ព័ត៌មានអន្តរជាតិ

វិស័យគ្រឿងបង្គុំអេឡិចត្រូនិករបស់ម៉ាឡេស៊ី កំពុងបង្ហាញភាពរឹងមាំ ទោះពិភពលោកកំពុងជួបបញ្ហាក៏ដោយ

image


ម៉ាឡេស៊ី៖ វិស័យគ្រឿងបង្គុំអេឡិចត្រូនិកសឺមីកុងឌុចទ័រ (semiconductor) របស់ប្រទេសម៉ាឡេស៊ី កំពុងបង្ហាញពីភាពរឹងមាំ ទោះបីជាពិភពលោកកំពុងជួបបញ្ហា និងសម្ពាធនយោបាយអន្តរជាតិក៏ដោយ។ ភាពជោគជ័យនេះ កើតចេញពីប្រព័ន្ធការងារដ៏រឹងមាំ ដែលបានជួយឱ្យវិស័យនេះទប់ទល់នឹងភាពតានតឹងផ្នែកនយោបាយ និងភាពរអាក់រអួលនៃខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងរយៈពេលខ្លី ។


ម៉ាឡេស៊ី គឺជាមជ្ឈមណ្ឌលសកលដ៏សំខាន់សម្រាប់ការដំឡើង ក៏ដូចជាការធ្វើតេស្ត និងការវេចខ្ចប់គ្រឿងបង្គុំអេឡិចត្រូនិក។ ក្រុមមេដឹកនាំឧស្សាហកម្ម និយាយថា វិស័យនេះមិនសូវរងផលប៉ះពាល់ខ្លាំងពីជម្លោះនៅមជ្ឈិមបូព៌ានោះទេ បើទោះបីជាមានការបារម្ភខ្លះៗអំពីកង្វះខាតវត្ថុធាតុដើមសំខាន់ៗ ដូចជាឧស្ម័នអេលីយ៉ូម (Helium) ក៏ដោយ ។


ការដែលមិនសូវពឹងផ្អែកខ្លាំងលើឧស្ម័នអេលីយ៉ូម បានជួយកាត់បន្ថយហានិភ័យភ្លាមៗ។ ប៉ុន្តែអ្នកឯកទេស ព្រមានថា បើការរំខានអូសបន្លាយយូរ ជាពិសេសនៅតាមផ្លូវដឹកជញ្ជូនសំខាន់ៗ ដូចជា ច្រកសមុទ្រ ហ័រមូស (Hormuz) វានៅតែអាចបង្កជាបញ្ហា ។


លោក វុង សៀវហៃ (Wong Siew Hai) ប្រធានសមាគមឧស្សាហកម្មសឺមីកុងឌុចទ័រម៉ាឡេស៊ី បាននិយាយថា ការដំឡើង និងការវេចខ្ចប់ មិនសូវប្រើឧស្ម័នអេលីយ៉ូមច្រើនទេ គឺគេប្រើឧស្ម័នអាសូតច្រើនជាង ដូច្នេះផលប៉ះពាល់មានតិចតួចណាស់។ ប៉ុន្តែរោងចក្រផលិតបន្ទះឈីប ត្រូវការអេលីយ៉ូមខ្លាំង ដូច្នេះរោងចក្រធំៗទាំង ៥ របស់ម៉ាឡេស៊ី ត្រូវតែគ្រប់គ្រង និងស្វែងរកប្រភពផ្គត់ផ្គង់ឱ្យបានច្បាស់លាស់ ។


ប្រសិនបើច្រកសមុទ្រ ហ័រមូស (Hormuz) នៅតែបន្តបិទខ្ទប់ ក្រុមហ៊ុននានានឹងត្រូវប្រឈមមុខនឹងតម្លៃដឹកជញ្ជូនខ្ពស់ កង្វះខាតទំនិញ និងតម្រូវការស្វែងរកផ្លូវដឹកជញ្ជូនថ្មី។ លោកបន្ថែមថា បញ្ហាគឺថា តើយើងអាចរកប្រភពផ្គត់ផ្គង់បានលឿនប៉ុណ្ណា ហើយត្រូវប្រើប្រាស់វាឱ្យមានប្រសិទ្ធភាពដោយរបៀបណា?


បើទោះបីជាបច្ចុប្បន្នពិភពលោកកំពុងមានសង្គ្រាម តម្លៃប្រេងឡើងថ្លៃ ឬមានបញ្ហាដឹកជញ្ជូនទំនិញក៏ដោយ ក៏វិស័យគ្រឿងបង្គុំអេឡិចត្រូនិករបស់ម៉ាឡេស៊ី មិនងាយដួលរលំ ឬរងគ្រោះថ្នាក់ខ្លាំង នោះទេ ព្រោះតែភាពរឹងមាំរបស់ម៉ាឡេស៊ីលើវិស័យនេះ បានដំណើរការជាង ៥០ ឆ្នាំមកហើយ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុននានានៅតែជួបបញ្ហាប្រឈមពីខាងក្រៅ ដូចជាជម្លោះជាមួយអ៊ីរ៉ង់ តម្លៃប្រេងឡើងថ្លៃ និងការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ដោយសារតែនយោបាយ ។


ដើម្បីរក្សាភាពប្រកួតប្រជែង ម៉ាឡេស៊ីត្រូវបង្កើនផលិតភាព និងត្រៀមពង្រីកខ្លួនទៅកាន់ផ្នែកដែលមានតម្លៃខ្ពស់ជាងមុន ដូចជាការរចនាបន្ទះសៀគ្វីជាដើម។ ប្រទេសនេះ មានគោលដៅបណ្ដុះបណ្ដាលវិស្វករចំនួន ៦ម៉ឺននាក់ និងទាក់ទាញការវិនិយោគឱ្យបាន ១២៥ ពាន់លានដុល្លារ ។


ទន្ទឹមនឹងនោះ អនុរដ្ឋមន្ត្រីក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្ម លោក ស៊ីម ស៊ី ស៊ីន (Sim Tze Tzin) និយាយថា តម្រូវការសឺមីកុងឌុចទ័រនៅតែខ្លាំង។ លោកបន្តថា ម៉ាឡេស៊ី និងតំបន់អាស៊ីអាគ្នេយ៍ នឹងទទួលបានអត្ថប្រយោជន៍ ខណៈដែលក្រុមហ៊ុននានា ចាប់ផ្ដើមបង្វែរច្រវាក់ផ្គត់ផ្គង់ចេញពីតំបន់ដែលមានជម្លោះ ។


ដោយឡែក ជំហរអព្យាក្រឹតរបស់ម៉ាឡេស៊ី ក្នុងជម្លោះរវាងអាម៉េរិក និងចិន កំពុងទាក់ទាញចិត្តអ្នកវិនិយោគកាន់តែខ្លាំង។ លោក ស៊ីម (Sim) សង្កត់ធ្ងន់ថា ក្នុងកំឡុងដែលពិភពលោកកំពុងជួបវិបត្តិជាច្រើន ម៉ាឡេស៊ីបានក្លាយជាគោលដៅវិនិយោគដ៏មានសុវត្ថិភាព និងជាចំណុចភ្លឺស្វាងតែមួយគត់សម្រាប់អ្នកជំនួញ ៕


ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ CNA | រូបភាព៖ (Reuters/Lim Huey Teng)/ AFP/ istockphoto on Microsoft Bing