ព័ត៌មានអន្តរជាតិ

លោកត្រាំ រងការបាញ់ប្រហារជាថ្មី​ អំឡុងកម្មវិធីអាហារពេលល្ងាចរបស់អ្នកឆ្លើយឆ្លងព័ត៌មានសេតវិមាន តែលោកមិនទទួលរងគ្រោះថ្នាក់នោះទេ

image


សហរដ្ឋអាម៉េរិក៖ ព្រឹត្តិការណ៍បាញ់ប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយ បានកើតឡើងក្នុងកម្មវិធីអាហារពេលល្ងាចរបស់អ្នកឆ្លើយឆ្លងព័ត៌មានសេតវិមាន នៅឯសណ្ឋាគារ Washington Hilton បន្ទាប់ពីមានសំឡេងបាញ់កាំភ្លើងផ្ទុះឡើង នៅល្ងាចថ្ងៃសៅរ៍​ (ម៉ោងនៅអាម៉េរិក)។ ភ្លាមៗនោះ ភ្នាក់ងារការពារសម្ងាត់បានជម្លៀសលោកប្រធានាធិបតី ដូណាល់ ត្រាំ ចុះពីលើវេទិកា និងជម្លៀសអនុប្រធានាធិបតី JD Vance ព្រមទាំងសមាជិកគណៈរដ្ឋមន្ត្រីចេញពីកន្លែងកើតហេតុជាបន្ទាន់ ដើម្បីធានាសុវត្ថិភាព។

ក្រោយការជម្លៀសនេះ ប្រភពព័ត៌មានបញ្ជាក់ថា លោក ត្រាំ លោក Vance និងមន្ត្រីជាន់ខ្ពស់ទាំងអស់មិនមានរងរបួស ឬគ្រោះថ្នាក់អ្វីឡើយ។ ភ្នាក់ងារការពារសម្ងាត់អាម៉េរិកបានគ្រប់គ្រងស្ថានការណ៍បានភ្លាមៗ ដោយបានឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់យកទៅសួរនាំ ដើម្បីស៊ើបអង្កេតពីមូលហេតុពិតប្រាកដនៃករណីនេះ។

ទោះបីជាស្ថិតក្នុងស្ថានភាពអាសន្នក៏ដោយ លោក ត្រាំ ដែលបច្ចុប្បន្នស្ថិតនៅទីតាំងមានសុវត្ថិភាព បានបង្ហាញស្មារតីរឹងមាំដោយប្រាប់ទៅមន្ត្រីជំនិតថា លោកចង់ត្រឡប់ទៅកាន់កម្មវិធីជប់លៀងវិញដើម្បីបន្តកម្មវិធី។ មកទល់ពេលនេះ ស្ថានការណ៍ត្រូវបានស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីសំណាក់អាជ្ញាធរពាក់ព័ន្ធ៕

ប្រែសម្រួល៖ ឡេង​ លាងហេង
ប្រភព៖ VIORY/ CNN