ព័ត៌មានអន្តរជាតិ

ក្រោយកើតមានករណីបាញ់ប្រហារសារជាថ្មី លោក ត្រាំ រិះគន់ប្រព័ន្ធសុវត្ថិភាពនៅខាងក្រៅ និងគ្រោងសាងសង់សាលរៀបចំពិធីជប់លៀងថ្មីនៅក្នុងសេតវិមាន

image


សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានថ្កោលទោសចំពោះហេតុការណ៍បាញ់ប្រហារក្នុងកម្មវិធីជំនួបអាហារពេលល្ងាចរបស់អ្នកឆ្លើយឆ្លងព័ត៌មានសេតវិមាន ដោយលោកលើកឡើងថា ករណីនេះកាន់តែបង្ហាញឱ្យឃើញពីភាពចាំបាច់ក្នុងការបង្កើនប្រព័ន្ធសុវត្ថិភាពនៅឯសេតវិមាន ជាពិសេសគម្រោងសាងសង់សាលរៀបចំពិធីជប់លៀងថ្មីនៅក្នុងសេតវិមាន ដែលមានបំពាក់ជម្រកក្រោមដីយ៉ាងរឹងមាំ ដើម្បីធានាសុវត្ថិភាពដល់ថ្នាក់ដឹកនាំពីការប៉ុនប៉ងធ្វើឃាតដែលកើតឡើងដដែលៗ ។

ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃសៅរ៍ នៅសណ្ឋាគារ វ៉ាស៊ីនតោន ហ៊ីលតុន (Washington Hilton) នៅពេលដែលមានខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារនៅក្បែរម៉ាស៊ីនស្កេនសន្តិសុខ នៅម៉ោង ៨:៣៦ យប់។ ទីភ្នាក់ងារការពារសម្ងាត់ បានប្រញាប់ជម្លៀសលោក ត្រាំ, ភរិយា, លោក ជេឌី វែន (JD Vance) និងសមាជិកគណៈរដ្ឋមន្ត្រីចេញដោយសុវត្ថិភាព។ ក្នុងនោះ ភ្នាក់ងារការពារសម្ងាត់ម្នាក់ រងនូវគ្រាប់កាំភ្លើង ប៉ុន្តែសំណាងល្អបានអាវក្រោះការពារជួយសង្គ្រោះជីវិត ។

ជនសង្ស័យក្នុងហេតុការណ៍នេះ មានឈ្មោះថា ខូល ថូម៉ាស អាឡែន (Cole Tomas Allen) អាយុ ៣១ ឆ្នាំ មកពីរដ្ឋកាលីហ្វ័រញ៉ា ត្រូវសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនទៅមន្ទីរពេទ្យដើម្បីពិនិត្យសតិសម្បជញ្ញៈ។ លោក ត្រាំ ជឿថាខ្លួនលោកគឺជាគោលដៅនៃការវាយប្រហារនេះ ព្រោះលោកជាមនុស្សដែលមានឥទ្ធិពលខ្លាំង។ លោកបានប្រៀបធៀបករណីនេះ ទៅនឹងការប៉ុនប៉ងធ្វើឃាតលើរូបលោកកាលពីមុន នៅរដ្ឋ ភែនស៊ីលវានី (Pennsylvania) និងនៅឯទីលានវាយកូនហ្គោលក្នុងរដ្ឋផ្លរីដា (Florida) ។

ក្រោយហេតុការណ៍នេះ រដ្ឋមន្ត្រីការបរទេស លោក ម៉ាកូ រ៉ូប៊ីយ៉ូ (Marco Rubio) បានបង្ហោះរូបភាពលោក ត្រាំ និងសមាជិកគណៈរដ្ឋមន្ត្រី កំពុងមើលវីដេអូសុវត្ថិភាពនៃហេតុការណ៍នោះ នៅក្នុងការិយាល័យ អូវ៉ល (Oval)។ លោក ត្រាំ បញ្ជាក់ថា កម្មវិធីជប់លៀងដែលត្រូវបានលុបចោលនេះ នឹងត្រូវរៀបចំឡើងវិញក្នុងរយៈពេល ៣០ ថ្ងៃទៀត។ លោកក៏បានបន្ថែមទាំងស្ដាយក្រោយថា លោកត្រៀមសុន្ទរកថាវាយប្រហារខ្លាំងៗទៅលើក្រុមអ្នកសារព័ត៌មាន ប៉ុន្តែមិនបាននិយាយដោយសារតែមានការបាញ់ប្រហារនេះកើតឡើង ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY/ UNI | រូបភាព៖ Screenshot from VIORY's video.