ចិនអំពាននាវឱ្យមានបទឈប់បាញ់យូរអង្វែងរវាងអាម៉េរិកនិងអ៊ីរ៉ង់ ខណៈការចរចាជុំទី២ នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់
ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក គូ ជៀគុន (Guo Jiakun) បានលើកឡើងកាលពីថ្ងៃពុធថា ទីក្រុងប៉េកាំងគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីសម្រេចឱ្យបាននូវបទឈប់បាញ់យូរអង្វែងនៅមជ្ឈិមបូព៌ា ខណៈដែលការចរចារវាងអាម៉េរិក និងអ៊ីរ៉ង់ នៅតែបន្តស្ថិតក្នុងភាពមិនច្បាស់លាស់ ទោះបីជាមានការបន្តបទឈប់បាញ់ក៏ដោយ ។
លោករៀបរាប់ជាបន្តថា «ស្ថានភាពបច្ចុប្បន្ននៅក្នុងតំបន់ គឺស្ថិតក្នុងដំណាក់កាលដែលថា តើជម្លោះអាចបញ្ចប់ទៅបានដែរឬទេ។ អាទិភាពបន្ទាន់បំផុតនៅពេលនេះ គឺត្រូវការពាររាល់គ្រប់មធ្យោបាយ ដើម្បីកុំឱ្យមានការផ្ទុះការបាញ់គ្នាឡើងវិញ»។ លោកបន្ថែមថា ចិនត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយសហគមន៍អន្តរជាតិ ដោយផ្អែកលើ «សំណើ ៤ ចំណុច» របស់ប្រធានាធិបតី ស៊ី ជិនពីង ក្នុងនាមជាអ្នកកសាងសន្តិភាព ។
ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងពន្យារពេលបទឈប់បាញ់ ដើម្បីទុកពេលឱ្យទីក្រុងតេហ៍រ៉ង់ ដាក់ចេញនូវសំណើរបស់ខ្លួន ប៉ុន្តែលោកនៅតែរក្សាការបិទខ្ទប់ផ្លូវទឹកនៅតាមកំពង់ផែរបស់អ៊ីរ៉ង់ដដែល។ លោក ត្រាំ បានសរសេរលើបណ្ដាញសង្គមថា កងទ័ពអាម៉េរិកនឹងបន្តការបិទខ្ទប់ និងត្រៀមខ្លួនជានិច្ច រហូតដល់ការពិភាក្សាត្រូវបានបញ្ចប់ ទោះតាមរបៀបណាក៏ដោយ ។
ទន្ទឹមនឹងនេះ ភាគីអ៊ីរ៉ង់ហាក់បង្ហាញជំហរប្រុងប្រយ័ត្នខ្ពស់ ដោយអ៊ីរ៉ង់ចាត់ទុកសកម្មភាពបិទខ្ទប់របស់អាម៉េរិកនៅច្រកសមុទ្រ ហ័រមូស (Hormuz) ថាជាសកម្មភាពសង្គ្រាម ហើយប្រកាសថាខ្លួននឹងគោរពបទឈប់បាញ់ លុះត្រាតែវាស្របតាម «ផលប្រយោជន៍ជាតិ» របស់ខ្លួនប៉ុណ្ណោះ ។
គួររំឭកថា គម្រោងនៃការចរចាជុំថ្មីនៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន នៅតែមិនទាន់ច្បាស់លាស់នៅឡើយ ខណៈដែលទីក្រុងវ៉ាស៊ីនតោនបញ្ជាក់ថាខ្លួននឹងចូលរួម ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់បែរជារាយការណ៍ថា ទីក្រុងតេហ៍រ៉ង់ បានបដិសេធមិនចូលរួមទៅវិញ ដោយសារតែសារដ៏ផ្ទុយគ្នា និងឥរិយាបថមិនច្បាស់លាស់របស់ភាគីជម្លោះម្ខាងទៀត ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY / (Mohsen Ganji/AP)