សង្គម

លោក ឃួង ស្រេង ណែនាំឱ្យមន្ត្រី និងកងកម្លាំងចំណុះរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងបំពេញការងារបន្ថែមទៀត ជាពិសេសការរក្សាសន្តិសុខ

image


ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំឱ្យមន្ត្រី និងកងកម្លាំងចំណុះឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ខណៈដែលថ្នាក់ដឹកនាំ បានកោតសរសើរចំពោះការអនុវត្តការងារកន្លងមកបានល្អប្រសើរ ទាំងការរក្សាសន្តិសុខ បង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ និងការងារអនាម័យបរិស្ថានជាដើម។

ការណែនាំនេះ បានធ្វើឡើងក្នុងអង្គប្រជុំស្តីពីវឌ្ឍនភាព ការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នារសៀលថ្ងៃទី២៤ ខែមេសា នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា “ការកោតសរសើរ ពីថ្នាក់ដឹកនាំ ពិសេសលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺបានបង្ហាញពីការខិតខំប្រឹងប្រែងរបស់មន្ត្រី និងកងកម្លាំងរបស់យើង ដូចប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថា «មន្ត្រីរាជការ ជាអ្នកបំរើរាស្ត្រ»។ យើងពិតជាអនុវត្តការងារបានល្អ។”

អភិបាលរាជធានីភ្នំពេញ បានលើកឡើងបន្ថែមថា ជាក់ស្តែង សម្រាប់ «នគរសង្ក្រាន្តឆ្នាំថ្មី» ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ គ.ស.២០២៦ នៅរាជធានីភ្នំពេញកន្លងមកនេះ ទាំងការរក្សាសន្តិសុខ បង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ និងការងារអនាម័យបរិស្ថាន គឺអនុវត្តបានល្អ ទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំ ហើយចំពោះការអនុវត្តការងារសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក៏ទទួលបានការកោតសរសើរថ្នាក់ដឹកនាំផងដែរ ដូច្នេះត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀត៕