មន្ត្រីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកទឹកចិត្តដល់វិនិយោគិនវៀតណាម ឱ្យពិចារណាបណ្តាក់ទុនវិនិយោគក្នុងវិស័យកសិកម្មនៅបណ្តាខេត្តភូមិភាគឦសាន
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការវិនិយោគកម្ពុជា ជំរុញលើកទឹកចិត្តដល់វិនិយោគិនវៀតណាមឱ្យពិចារណាបណ្តាក់ទុនវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន ក្នុងវិស័យកសិកម្មតាមរយៈការដាំដុះដំណាំកសិកម្មសំខាន់ៗ ដែលសក្តានុពលសេដ្ឋកិច្ច បូករួមទាំង ផ្កា បន្លែ ផ្លែឈើ និងឈើដាំ និងវិស័យកសិ-ឧស្សាហកម្ម ការកែច្នៃ ផលិតផលគន្លឹះ ដូចជា កៅស៊ូ ដំឡូងមី ផ្លែឈើ និងការកែច្នៃឈើដាំផងដែរ។
នៅក្នុងកិច្ចសន្ទនាធុរកិច្ចកម្ពុជា-វៀតណាម ឆ្នាំ២០២៦ ដែលបានសហការរៀបចំឡើងដោយស្ថានទូតវៀតណាមប្រចាំកម្ពុជា និងសមាគមធុរកិច្ចកម្ពុជា-វៀតណាម លោក ជា វុទ្ធី អគ្គលេខាធិការនៃគណៈកម្មាធិការវិនិយោគក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងអំពីបច្ចុប្បន្នភាពថ្មីៗ និងលក្ខណៈពិសេសនៃបរិយាកាសវិនិយោគរបស់កម្ពុជា ដែលត្រូវបានរៀបចំឡើងដើម្បីផ្តល់នូវទំនុកចិត្ត និងឧត្តមភាពប្រកួតប្រជែងខ្ពស់ដល់វិនិយោគិន។
លោកបានបន្តថា ជាយុទ្ធសាស្រ្តគន្លឹះថ្មី រាជរដ្ឋាភិបាលបានដាក់ចេញនូវ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨”។ កម្មវិធីពិសេសនេះមានគោលបំណងពង្រឹងមូលដ្ឋានសេដ្ឋកិច្ចនៅក្នុងបណ្តាខេត្ត ដែលនៅឆ្ងាយពីមជ្ឈមណ្ឌលកំណើនអភិវឌ្ឍវិស័យគន្លឹះ និងប្រភពកំណើនថ្មីរបស់ជាតិ ដោយផ្អែកលើកត្តាទាយជ្ជទានដែលមានស្រាប់ និងមានវិសាលភាពគ្រប់ដណ្តប់លើខេត្តចំនួន ៤ រួមមាន ខេត្តក្រចេះ, ស្ទឹងត្រែង, រតនគិរី និងមណ្ឌលគិរី។
លោកគូសបញ្ជាក់ថា កម្មវិធីនេះផ្តល់នូវការលើកទឹកចិត្តជាពិសេស ដែលមានវិសាលភាពធំទូលាយ និងលើសពីរបបវិនិយោគទូទៅ រួមមានការអនុគ្រោះពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ និងការដាក់ចេញនូវយន្តការច្រកចេញ-ចូលតែមួយ ដើម្បីដោះស្រាយបញ្ហានៅនឹងកន្លែងជូនវិនិយោគិន ក្នុងការស្នើសុំការចុះបញ្ជីតម្រោង និងលិខិតបទដ្ឋានពាក់ព័ន្ធផ្សេងៗដោយផ្ទាល់ជាមួយក្រុមការងារជំនាញ។
លោកសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ខ្ពស់លើការជំរុញវិនិយោគិនក្នុងស្រុក និងសហគ្រាសធុនតូច និងមធ្យម តាមរយៈការបន្ធូរបន្ថយលក្ខខណ្ឌទំហំទុនវិនិយោគ និងការរៀបចំកម្មវិធីហិរញ្ញប្បទានដែលមានអត្រាការប្រាក់សមរម្យ។ ទន្ទឹមនឹងនេះ ដើម្បីជំរុញការអភិវឌ្ឍធនធានមនុស្ស និងគាំទ្រដល់ជីវភាពកម្មករនិយោជិត រាជរដ្ឋាភិបាលបានសម្រេចផ្តល់ការលើកទឹកចិត្តពិសេស ដោយលើកលែងពន្ធលើប្រាក់បៀវត្សសម្រាប់កម្មករនិយោជិតជាជនជាតិខ្មែរ ដែលមានប្រាក់បៀវត្សប្រចាំខែត្រឹម ២លានរៀលចុះក្រោម និងបម្រើការងារក្នុងគម្រោងដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលមានប្រតិបត្តិការនៅក្នុងខេត្តទាំងបួននៅភូមិភាគឦសាននេះ។
