ព័ត៌មានអន្តរជាតិ

លោកត្រាំ អះអាងថា ការបិទខ្ទប់ផ្លូវទឹកធ្វើឱ្យអ៊ីរ៉ង់បាត់បង់ចំណូលរហូតដល់ ៥០០ លានដុល្លារក្នុងមួយថ្ងៃ

image


សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានការពារជំហររបស់លោកចំពោះការអូសបន្លាយសង្គ្រាមជាមួយអ៊ីរ៉ង់ ដោយលោកអះអាងថា ទោះបីជាពេលវេលាលើសពីការគ្រោងទុកដំបូងក៏ពិតមែន ប៉ុន្តែលទ្ធផលយោធាគឺទទួលបានជោគជ័យយ៉ាងធំធេង។ លោកបញ្ជាក់ថា កងទ័ពអ៊ីរ៉ង់ ត្រូវបានកម្ទេចចោលស្ទើរតែទាំងស្រុងក្នុងរយៈពេលត្រឹមតែប៉ុន្មានសប្តាហ៍ដំបូងប៉ុណ្ណោះ ហើយបច្ចុប្បន្នអាម៉េរិកកំពុងមានប្រៀបលើគ្រប់វិស័យ ។

លោក ត្រាំ សង្កត់ធ្ងន់លើសារៈសំខាន់នៃយុទ្ធសាស្ត្របិទខ្ទប់ផ្លូវទឹកនៅច្រកសមុទ្រហ័រមូស (Hormuz) ដែលជាចំណុចដង្ហើមសេដ្ឋកិច្ចរបស់អ៊ីរ៉ង់។ លោកទម្លាយថា លោកគឺជាអ្នកសម្រេចចិត្តដោយផ្ទាល់ក្នុងការមិនឱ្យបើកច្រកសមុទ្រនេះឡើងវិញ បើទោះបីជាមានការស្នើសុំពីភាគីអ៊ីរ៉ង់ និងការយល់ព្រមពីមន្ត្រីអាម៉េរិកមួយចំនួនក៏ដោយ ព្រោះលោកចង់កាត់ផ្ដាច់ចំណូលប្រចាំថ្ងៃដ៏មហាសាលរបស់អ៊ីរ៉ង់ ដែលទទួលបានចំណូលខ្ទង់ ៥០០ លានដុល្លារក្នុងមួយថ្ងៃ ។

មូលហេតុដែលលោក ត្រាំ មិនទាន់បញ្ចប់សង្គ្រាមនៅពេលនេះ ក៏ដោយសារតែលោកចង់បាន «សន្តិភាពដ៏យូរអង្វែង» ជាជាងការបញ្ចប់ត្រឹមតែជ័យជម្នះយោធាបណ្ដោះអាសន្ន។ លោកជឿថា បើអាម៉េរិកដកថយឥឡូវនេះ អ៊ីរ៉ង់នឹងអាចងើបឡើងវិញបានក្នុងពេល ២០ ឆ្នាំទៀត ដូច្នេះលោកសុខចិត្តចំណាយពេលយូរជាងមុន ដើម្បីធានាថាអ៊ីរ៉ង់គ្មានឱកាសបង្កការគំរាមកំហែងដល់ពិភពលោកជាថ្មីម្ដងទៀតឡើយ ។

លោកប្រធានាធិបតី បានបង្ហាញពីឥទ្ធិពលនៃការកាន់កាប់អំណាចរបស់លោក ដោយបញ្ជាក់ថា ច្រកសមុទ្រដែលបិទជិតនេះនឹងបើកវិញ «លុះត្រាតែអ៊ីរ៉ង់ព្រមចុះកិច្ចព្រមព្រៀងតាមលក្ខខណ្ឌដែលអាម៉េរិកចង់បាន» ដែលនេះគឺជាការប្រើប្រាស់សម្ពាធសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ដើម្បីបង្ខំឱ្យទីក្រុងតេហេរ៉ង់គ្មានជម្រើសអ្វីក្រៅពីការចុះចាញ់ ឬការចរចាដោយស្មោះត្រង់នោះទេ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Fox News on Microsoft Bing/ (REUTERS/Dado Ruvic/Illustration/File Photo)