សង្គម

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ ៩៩គ្រួសារ ក្នុងស្រុកគាសក្រឡ ខេត្តបាត់ដំបង

image


បាត់ដំបង៖ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគាស់ក្រឡ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ ចំនួន ៩៩គ្រួសារ នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង រួមនឹងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង៦ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រី កងកម្លាំង និងយុវជនស្ម័គ្រចិត្តនៃរដ្ឋបាលស្រុកគាស់ក្រឡ។

អំណោយដែលយកទៅចែកជូននេះ ទទួលបានការឧបត្ថម្ភពីលោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគាស់ក្រឡ និងលោក ប៊ុន ហុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគាស់ក្រឡ បានឧបត្ថម្ភជាថវិកាសម្រាប់ទិញគ្រឿងឧបភោគ បរិភោគ ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៩៩គ្រួសារ ចំណាយសរុបថវិកាចំនួន ១២,១៨១,០០០រៀល។
ក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី ក៏បានសម្តែងនូវការកោតសរសើរចំពោះការយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋពីថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃរដ្ឋបាលស្រុកគាសក្រឡ ដែលបានឆ្លើយតប និងបំពេញការងារប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ដោយមិនប្រកាន់និន្នាការនយោបាយ ឬរើសអើងចំពោះប្រជាពលរដ្ឋណាមួយឡើយ ជាពិសេស លោកទេសរដ្ឋមន្ត្រី ក៏បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលចំពោះស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងស្ថានភាពដ៏លំបាកក្នុងពេលបច្ចុប្បន្ន ដូចជា គ្រោះធម្មជាតិ ផលប៉ះពាល់កើតចេញពីជម្លោះនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ និងមជ្ឈិមបូព៌ា ជាដើម។ សកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្ររបស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ ក្នុងការបន្តបំពេញតួនាទីដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋ និងប្រទេសជាតិ។

លោកទេសរដ្ឋមន្រ្តី បានផ្តាំផ្ញើ និងលើកទឹកចិត្តចំពោះប្រជាពលរដ្ឋក្នុងស្រុកគាស់ក្រឡ ឲ្យមានការចូលរួមកសាងសាមគ្គីភាព និងសហការល្អជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីជាកម្លាំងក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន៕