ព័ត៌មានអន្តរជាតិ

ទីក្រុងមូស្គូ បង្ហាញបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងរ៉ូបូតទំនើបៗក្នុងពិព័រណ៍ INATRONICS នៅឥណ្ឌូណេស៊ី

image


ឥណ្ឌូណេស៊ី៖ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗមកពីទីក្រុងមូស្គូ ប្រទេសរុស្ស៊ី បាននាំយកនូវសមិទ្ធផលឌីជីថលចុងក្រោយបង្អស់របស់ខ្លួន មកដាក់បង្ហាញនៅក្នុងពិព័រណ៍ឧស្សាហកម្មដ៏ធំមួយឈ្មោះថា អ៊ីណាត្រូនិក (INATRONICS) ក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃពុធ ដែលនេះបង្ហាញពីយុទ្ធសាស្ត្រពង្រីកឥទ្ធិពលបច្ចេកវិទ្យារបស់រុស្ស៊ី ចូលមកក្នុងតំបន់អាស៊ីអាគ្នេយ៍ ។

ក្នុងចំណោមបច្ចេកវិទ្យាដែលលេចធ្លោជាងគេ គឺប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) សម្រាប់សម្គាល់មុខមាត់ ដែលមានសុវត្ថិភាពខ្ពស់បំផុត។ ចំណុចពិសេសនោះ គឺវាដំណើរការ និងរក្សាទិន្នន័យទាំងអស់នៅក្នុងឧបករណ៍ផ្ទាល់ ដោយមិនបាច់បញ្ជូនទៅលើប្រព័ន្ធអ៊ីនធឺណិតខាងក្រៅ ដែលជួយការពារការលួចទិន្នន័យពីជនខិលខូច។ នេះបើតាមការបញ្ជាក់ពី នាយកប្រតិបត្តិនៃក្រុមហ៊ុន ស្មាតអ៊ែនជីន (Smart Engines) លោក ហ្ស័រហ្គី ស្វ័ររ៉េវ (Sergey Zverev) ។
ចំពោះវិស័យអប់រំ ស្ថាបនិកក្រុមហ៊ុន រ៉ូបបូ (ROBBO) លោក ផាវ៉ែល ហ្វ្រូឡូវ (Pavel Frolov) បានបង្ហាញពីគម្រោងរ៉ូបូតដែលជួយឱ្យសិស្សានុសិស្សអាចរៀនសូត្រពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ គោលដៅសំខាន់គឺចង់ឱ្យប្រទេសនីមួយៗមានសមត្ថភាពបង្កើតបច្ចេកវិទ្យាដោយខ្លួនឯង ដោយមិនបាច់ពឹងផ្អែកទាំងស្រុងលើការនាំចូលពីបរទេស ។

សម្រាប់ផ្នែកឧស្សាហកម្មវិញ ក្រុមហ៊ុន UMMC Space មានការបង្ហាញពីប្រព័ន្ធវៃឆ្លាតដែលអាចគ្រប់គ្រងការងារក្នុងរោងចក្រ និងសណ្ឋាគារបានយ៉ាងងាយស្រួល។ ប្រព័ន្ធនេះអាចតាមដានរាល់សកម្មភាព និងបញ្ហាបច្ចេកទេសនានា រួចផ្ញើសារជម្រាបដំណឹងទៅម្ចាស់អាជីវកម្មតាមទូរស័ព្ទដៃភ្លាមៗ ដែលជួយកាត់បន្ថយការខូចខាតបានទាន់ពេលវេលា។
ក្រៅពីនេះ ក៏មានការដាក់បង្ហាញពីក្រុមហ៊ុន EVA Pro ជុំវិញឧបករណ៍ស្វ័យប្រវត្តិនានាសម្រាប់វិស័យដឹកជញ្ជូន ដូចជាការតាមដានស្ថានភាពកង់រថយន្ត និងប្រព័ន្ធការពារសុវត្ថិភាពតាមការិយាល័យ។ ភាពចម្រុះនៃផលិតផលទាំងនេះ បង្ហាញថាបច្ចេកវិទ្យារុស្ស៊ី កំពុងព្យាយាមចូលទៅបំពេញតម្រូវការស្ទើរគ្រប់វិស័យនៃជីវភាពរស់នៅនាសម័យទំនើប ។

ពិព័រណ៍នេះ បានក្លាយជាវេទិកាដ៏សំខាន់សម្រាប់ក្រុមហ៊ុនរុស្ស៊ី ក្នុងការស្វែងរកដៃគូសហការ និងអតិថិជនថ្មីៗនៅក្នុងទីផ្សារឥណ្ឌូណេស៊ី។ ការចូលរួមយ៉ាងសកម្មនេះ សបញ្ជាក់ឱ្យឃើញថា អាស៊ីអាគ្នេយ៍គឺជាគោលដៅសេដ្ឋកិច្ចដ៏មានសក្តានុពលសម្រាប់បច្ចេកវិទ្យាឧស្សាហកម្មសកល ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖​ Screenshot from VIORY's video.