វិទ្យាល័យ ហ៊ុន សែន ពញាពន់ ទទួលបានប្រព័ន្ធប្រមូលទឹកភ្លៀងសម្រាប់បរិភោគ ក្រោយទទួលបានជ័យលាភីកម្មវិធីសាលារៀនទឹកភ្លៀង
ភ្នំពេញ៖ បន្ទាប់ពីទទួលបានជ័យលាភីលេខ១ ក្នុងកម្មវីធីប្រកួតប្រជែង «សាលារៀនទឹកភ្លៀង» វិទ្យាល័យ ហ៊ុន សែន ពញាពន់ ស្ថិតនៅភូមិបឹង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានទទួលប្រព័ន្ធប្រមូលទឹកភ្លៀងសម្រាប់បរិភោគ តាមរយៈរាជបណ្ឌិត្យសភាកម្ពុជា ដោយផ្តល់លទ្ធភាពទទួលបានទឹកស្អាត ដែលមានគុណភាពខ្ពស់ រួមចំណែកដោះស្រាយបញ្ហាបរិស្ថាន និងសុខភាព នៅក្នុងសហគមន៍ ព្រមទាំងលើកកម្ពស់ការប្រើប្រាស់ធនធានទឹកប្រកបដោយនិរន្តរភាព។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងក្នុងពិធីប្រគល់ និងទទួលប្រព័ន្ធប្រមូលទឹកភ្លៀងសម្រាប់បរិភោគនេះ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ថា ដើម្បីទទួលបានប្រព័ន្ធប្រមូលទឹកភ្លៀងសម្រាប់បរិភោគនេះ នៅតាមសាលាគោលដៅទាំងអស់ ត្រូវឆ្លងកាត់ការប្រកួតប្រជែងដោយស្មើភាព និងមានតម្លាភាពបំផុត។ លោកថា នៅឆ្នាំ២០២៦ គម្រោងបានរកឃើញសាលារៀនចំនួន ១០ ដើម្បីបំពាក់ប្រព័ន្ធប្រមូលទឹកភ្លៀងសម្រាប់បរិភោគនេះ ខណៈនៅរាជធានីភ្នំពេញមានសាលាចំនួន ៣ ហើយ ដែលទទួលបានប្រព័ន្ធប្រមូលទឹកភ្លៀងសម្រាប់បរិភោគចំណុះ ២ម៉ឺនលីត្រ គឺ វិទ្យាល័យ កំបូល, វិទ្យាល័យ ជា ស៊ីម ចំរើនរដ្ឋ និងវិទ្យាល័យ វិទ្យាល័យ ហ៊ុន សែន ពញាពន់។
លោក យង់ ពៅ បានគូសបញ្ជាក់ថា ការផ្តល់ប្រព័ន្ធប្រមូលទឹកភ្លៀងសម្រាប់បរិភោគ ដើម្បីប្រមូលទឹកភ្លៀងយកមកប្រើប្រាស់វិញ ដើម្បីទទួលបានទឹកស្អាតសម្រាប់សិស្សានុសិស្សបរិភោគ, ការបង្កើតទស្សនវិជ្ជាស្រឡាញ់បរិស្ថាន, កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ជាពិសេសកាត់បន្ថយការចំណាយរបស់សិស្សលើថ្លៃទិញទឹកបរិសុទ្ធផងដែរ។ គម្រោងកសាងសាលារៀនទឹកភ្លៀង គឺទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់សិស្សានុសិស្ស ដែលជាយុវជន ដើម្បីបណ្តុះស្មារតីស្រឡាញ់បរិស្ថាន ស្រឡាញ់អរិយធម៌ខ្មែរតាំងពីសម័យអង្គរ ដែលបុព្វបុរសខ្មែរបានផ្សារភ្ជាប់ជីវិតរស់នៅជាមួយនឹងប្រភពទឹកជានិច្ច។ ចំពោះគម្រោងទាំង ១០ សាលារៀន សម្រាប់ឆ្នាំ២០២៦ បានចុះបញ្ជីក្នុងរបស់អង្គការសុខភាពពិភពលោករួចហើយ។
លោក យង់ ពៅ បានរម្លឹកដល់សិស្សានុសិស្សសូមចូលរួមថែមទាំសមិទ្ធផលប្រព័ន្ធប្រមូលទឹកភ្លៀងនេះ ដើម្បីប្រើប្រាស់ឱ្យបានយូរអង្វែង ជាសេសការទទួលបានប្រព័ន្ធប្រមូលទឹកភ្លៀង ជាការចូលរួមចំណែកមួយកាត់បន្ថយការចំណាយថវិការបស់សាលារៀន សិស្សានុសិស្សលើការចំណាយថ្លៃទឹកស្អាតសម្រាប់បរិភោគជាដើម។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់សាកលវិទ្យាល័យសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ ដើម្បីចូលរួមលើកម្ពស់សុខុមាលភាពសិស្សានុសិស្សកម្ពុជា បានចូលរួមចំណែកពង្រីក និងពង្រឹងចំណងមិត្តភាពកម្ពុជា-កូរ៉េ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។គម្រោងនេះ ក៏ដើម្បីកែតម្រូវនៃការយល់ខុសជាសាធារណៈអំពីទឹកភ្លៀង ដោយផ្តល់ការអប់រំ និងបណ្តុះបណ្តាល បច្ចេកទេសដល់វិស្វករ សាធារណជន និងសិស្សានុសិស្ស និងណែនាំការច្នៃប្រឌិតនូវបច្ចេកទេសល្អៗ និងសាមញ្ញ ដើម្បីកំណើនសេដ្ឋកិច្ច និងសង្គម ក្នុងការបង្កើតប្រព័ន្ធប្រមូលទឹកភ្លៀងសម្រាប់ផឹក ដោយផ្អែកលើសហគមន៍នៅក្នុងប្រទេសកម្ពុជា។ គម្រោងនេះ បានរួមចំណែកដោះស្រាយបញ្ហាខ្វះទឹកស្អាតនៅតាមសាលារៀន ជាពិសេសសាលារៀននៅតាមជនបទជាច្រើន ខ្វះលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់។
សូមបញ្ជាក់ថា តាមរយៈគម្រោងនេះ ភាគីកម្ពុជា និងកូរ៉េខាងត្បូង បានចែករំលែកនូវចំណេះដឹងអំពីអាកាសធាតុជាសកល ជាពិសេសការរួមបញ្ចូលគ្នានូវបទពិសោធន៍ពីប្រទេសកម្ពុជា និងប្រទេសកូរ៉េ ជាមួយនឹងបច្ចេកវិទ្យាទំនើប និងបង្កើតបណ្តាញសាលាទឹកភ្លៀងអន្តរជាតិផងដែរ៕