សង្គម

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ការបំពេញកាតព្វកិច្ចយោធា នឹងត្រូវធ្វើឡើងស្របតាមតម្រូវការយោធាប្រចាំឆ្នាំ

image


ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា ការបំពេញកាតព្វកិច្ចយោធា នឹងត្រូវធ្វើឡើងស្របតាមតម្រូវការយោធាប្រចាំឆ្នាំ។ ជាមួយគ្នានេះ យុវជនដែលទទួលបានការហ្វឹកហ្វឺនក្នុងការចូលបំពេញកាតព្វកិច្ចយោធា នឹងទទួលបានការបណ្តុះបណ្តាលផ្នែកវិន័យ សីលធម៌ និងការធ្វើការជាក្រុម ដែលជាផលរួមក្នុងសង្គមនៃធនធានមនុស្ស។

ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា នាព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា ក្រោយពីការចូល ហ្វឹកហ្វឺនរយៈពេល ២៤ខែ ប្រទេសយើង នឹងទទួលបានធនធានមនុស្សល្អ ដែលជាធនធានប្រកបដោយវិន័យ, សីលធម៌ និងភាពជាអ្នកដឹកនាំ តាមរយៈការធ្វើការជាក្រុម។
សម្តេចធិបតី បានលើកឡើងបន្ថែមថា ការចូលហ្វឹកហ្វឺន ក៏នឹងត្រូវទទួលបានការធានានៅកន្លែងធ្វើការ ជាពិសេសលើតួនាទីការងារដែលយុវជនកំពុងមាន, មួយវិញទៀត យុវជនដែលចូលហ្វឹកហ្វឺននឹងទទួលបានដូចៗគ្នា ពោលគឺ ការបណ្តុះបណ្តាល, សេវាសុខាភិបាល, ការស្នាក់នៅហូបចុក, របបឯកសណ្ឋាន និងគ្រឿងបំពាក់ និងទទួលបាន ប្រាក់ឧបត្ថម្ភ ប៉ុន្តែមិនទទួលបានប្រាក់បៀវត្សរ៍ទេ។

ក្នុងឱកាសនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ច្បាស់ដល់អាជ្ញាធររាជធានី-ខេត្ត និងកងកម្លាំងពាក់ព័ន្ធ ត្រូវបន្តអនុវត្តឱ្យបានតឹងរ៉ឹង និងមិនត្រូវបន្ធូរដៃក្នុងការទប់ស្កាត់ និងបង្ក្រាបក្មេងទំនើង ដែលកំពុងមានសកម្មភាព ឱ្យបានល្អ ដើម្បីធានាដល់សន្តិសុខ និងសណ្តាប់ធ្នាប់មូលដ្ឋាន។
ជាមួយគ្នានេះដែរ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានណែនាំដល់លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ព្រមទាំងនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ក្នុងការពិនិត្យរៀបចំច្បាប់ ក្នុងការមានចំណាត់ការចំពោះក្មេងទំនើង ដើម្បីផ្សារភ្ជាប់ជាមួយជួរមុខ ដូចជាការចុះទៅធ្វើការបំពេញការងារជួយចាក់បេតុង លេណដ្ឋាន ជួសជុល និងសេវាតម្រូវការផ្សេងៗ៕
អត្ថបទ៖ សុភ័ស្ស