បង្ក្រាបទីតាំងឆបោក ក្នុងបុរីជារី សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនជាតិបង់ក្លាដែស ១២នាក់
ភ្នំពេញ៖ កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ក្នុងបុរីជារីផ្ទះលេខ ០៦J ផ្លូវលេខ ០៧ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួនជនជាតិបង់ក្លាដែស ១២នាក់ និងដកហូតកុំព្យូទ័រ All-in-One ចំនួន ២៦គ្រឿង, ម៉ូនីទ័រ ១៣គ្រឿង, ធុង CPU ១១គ្រឿង និងលិខិតឆ្លងដែនចំនួន ១៤ក្បាល។
ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើង កាលពីល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ក្រោមការបញ្ជាពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការចូលរួមពីអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពីលោក ហាង សម្បត្តិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
យោងតាមការស៊ើបអង្កេត និងពិនិត្យកោសល្យវិច័យលើឧបករណ៍អេឡិចត្រូនិច សមត្ថកិច្ចបានរកឃើញថា ក្រុមជនសង្ស័យបានប្រើប្រាស់ទីតាំងខាងលើ ដើម្បីធ្វើសកម្មភាពប្រព្រឹត្តបទល្មើស ឆបោកតាមប្រព័ន្ធអនឡាញ ក្រោមរូបភាពក្លែងបន្លំជាក្រុមហ៊ុនលក់កញ្ចប់ទេសចរណ៍ក្លែងក្លាយ ដែលមានគោលដៅទៅប្រទេសបង់ក្លាដេស និងប្រទេសផ្សេងទៀត៕