លោកត្រាំ លើកឡើងថា អ៊ីស្រាអ៊ែល និងលីបង់ ព្រមព្រៀងឈប់បាញ់គ្នា ៣ សប្តាហ៍បន្ថែមទៀត និងចង់រស់នៅជាមួយគ្នាដោយសន្តិភាព
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសពីលទ្ធផលវិជ្ជមាននៃកិច្ចចរចាកម្រិតខ្ពស់នៅឯទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ដោយភាគីអ៊ីស្រាអែល និងលីបង់ បានព្រមព្រៀងគ្នាពន្យារបទឈប់បាញ់ចំនួន ៣ សប្តាហ៍បន្ថែមទៀត។ ការសម្រេចចិត្តនេះ បានធ្វើឡើងដើម្បីទុកពេលឱ្យភាគីទាំងពីររៀបចំកិច្ចចរចាសន្តិភាពឱ្យកាន់តែស៊ីជម្រៅ និងបញ្ឈប់ការបង្ហូរឈាមគ្នាជាបណ្ដោះអាសន្ន ។
នៅក្នុងជំនួបនោះ លោក ត្រាំ សង្កេតឃើញថា ទំនាក់ទំនងរវាងប្រទេសទាំងពីរមិនមែនមានតែភាពជាសត្រូវនោះទេ ប៉ុន្តែតាមពិតទៅពួកគេហាក់មានចំណុចដែលយល់ស្របគ្នា និងចង់រស់នៅដោយសន្តិភាពជាមួយគ្នា។ លោកក៏បានបង្ហើបឱ្យដឹងថា មេដឹកនាំកំពូលនៃប្រទេសទាំងពីរ គឺប្រធានាធិបតីលីបង់ និងនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល គ្រោងនឹងធ្វើដំណើរមកជួបគ្នានៅសហរដ្ឋអាម៉េរិកក្នុងពេលឆាប់ៗខាងមុខ ។
ទោះបីជាមានសញ្ញាវិជ្ជមាន ប៉ុន្តែលោក ត្រាំ ក៏បានទទួលស្គាល់ពីឧបសគ្គធំដែលនៅសេសសល់ គឺវត្តមានរបស់ក្រុមប្រដាប់អាវុធហេសបូឡាហ៍នៅក្នុងប្រទេសលីបង់។ សហរដ្ឋអាម៉េរិក ប្តេជ្ញាថានឹងជួយជ្រោមជ្រែងរដ្ឋាភិបាលលីបង់ ដើម្បីរៀបចំសណ្ដាប់ធ្នាប់ក្នុងប្រទេសឡើងវិញ និងកាត់បន្ថយឥទ្ធិពលក្រុមប្រដាប់អាវុធ ដើម្បីធានាថាបទឈប់បាញ់នេះ អាចក្លាយជាសន្តិភាពយូរអង្វែង ។
យុទ្ធសាស្ត្ររបស់លោក ត្រាំ គឺចង់ដោះស្រាយវិបត្តិរវាងអ៊ីស្រាអ៊ែល និងលីបង់ ឱ្យបានឆាប់រហ័ស និងដំណាលគ្នានឹងការដោះស្រាយជម្លោះដ៏តានតឹងជាមួយអ៊ីរ៉ង់។ លោកជឿជាក់ថា ឥទ្ធិពលរបស់អាម៉េរិក នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា និងនាំមកនូវស្ថិរភាពក្នុងតំបន់តាមរយៈកិច្ចព្រមព្រៀងសន្តិភាពជាប្រវត្តិសាស្ត្រ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ (AP Photo/Mark Schiefelbein)/ (Crypto Briefing/ Estefano Gomez) (AP Photo/Mohammed Zaatari)/ (AFP via Getty Images)/