សង្គម

រដ្ឋបាលខេត្តត្បូងឃ្មុំ ជំរុញការប្រមូលទិន្នន័យពលរដ្ឋទេសន្តរប្រវេសន៍ឱ្យបានច្បាស់លាស់ ដើម្បីទប់ស្កាត់អំពើជួញដូរមនុស្ស និងគាំពារកុមារងាយរងគ្រោះ

image


ត្បូងឃ្មុំ៖ លោកស្រី នី ចាន់ធីតា អភិបាលរងខេត្តត្បូងឃ្មុំ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីជំរុញការអនុវត្តការប្រមូលទិន្នន័យពលរដ្ឋទេសន្តរប្រវេសន៍ និងកុមារក្នុងគ្រួសារចំណាកស្រុក ដើម្បីពង្រឹងសុវត្ថិភាពពលរដ្ឋ និងទប់ស្កាត់បទល្មើសជួញដូរមនុស្ស ក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ ។

លោកស្រី នី ចាន់ធីតា បានថ្លែងសង្កត់ធ្ងន់ថា ការគ្រប់គ្រងទិន្នន័យឱ្យបានច្បាស់លាស់ និងទាន់ពេលវេលា គឺជាគន្លឹះដ៏សំខាន់បំផុតសម្រាប់អាជ្ញាធរក្នុងការតាមដាន ការពារ និងផ្តល់សេវាគាំពារសង្គមដល់ពលរដ្ឋ ពិសេសកុមារដែលជាក្រុមងាយរងគ្រោះបំផុតពីការកេងប្រវ័ញ្ច និងអំពើជួញដូរមនុស្ស៕
លោកស្រី អនុប្រធានអចិន្ត្រៃយ៍ បានដាក់ចេញនូវវិធានការណ៍សំខាន់ៗស្របតាមផែនការយុទ្ធសាស្ត្រជាតិ ២០២៤-២០២៨ រួមមាន ពង្រឹងការតាមដាន ត្រួតពិនិត្យ និងកត់ត្រាលំហូរចេញ-ចូលរបស់ពលរដ្ឋទេសន្តរប្រវេសន៍ឱ្យបានហ្មត់ចត់បំផុត។ ត្រូវយកចិត្តទុកដាក់ខ្ពស់លើទិន្នន័យកុមារ និងជនមានពិការភាពក្នុងគ្រួសារចំណាកស្រុក។ រដ្ឋបាលក្រុង-ស្រុកទាំងអស់ ត្រូវចាប់ផ្តើមប្រើប្រាស់តារាងគ្រប់គ្រងទិន្នន័យថ្មី ដល់ គ.ខ.ប.ជ ដើម្បីរាយការណ៍ទៅកាន់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ជាទៀងទាត់ ។

លោកស្រី ក៏បានរំលឹកដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់លើការការពារសុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួនរបស់ពលរដ្ឋផងដែរ។ លោកស្រី អនុប្រធាន ក៏បានគូសបញ្ជាក់ថា ទិន្នន័យទាំងនេះនឹងក្លាយជា "ត្រីវិស័យ" ដ៏សំខាន់សម្រាប់រដ្ឋបាលខេត្ត ក្នុងការរៀបចំផែនការឆ្លើយតប និងសង្គ្រោះជនរងគ្រោះឱ្យបានចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់បំផុត។

លោកស្រី នី ចាន់ធីតា បានអំពាវនាវឱ្យមានកិច្ចសហការជិតស្និទ្ធ ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ តាំងពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសមន្ត្រីនៅមូលដ្ឋានផ្ទាល់ ដើម្បីធានាថា គ្មានពលរដ្ឋទេសន្តរប្រវេសន៍ណាម្នាក់ ត្រូវបានបោះបង់ចោលដោយគ្មានការគ្រប់គ្រង និងការការពារនោះឡើយ ៕

អត្ថបទ៖ សុខ ផន