បន្ថែមលើនេះ កម្ពុជាប្រកាន់ខ្ជាប់នូវរបបវិនិយោគបើកចំហ និងសេរី ដោយមិនមានការរើសអើងរវាងវិនិយោគិនក្នុងស្រុក និងបរទេសឡើយ។ វិនិយោគិនបរទេសត្រូវបានអនុញ្ញាតឱ្យមានសិទ្ធិកាន់កាប់ភាគហ៊ុនទាំងស្រុង បូករួមជាមួយនឹងការមិនធ្វើជាតូបនីយកម្ម។ ម្យ៉ាងទៀត រដ្ឋក៏អនុញ្ញាតឱ្យមានការទិញ ឬបង្វិលរូបិយបណ្ណបរទេសទៅក្រៅប្រទេសដោយសេរី ដែលនេះជាកត្តាគន្លឹះក្នុងការសម្របសម្រួលដល់រំហូរហិរញ្ញវត្ថុរបស់ធុរកិច្ចអន្តរជាតិ។
ទន្ទឹមនឹងរបបវិនិយោគដ៏មានភាពអនុគ្រោះ លោកអះអាងថា កម្ពុជាមានទីតាំងយុទ្ធសាស្ត្រស្ថិតនៅចំចំណុចកណ្តាលនៃតំបន់អាស៊ាន និងមានភាពប្រទាក់ក្រឡាយ៉ាងស៊ីជម្រៅទៅក្នុងខ្សែច្រវាក់តម្លៃ តំបន់ តាមរយៈរបៀងសេដ្ឋកិច្ចភាគខាងត្បូងនៃមហាអនុតំបន់មេគង្គ។ រាជរដ្ឋាភិបាលបាន និងកំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការកសាង និងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម និងការដឹកជញ្ជូនពហុមធ្យោបាយ ដើម្បីថ្ពក់ខ្លួនជាមួយបណ្តាញផ្គត់ផ្គង់សកលប្រកបដោយប្រសិទ្ធភាព។
លើសពីនេះ កម្ពុជាបានពង្រីកទីផ្សារនាំចេញរបស់ខ្លួនឱ្យកាន់តែធំទូលាយតាមរយៈប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាច្រើន។ ក្នុងនាមជាភាគីនៃកិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងទ្វេភាគីជាមួយប្រទេសចិន, កូរ៉េ, និងអេមីរ៉ាតអារ៉ាប់រួម កម្ពុជាបានក្លាយជាច្រកទ្វារសេដ្ឋកិច្ចដ៏មានសក្តានុពលមួយនៅក្នុងតំបន់។
លោកអគ្គលេខាធិការបន្ថែមថា ដើម្បីគាំទ្រដល់ការវិនិយោគដែលមានលក្ខណៈជាបណ្តុំ និងបណ្តាញ រាជរដ្ឋាភិបាលបានជំរុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅតាមរបៀងសេដ្ឋកិច្ចសំខាន់ៗ ដោយផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងកញ្ចប់លើកទឹកចិត្តយ៉ាងទាក់ទាញ។ ក្នុងនោះ គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) អាចទទួលបានការលើកលែងពន្ធលើប្រាក់ចំណូលរហូតដល់ ៩ឆ្នាំ, លើកលែងពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមលើការនាំចូលសម្ភារៈ និងបរិក្ខារសាងសង់ បរិក្ខារផលិតកម្ម និងធាតុចូលផលិតកម្ម, ការលើកលែងអាករលើតម្លៃបន្ថែមចំពោះធាតុចូលផលិតកម្មក្នុងស្រុក, និងការកាត់កងចំណាយរហូតដល់ ១៥០% សម្រាប់សកម្មភាពស្រាវជ្រាវនិងនវានុវត្តន៍ និងសកម្មភាពលើកកម្ពស់ដល់សុខុមាលភាពរបស់និយោជិត៕
អត្ថបទ៖ ចេង ឆហួត