ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើរព្រះរាជសារលិខិតរំលែកទុក្ខជូនដល់គ្រួសារឯកឧត្តម ធ្ធាំ ប៊ុនស្រុន ដែលបានទទួលមរណភាព
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារលិខិតរំលែកទុក្ខជូនដល់គ្រួសាររបស់ឯកឧត្តម ធ្ធាំ ប៊ុនស្រុន អតីតអនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា អាណត្តិទី២ បន្ទាប់ពីទទួលដំណឹងអំពីមរណភាពរបស់លោក។ ក្នុងសារលិខិតនោះ ព្រះអង្គបានសម្តែងព្រះទុក្ខសោកយ៉ាងខ្លាំង និងបានផ្ញើព្រះរាជសាររំលែកទុក្ខដ៏ស្មោះស្ម័គ្រជូនដល់លោកជំទាវ ធ្ធាំ សួស្តី និងសមាជិកគ្រួសារទាំងអស់។
ក្នុងព្រះរាជសារ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលលើកឡើងថា “ខ្ញុំពិតជាមានការសោកស្ដាយយ៉ាងខ្លាំងដែលបានទទួលដំណឹងមរណភាពរបស់ឯកឧត្តម ធ្ធាំ ប៊ុនស្រុន ដែលជាអ្នកការទូតអាជីព អតីតអភិបាលខេត្តព្រះសីហនុ និងអតីតសមាជិកព្រឹទ្ធសភា។ ខ្ញុំ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសាររបស់ឯកឧត្តម។
ឯកឧត្តម ធ្ធាំ ប៊ុនស្រុនបានបម្រើប្រទេសកម្ពុជា និងព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ អស់រយៈពេលជាច្រើនឆ្នាំ ហើយប្រទេសជាតិយើង នឹងចងចាំឯកឧត្តម ដោយការដឹងគុណចំពោះការចូលរួមចំណែកដ៏ថ្លៃថ្លាក្នុងការស្តារប្រទេសជាតិឡើងវិញ។”
សូមបញ្ជាក់ថា ឯកឧត្តម ធ្ធាំ ប៊ុនស្រុន បានទទួលមរណភាព នាថ្ងៃពុធ ទី២៨ ខែមករា ឆ្នាំ២០២៦ នៅទីក្រុងកាន់បេរាប្រទេសអូស្ត្រាលី ក្នុងជន្មាយុ ៨៣ឆ្នាំ។ ពិធីបុណ្យខួបគម្រប់ ១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនចំពោះដួងវិញ្ញាណក្ខ័ន្ធ ឯកឧត្តម ធ្ធាំ ប៊ុនស្រុន នឹងប្រព្រឹត្តទៅ នៅថ្ងៃសៅរ៍ ១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ នាសាលាធម្មសភា វត្តបទុមវតី ខណ្ឌដូនពេញ៕