សង្គម

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ចេញអនុសាសន៍ ៨ចំណុច ដើម្បីជំរុញកំណើនវិស័យធានារ៉ាប់រង ទោះវិស័យនេះ នៅតែរក្សាកំណើនវិជ្ជមានជាង ៦% ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយក៏ដោយ

image


សៀមរាប៖ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ទោះបីវិស័យធានារ៉ាប់រងកម្ពុជា រក្សាកំណើនវិជ្ជមានជាង ៦% ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយក៏ដោយ ប៉ុន្តែការចូលរួមនៅតែមានកម្រិតទាបនៅឡើយ។ ទោះយ៉ាងណា ស្ថានភាពនេះក៏បង្ហាញពីសក្តានុពលធំសម្រាប់ការអភិវឌ្ឍនាពេលខាងមុខ ខណៈអាជ្ញាធរបានដាក់ចេញអនុសាសន៍គន្លឹះ ៨ ចំណុច ដើម្បីជំរុញវិស័យនេះឱ្យរីកចម្រើនកាន់តែរឹងមាំ។

ថ្លែងក្នុងពិធីបើក “ទិវាធានារ៉ាប់រងកម្ពុជា ឆ្នាំ២០២៦” នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ នៅខេត្តសៀមរាប លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានលើកឡើងថា វិស័យធានារ៉ាប់រងកម្ពុជា បន្តរីកចម្រើនប្រកបដោយភាពធន់ ទោះបីប្រឈមនឹងវិបត្តិកូវីដ-១៩, ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ, ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក និងការឈ្លានពានរបស់ប្រទេសថៃមកលើប្រទេសកម្ពុជាតាមបន្ទាត់ព្រំដែន ក៏ដោយ។

លោកបានបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ បុព្វលាភធានារ៉ាប់រងសរុបកើនដល់ប្រមាណ ៣៦៧ លានដុល្លារអាម៉េរិក ប៉ុន្តែបើធៀបនឹងទំហំសេដ្ឋកិច្ចជាតិ អត្រាភាគទាននៅតែមានត្រឹម ១,១១% និងដង់ស៊ីតេជាង ២០ដុល្លារប៉ុណ្ណោះក្នុងមនុស្សម្នាក់ ដែលបង្ហាញថា ទីផ្សារនៅតែតូច បើប្រៀបធៀបនឹងបណ្តាប្រទេសក្នុងតំបន់ ប៉ុន្តែបង្ហាញនូវសក្តានុពលធំធេងសម្រាប់ការ អភិវឌ្ឍនាពេលខាងមុខ។

ក្នុងន័យនេះ លោក រស់ សីលវ៉ា បានដាក់ចេញអនុសាសន៍សំខាន់ៗចំនួន ៨ ដើម្បីជំរុញវិស័យនេះ រួមមាន ការអនុវត្តយុទ្ធសាស្ត្រវិស័យហិរញ្ញវត្ថុ និងធានារ៉ាប់រងឆ្នាំ២០២៥-២០៣០, ការពង្រឹងសមត្ថភាពនិយ័តករ តាមស្តង់ដារអន្តរជាតិ, ការលើកកម្ពស់អក្ខរកម្មធានារ៉ាប់រង, ការការពារអតិថិជន និងការដោះស្រាយបណ្ដឹងឱ្យមានប្រសិទ្ធភាព, ការបង្កើនធនធានមនុស្សជំនាញក្នុងវិស័យធានារ៉ាប់រង, ការបង្កើតផលិតផលថ្មីៗ ដូចជា ធានារ៉ាប់រង SME កសិកម្ម និងគ្រោះមហន្តរាយ, ការជំរុញធានារ៉ាប់រងជាកាតព្វកិច្ច និងការប្រើប្រាស់បច្ចេកវិទ្យា InsurTech និង FinTech។
វិស័យធានារ៉ាប់រង គឺជាវិស័យ ហិរញ្ញវត្ថុមិនមែនធនាគារមួយ ដែលបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើត សំណាញ់សុវត្ថិភាពសង្គម, បង្កើតការងារ, បង្កើនប្រាក់ចំណូល, កាត់បន្ថយភាពក្រីក្រ, និង ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាព, បរិយាបន្ន, និងភាពធន់។

