របាយការណ៍ RT៖ វិបត្តិនៅលីបង់ស្មុគស្មាញខ្លាំង ព្រោះតែមានការបែងចែកអំណាចនយោបាយតាមសាសនា
លីបង់៖ នៅក្នុងរបាយការណ៍មួយរបស់សារព័ត៌មាន RT បានលើកឡើងថា វិបត្តិនៅប្រទេសលីបង់មានភាពស្មុគស្មាញខ្លាំង ដោយសារតែការបែងចែកអំណាចនយោបាយតាមសាសនា (នៅក្នុងប្រទេសលីបង់) ខណៈការចរចាសន្តិភាពជាមួយអ៊ីស្រាអ៊ែលមិនអាចជោគជ័យបានឡើយ ប្រសិនបើគ្មានការព្រមព្រៀងពីគ្រប់បក្សសម្ព័ន្ធ ជាពិសេសក្រុមមូស្លីមស៊ីអ៊ីត ដែលកាន់អំណាចយោធាដ៏រឹងមាំក្នុងដៃ ។
មានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងរវាងថ្នាក់ដឹកនាំរដ្ឋាភិបាល និងក្រុមប្រដាប់អាវុធ ស្របពេលដែលប្រធានាធិបតីចង់ចរចាដោយផ្ទាល់ជាមួយអ៊ីស្រាអ៊ែល ប៉ុន្តែក្រុមសម្ព័ន្ធមិត្តមូស្លីមនិកាយស៊ីអ៊ីត បែរជាចង់បានការចរចាបែបប្រយោល និងបន្តជំហរតឹងរ៉ឹងក្នុងការប្រើប្រាស់កម្លាំងយោធាដើម្បីការពារទឹកដី ។
ទោះបីជារដ្ឋាភិបាលលីបង់ បានប្រកាសហាមឃាត់សកម្មភាពយោធារបស់ក្រុមហេសបូឡាហ៍ កាលពីខែមីនាក៏ដោយ ប៉ុន្តែការសម្រេចចិត្តនេះហាក់គ្មានប្រសិទ្ធភាពឡើយ។ ក្រុមហេសបូឡាហ៍ ចាត់ទុកអាវុធរបស់ខ្លួនថាជាខែលការពារជាតិ ហើយពួកគេមិនសុខចិត្តរំសាយកងទ័ពតាមការចង់បានរបស់អាម៉េរិក ឬអ៊ីស្រាអ៊ែលនោះទេ ។
ប្រជាជនលីបង់ប្រហែលពាក់កណ្តាលប្រទេស មិនគាំទ្រការចរចាសន្តិភាពដែលពួកគេចាត់ទុកថាជា «ការចុះចាញ់» នោះឡើយ។ ពួកគេបារម្ភថា ការដែលយល់ព្រមតាមលក្ខខណ្ឌរបស់អ៊ីស្រាអ៊ែល នឹងធ្វើឱ្យលីបង់បាត់បង់អធិបតេយ្យភាព និងសិទ្ធិក្នុងការតស៊ូប្រដាប់អាវុធប្រឆាំងនឹងការឈ្លានពាន ។
ដូច្នេះហើយ ឱកាសនៃសន្តិភាពរវាងលីបង់ និងអ៊ីស្រាអ៊ែល នៅតែស្ថិតក្នុងភាពស្រពិចស្រពិល និងច្របូកច្របល់បំផុត។ ដរាបណាទំនាស់ផ្ទៃក្នុងរវាងបក្សពួកនិយម និងការជ្រៀតជ្រែកពីបរទេសនៅតែបន្ត នោះបទឈប់បាញ់ទាំងឡាយ គ្រាន់តែជាការផ្អាកបណ្ដោះអាសន្ន មុននឹងការផ្ទុះអាវុធជុំថ្មីកើតឡើងតែប៉ុណ្ណោះ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ RT | រូបភាព៖ Screenshot from RT’s video.