សង្គម

សមាជិករដ្ឋសភា អំពាវនាវដល់កុមារ និងយុវជន ត្រូវខិតខំអភិវឌ្ឍន៍ខ្លួនឱ្យបានខ្លាំង ដើម្បីជួយធ្វើឱ្យកម្ពុជា ជំនះបាននូវបញ្ហា ស្របពេលដែលប្រទេសរងការឈ្លានពានទឹកដី និងបរិបទពិភពលោក មានភាពស្មុគស្មាញ

image


ភ្នំពេញ៖ លោក សុះ មុះសិន សមាជិករដ្ឋសភានៃកម្ពុជា និងជាប្រធានសមាគមគ្រូពេទ្យអ៉ីស្លាមកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសកុមារ និងយុវជន ដែលជាកោសិការបស់សង្គម ត្រូវខិតខំសិក្សារៀនសូត្រ ទាំងចំណេះ និងជំនាញ និងរួមគ្នាជាធ្លុងមួយ ដើម្បីធ្វើឱ្យកម្ពុជា អាចជំនះបាននូវបញ្ហា ខណៈកម្ពុជាខ្លួនឯង កំពុងរងនូវការឈ្លានពានទឹកដី ពីសំណាក់ប្រទេសថៃ ហើយបរិបទពិភពលោក ក៏បាននិងកំពុងមានការប្រែប្រួល និងស្មុគស្មាញ។

លោក សុះ មុះសិន មានប្រសាសន៍អំពាវនាវដូចនេះ ក្នុងឱកាសអញ្ជើញសំណេះសំណាលនិងចែកថវិកាឧបត្ថម្ភប្រចាំត្រីមាសទី៤ ឆ្នាំ២០២៥ ជូនក្មេងកំព្រា មកពីរាជធានី ខេត្ត ជាង២០០នាក់ នៅមជ្ឈមណ្ឌលផ្ទះអេមីរ៉ាត់សម្រាប់ក្មេងកំព្រា ស្ថិតនៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោក សុះ មុះសិន មានប្រសាសន៍បន្តថា ការឈ្លានពានទឹកដី របស់កម្ពុជា ពីសំណាក់ប្រទេសថៃ និងបរិបទពិភពលោក មានការប្រែប្រួល និងស្មុគស្មាញនេះ បានធ្វើឱ្យប៉ះពាល់ដល់សង្គម និងសេដ្ឋកិច្ចកម្ពុជា ដូចនេះប្រជាពលរដ្ឋកម្ពុជា ត្រូវតែចេះសម្របខ្លួន និងរួមគ្នាជំនះនូវបញ្ហា ធ្វើយ៉ាងណាជំរុញឱ្យសេដ្ឋកិច្ចកម្ពុជា បន្តអភិវឌ្ឍន៍ទៅមុខ។

ជាមួយគ្នានោះ លោក សុះ មុះសិន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យរួបរួមជាកម្លាំងសាមគ្គីស្នេហាជាតិ ក្នុងការគាំទ្រលើយន្តការដោះស្រាយ បញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយប្រទេសថៃដោយសន្តិវិធី ព្រមទាំងបន្តអនុវត្តយន្តការ ដែលធ្លាប់ប្រើប្រាស់តាមរយៈការចរចា និងការប្រើប្រាស់យន្តការ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ព្រមទាំងសម្ដែងទឹកចិត្តស្មោះសរ ក្នុងការចូលរួមលើកទឹកចិត្តដល់កងកម្លាំងការពារ នៅសមរភូមិជួរមុខ ជាថវិកា សម្ភារ និងស្បៀងអាហារផ្សេងៗ ឬជាការលើកទឹកចិត្ត តាមមធ្យោបាយផ្សេងៗ ដល់កងទ័ពយើង ដែលកំពុងឈរជើងការពារបូរណភាពទឹកដី៕

អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ លឹម មុនី