាពរបស់អ្នកបរិភោគនោះឡើយ ពោលគឺ ការដាំដុះត្រូវគោរពនូវគោលការណ៍ដោយប្រើប្រាស់តែជីធម្មជាតិ ឬជីកំប៉ុស្តិ៍ ដើម្បីការលូតលាស់របស់បន្លែតែប៉ុណ្ណោះ។ ចំពោះបន្លែដែលដាំបាន គឺមានសហគមន៍ជាអ្នកប្រមូលទិញពីសមាជិក ដើម្បីចែកចាយទៅកាន់ទីផ្សារដែលមានកិច្ចសន្យាជាមួយ មានដូចជា ផ្សារសហគមន៍ខ្មែរនៅក្រុងសៀមរាប នៅរាជធានីភ្នំពេញ ផ្សារកសិករ និងផ្សារសហគមន៍ផ្សេងៗទៀត។

ទន្ទឹមនឹងទទួលបានជោគជ័យក្នុងការអនុវត្តកសិអេកូឡូស៊ីនេះ កសិករក្នុងសហគមន៍កៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប ក៏អំពាវនាវឱ្យប្រជាពលរដ្ឋងាកមកដាំដំណាំ ឬការចិញ្ចឹមសត្វតាមបែបកសិអេកូឡូស៊ីវិញ ដើម្បីបង្កើនចំណូលគ្រួសារ រួមគ្នាការពារដល់សុខភាពអ្នកទទួលទាន និងការពារបរិស្ថានផង ព្រោះការដាំដំណាំ ឬចិញ្ចឹមសត្វតាមបែបកសិអេកូឡូស៊ី ដោយមិនប្រើជីគីមី ឬថ្នាំពុលគីមីសម្លាប់សត្វល្អិត ដែលធ្វើឱ្យប៉ះពាល់អ្វីឡើយ៕