សង្គម

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមក្នុងព្រះរាជកម្មវិធីបុណ្យចម្រើនព្រះជន្មវស្សាថ្វាយសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ក្នុងព្រះជន្មគម្រប់ ១០២ ព្រះវស្សា

image


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋនាយករដ្ឋមន្ត្រីនៃព្រះរាព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួមក្នុងព្រះរាជកម្មវិធីបុណ្យចម្រើនព្រះជន្មវស្សាថ្វាយ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មគម្រប់ ១០២ ព្រះវស្សា នៅមហាកុដិ វត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី២៤ មេសា ២០២៦។

សូមជម្រាបថា គណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះរាជាគណៈ ព្រះមេគណរាជធានី ខេត្ត ព្រះសង្ឃសិស្សគណ ទាំងបព្វជិត និងគ្រហស្ថ ក្នុងនិងក្រៅប្រទេសបានមូលមតិគ្នាជាឯកច្ឆន្ទប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មវស្សាថ្វាយ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះចៅអធិការវត្តបទុមវតីរាជវរារាម ក្នុងព្រះជន្ម ១០២ ព្រះវស្សា និងដោយសទ្ធាជ្រះថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋនាយករដ្ឋមន្ត្រីនៃព្រះរាព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដើម្បីជាការឆ្លើយតបចំពោះ គុណូបការៈរបស់សម្តេចជាអម្ចាស់ ក្នុងមួយព្រះជន្ម ទ្រង់បានបូជាអស់ពីកម្លាំងព្រះកាយពល ក្នុងបុព្វហេតុជាតិ សាសនា និងព្រះមហាក្សត្រ។

សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ទ្រង់ប្រសូតនៅថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំជូត ឆស័ក ព.ស. ២៤៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩២៤ នៅភូមិត្រពាំងវែង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ៕

អត្ថបទ៖ ហ៊ន សុភ័ក្រ