ជាមួយគ្នានេះ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា ក៏បានបញ្ជាក់ថា វិស័យនេះកំពុងដើរតួនាទីសំខាន់ក្នុងសេដ្ឋកិច្ចជាតិ ដោយមានគ្រឹះស្ថានចំនួន ១១២ មានទ្រព្យសកម្មសរុបប្រមាណ ១,៣ប៊ីលានដុល្លារអាម៉េរិក និងបង្កើតការងារជាង ១៧.០០០កន្លែង។
លោក ប៊ូ ច័ន្ទភីរូ ក៏បានសង្កត់ធ្ងន់លើបញ្ហាប្រឈមសំខាន់ៗ ដូចជា (១). កង្វះការយល់ដឹងរបស់សាធារណជនអំពីអត្ថប្រយោជន៍នៃការ ធានារ៉ាប់រង (២). កង្វះជំនឿទុកចិត្តរបស់អតិថិជនលើសេវារបស់ក្រុមហ៊ុនធានារ៉ាប់រង (៣). កង្វះការប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈនៅក្នុងទីផ្សារធានារ៉ាប់រង និង (៤). កង្វះ មូលធនមនុស្សសម្រាប់បម្រើក្នុងវិស័យធានារ៉ាប់រង រួមទាំង ជំនាញបច្ចេកវិទ្យាធានារ៉ាប់រង (៥). កង្វះស្មារតីចូលរួមសហការរបស់ស្ថាប័នមានសមត្ថិកិច្ចក្នុងការជំរុញការអនុវត្តការ ធានារ៉ាប់រងជាកាតព្វកិច្ចដែលបានកំណត់ដោយច្បាប់ស្តីពីការធានារ៉ាប់រង។

លោកយល់ឃើញថា ការរៀបចំ “ទិវាធានារ៉ាប់រងកម្ពុជា” គឺជាវេទិកាសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងសាធារណៈ បង្កើនទំនុកចិត្ត និងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងវិស័យនេះ ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ច និងកសាងសំណាញ់សុវត្ថិភាពសង្គមឱ្យកាន់តែរឹងមាំ។

យោងតាមរបាយការណ៍បានឱ្យដឹងថា នៅឆ្នាំ២០២៥ ទីផ្សារធានារ៉ាប់រងកម្ពុជា បានកើនឡើងដល់ប្រមាណ ៣៦៧លានដុល្លារអាម៉េរិកនៃបុព្វលាភធានារ៉ាប់រងដុល និងបានផ្តល់ការធានាជូនប្រជាពលរដ្ឋ ប្រមាណជាង ៣លានបណ្ណសន្យារ៉ាប់រង ជាទឹកប្រាក់ធានាចំនួនជាង ១១៧ប៊ីលានដុល្លារអាម៉េរិក និងបានទូទាត់សំណងជូនអតិថិជន ចំនួនជាង ៦៨លានដុល្លារអាម៉េរិក។
សូមជម្រាបថា ទិវាធានារ៉ាប់រងកម្ពុជា ឆ្នាំ២០២៦ ត្រូវបានរៀបចំរយៈពេល ២ថ្ងៃ នៅខេត្តសៀមរាប ដោយរំពឹងថា នឹងជួយជំរុញការយល់ដឹង និងពង្រីកទីផ្សារធានារ៉ាប់រងកម្ពុជាឱ្យកាន់តែទូលំទូលាយនាពេលខាងមុខជាពិសេសនៅខេត្តសៀមរាប និងតំបន់ជិតខាង៕