កម្លាំងសមត្ថកិច្ចអគ្គស្នងការដ្ឋាននគរបាលជាតិ បង្រ្កាបអគារពាក់ព័ន្ធលបលួចប្រព្រឹត្តិបទល្មើសឆបោកតាមអនឡាញ ស្ថិតក្នុងក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ៖ កម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះត្រួតពិនិត្យឆែកឆេរទីតាំងពាក់ព័ន្ធការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញ នៅចំណុចអគារផ្ទះ ៣ល្វែង កម្ពស់ ៣ជាន់ មាន ២២បន្ទប់ ដោយជាន់លើមានសម្ភារៈវត្ថុតាងប្រព្រឹត្តិបទល្មើសតាមអនឡាញមួយចំនួនដូចជា ទូរស័ព្ទដៃ កុំព្យូទ័រមួយចំនួន(មិនទាន់រាប់) ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រតិបត្តិការនេះ ធ្វើឡើងនៅល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក លន់ សុផាត និងលោកឧត្តមសេនីយ៍ឯក សម វណ្ណវិរៈ អគ្គស្នងការរងនគរបាលជាតិ បានសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សម្របសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
តាមព័ត៌មានបឋម ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញបានរកឃើញជនបរទេសមួយចំនួន ក្នុងនោះ ក៏មានស្រ្តីផងដែរ។
បច្ចុប្បន្នជនបរទេសទាំងអស់នោះ កម្លាំងជំនាញកំពុងធ្វើការសាកសួរ និងបន្តនីតិវីធី។ ដោយឡែកវត្ថុតាង កំពុងដំណើរការរាប់ចំនួន៕