សង្គម

ជនជាតិចិន បើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ រួចព្យាយាមបើកគេចខ្លួន តែត្រូវសមត្ថកិច្ច បានសម្រេចប្រើអាវុធ ទើបឃាត់ខ្លួនបាននៅស្រុកចន្ទ្រា

image


ខេត្តស្វាយរៀង៖ បុរសជនជាតិចិនម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍នៅក្នុង ក្រុងបាវិត បណ្តាលឲ្យប្រជាពលរដ្ឋរងរបួសធ្ងន់ធ្ងរ ហើយព្យាយាមបើករត់គេចខ្លួន ដោយមិនទទួលខុសត្រូវ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រហែល ១១និង៤០នាទីព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦។
តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្ត និងម៉ូតូ ខណៈអ្នកបើកបររថយន្ត មិនទាន់ស្គាល់អត្តសញ្ញាណ បានបើករត់គេចចេញពីកន្លែងកើតហេតុភ្លាមៗ។ បន្ទាប់ពីទទួលព័ត៌មាន និងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង កម្លាំងសមត្ថកិច្ចបានចេញអន្តរាគមន៍ភ្លាមៗ ដោយប្រើរថយន្តស៊ីរ៉ែន និងសហការជាមួយកម្លាំងនគរបាលក្រុងបាវិត ដើម្បីតាមចាប់ខ្លួនជនសង្ស័យ។

សមត្ថកិច្ចបានស្ទាក់រថយន្តនៅចំណុចមួយក្នុងក្រុងបាវិត ប៉ុន្តែជនបង្កមិនព្រមឈប់ ហើយថែមទាំងបើកបុករថយន្តស៊ីរ៉ែនរបស់សមត្ថកិច្ច បន្តរត់គេចទៅទិស ស្រុកចន្ទ្រា។ នៅចំណុចមុខសាលាស្រុកចន្ទ្រា សមត្ថកិច្ចបានសម្រេចប្រើអាវុធបាញ់បំបែកកង់រថយន្តជាច្រើនគ្រាប់ បណ្តាលឲ្យរថយន្តមិនអាចបន្តដំណើរបាន ហើយអាចឃាត់ខ្លួនជនបង្កបានជោគជ័យ។
តាមការបញ្ជាក់បន្ថែមពីលោកស្នងការ បានឱ្យដឹងថា ជនបង្កបានបើកបររថយន្តបុកពាសវាលពាសកាល រួមទាំងបុកមន្ត្រីនគរបាល និងរថយន្តស៊ីរ៉ែន បណ្តាលឲ្យខូចខាតយ៉ាងខ្លាំង។ ក្នុងស្ថានភាពការពារខ្លួន សមត្ថកិច្ចបានប្រើអាវុធបាញ់បំបែកកង់ ដើម្បីបញ្ឈប់សកម្មភាពគ្រោះថ្នាក់នេះ។

បច្ចុប្បន្ន ជនសង្ស័យ និងរថយន្ត ត្រូវបានប្រគល់ជូនសមត្ថកិច្ចក្រុងបាវិត ដើម្បីបន្តនីតិវិធីតាមច្បាប់ ខណៈជនរងគ្រោះកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ។
អត្ថបទ៖ មិន ភក្តី