ឡធ្យូង ចំនួន ៥កន្លែង ត្រូវបានវាយកម្ទេចចោល ខណៈ ២កន្លែងទៀត តម្រូវឱ្យរុះរើដោយខ្លួនឯង ក្នុងប្រតិបត្តិការរបស់ខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះ
ក្រចេះ៖ ខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះ សហការជាមួយនឹងកម្លាំងគណៈបញ្ជាការឯកភាពស្រុកចិត្របុរី ដោយមានការសម្របសម្រួលពីលោក ទៀវ ពណ្ណរាយ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ បានចុះបង្ក្រាប និង វាយកម្ទេចចោលឡធ្យូង ចំនួន ៥ឡ និងធ្វើកិច្ចសន្យាបញ្ឈប់សភាពដោយឱ្យរុះរើខ្លួនឯងចំនួន ២ឡ ថែមទៀត។ ប្រតិបត្តិការនេះធ្វើឡើង នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ។
លោក ទ្រី ម៉េងលាង នាយផ្នែករដ្ឋបាលព្រៃឈើខេត្តក្រចេះបានឲ្យដឹងថា ដោយអនុវត្តតាមការណែនាំពីលោក ទ្រី សុភ័ក្ត្រ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ និងក្រោយពីមន្ត្រីជំនាញសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត បានចុះធ្វើការស្រាវជ្រាវឡធ្យូងអាណាធិបតេយ្យ នៅចំណុចស្រះ ស្ថិតក្នុងភូមិ១០៥ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ឃើញមានចំនួន ៧ឡ ដែលជាប្រភេទឡខ្នាតធំ ។
ខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះ បានស្នើរៀបចំក្រុមការងារចម្រុះមួយ ដើម្បីចុះធ្វើការបង្ក្រាបជាបន្ទាន់ ចាប់ពីថ្ងៃទី២៧-២៨ ខែមេសា ឆ្នាំ២០២៦ ក្រោមការសម្របសម្រួលដឹកនាំផ្ទាល់ពីស្ថាប័នអយ្យការនៃសាលាដំបូងខេត្តក្រចេះ ។
លោក ទ្រី ម៉េងលាង បញ្ជាក់ថា ការចុះបង្ក្រាប និងទប់ស្កាត់ឡធ្យូងអាណាធិបតេយ្យគ្មានច្បាប់អនុញ្ញាត គឺជាវិធានការដ៏មានសារៈសំខាន់ក្នុងការការពារធនធានធម្មជាតិ ហើយប្រតិបត្តិការនេះ មិនមែនធ្វើត្រឹមតែរយៈពេល ២ថ្ងៃនោះទេ។ អាជ្ញាធរ ក៏ដូចជាមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ នឹងបន្តអនុវត្តនីតិវិធី ប្រសិនបើម្ចាស់ទីតាំងឡធ្យូងទាំងនោះ នៅតែបន្តសកម្មភាពដដែលៗ ៕
អត្ថបទ៖ សារី ណែត