អ្នកឧកញ៉ា គិត ម៉េង លើកទឹកចិត្តដល់ពាណិជ្ជករវៀតណាមទាំងអស់ ឱ្យផ្តោតលើការពង្រីកវិនិយោគ ក្នុងវិស័យដែលមានសក្តានុពលខ្ពស់ចំនួន៤ នៅកម្ពុជា
ភ្នំពេញ៖ គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានលើកទឹកចិត្តដល់ពាណិជ្ជករវៀតណាមទាំងអស់ ឱ្យផ្តោតលើការពង្រីកវិនិយោគ និងអភិវឌ្ឍអាជីវកម្មនៅកម្ពុជា តាមរយៈវិស័យសក្តានុពលខ្ពស់ចំនួន៤ ដែលនឹងកំណត់ទិសដៅកំណើនសេដ្ឋកិច្ចក្នុងទសវត្សរ៍ខាងមុខ។
ការលើកឡើងនេះធ្វើឡើងក្នុងកិច្ចសន្ទនាធុរកិច្ចវៀតណាម-កម្ពុជា ឆ្នាំ២០២៦ នារសៀលថ្ងៃទី២២ ខែមេសា នៅស្ថានទូតវៀតណាមប្រចាំកម្ពុជា។ កិច្ចសន្ទនានេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ង្វៀន មិញ វូ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា, ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការនៃគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម ហូ ស៊ីវយ៉ុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកសេវាពាណិជ្ជ នៃក្រសួងពាណិជ្ជកម្ម, ឧកញ៉ា ឡេង ឬទ្ធី ប្រធានសមាគមធុរកិច្ចវៀតណាម-កម្ពុជា, សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា និងធុរជននៃប្រទេសទាំងពីរជាច្រើន។
ថ្លែងក្នុងឳកាសនេះ អ្នកឧកញ៉ា គិត ម៉េង បានបង្ហាញពីទំនុកចិត្តលើសក្តានុពលសេដ្ឋកិច្ចកម្ពុជា ទោះបីប្រឈមនឹងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកលក៏ដោយ ខណៈភាពធន់នេះត្រូវបានគាំទ្រដោយបរិយាកាសបទបញ្ញត្តិដែលអំណោយផលដល់ធុរកិច្ច កម្លាំងពលកម្មវ័យក្មេងប្រកបដោយថាមពល និងទីតាំងយុទ្ធសាស្ត្រនៅចំកណ្តាលអាស៊ាន។
អ្នកឧកញ៉ា ប្រធានបានលើកឡើងថា កម្ពុជា កំពុងបន្តរក្សាបាននូវអត្រាកំណើនដ៏រឹងមាំ និងកំពុងធ្វើដំណើរឆ្ពោះទៅរកគោលដៅក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដោយចង់ឃើញ វៀតណាមក្លាយជាដៃគូចម្បងក្នុងដំណើរនេះ។
ក្នុងន័យនេះ អ្នកឧកញ៉ា គិត ម៉េង ក៏បានលើកទឹកចិត្តដល់ពាណិជ្ជករវៀតណាមទាំងអស់ ឱ្យផ្តោតលើការពង្រីកវិនិយោគនៅកម្ពុជា តាមរយៈវិស័យសក្តានុពលខ្ពស់ចំនួន៤ ដែលរួមមាន ការផ្លាស់ប្តូរឌីជីថល ថាមពលកកើតឡើងវិញ ការកែច្នៃកសិផលកម្រិតខ្ពស់ និងវិស័យសេវាកម្ម។ អ្នកឧកញ៉ា បានបញ្ជាក់ថា វិស័យទាំងនេះមិនត្រឹមតែមានឱកាសកំណើនខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាចំណុចស្នូលសម្រាប់ជំរុញសេដ្ឋកិច្ចកម្ពុជាក្នុងអនាគតផងដែរ។
អ្នកឧកញ៉ា បានសង្កត់ធ្ងន់ថា ការចូលរួមរបស់វៀតណាមនៅក្នុងវិស័យទាំងនេះ នឹងជួយពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី និងបង្កើនភាពប្រកួតប្រជែងរបស់តំបន់ទាំងមូល។
ជាមួយគ្នានេះ អ្នកឧកញ៉ា គិត ម៉េង បានផ្ញើសារទៅកាន់វិនិយោគិនវៀតណាមដោយផ្ទាល់ថា៖ «ទ្វាររបស់កម្ពុជាមិនត្រឹមតែបើកចំហរនោះទេ ប៉ុន្តែយើងបើកចំហរទទួលអ្នក ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះភាពជោគជ័យ និងប្រាក់ចំណេញរបស់អ្នក។ នៅពេលដែលអ្នកវិនិយោគនៅកម្ពុជា អ្នកមិនត្រឹមតែចូលមកកាន់ទីផ្សារដែលមានប្រជាជន ១៧លាននាក់ប៉ុណ្ណោះទេ ប៉ុន្តែអ្នកកំពុងប្រើប្រាស់ច្រកទ្វារទៅកាន់សេដ្ឋកិច្ចសកល តាមរយៈបណ្តាញនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ទូលំទូលាយរបស់យើង»។
អ្នកឧកញ៉ា បានមានប្រសាសន៍ទៀតថា៖ «ការផ្សារភ្ជាប់ជាយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរ គឺជាធនធានដ៏មានតម្លៃបំផុត ក្នុងស្ថានភាព ពិភពលោកដែលស្មានមិនត្រូវ។ យើងរួមគ្នាធ្វើការដើម្បីធានាថា ភាពជាដៃគូរបស់យើងនឹងស្ថិតស្ថេរដូចមិត្តភាពរបស់យើង និងរីកចម្រើនដូចចក្ខុវិស័យរួមរបស់យើង»។
បន្ថែមលើនេះ អ្នកឧកញ៉ាប្រធាន ក៏បានលើកសំណូមពរដល់ រដ្ឋាភិបាលប្រទេសទាំងពីរ ជួយបើកច្រកព្រំដែនទាំងអស់ទៅជាច្រកព្រំដែនអន្តរជាតិ ដើម្បីសម្រួលដល់ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការឆ្លងកាត់របស់ប្រជាជន និងសំណូមពរសម្រួលនីតិវិធីឆ្លងកាត់ព្រំដែន ដើម្បីកំណើនសេដ្ឋកិច្ច។
សូមជម្រាបថា កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ស្ថានទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា បានសហការជាមួយសមាគមធុរកិច្ចកម្ពុជា-វៀតណាម រៀបចំ «កិច្ចសន្ទនាធុរកិច្ចកម្ពុជា-វៀតណាម ឆ្នាំ២០២៦» ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, និងវិនិយោគឱ្យកាន់តែស៊ីជម្រៅ នៃប្រទេសវៀតណាម និងកម្ពុជា៕
អត្ថបទ៖ ចេង ឆហួត រូបភាព៖ លឹម មុនី និង អ៊ុន ផាន់ណាត