សង្គម

រដ្ឋលេខាធិការប្រចាំការក្រសួងកិច្ចការនារី ណែនាំដល់នាយកដ្ឋានសវនកម្មផ្ទៃក្នុង ត្រូវបន្តពង្រីកសមត្ថភាពរបស់ខ្លួនជាប្រចាំ ដែលវានឹងជួយបន្ថែមក្នុងការវិភាគបញ្ហា និងធ្វើសេចក្តីសន្និដ្ឋាន បានកាន់តែត្រឹមត្រូវ

image


ភ្នំពេញ៖ លោកស្រី គឹម ស៊ីផាត់ រដ្ឋលេខាធិការប្រចាំការ ក្រសួងកិច្ចការនារី នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ បានណែនាំដល់នាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងកិច្ចការនារី ត្រូវបន្តពង្រឹង និងពង្រីកសមត្ថភាពរបស់ខ្លួនជាប្រចាំ ក្នុងនោះ រួមមាន ជំនាញសវនកម្ម និង ចំណេះដឹងទូទៅ គួបផ្សំនឹងចំណេះដឹងផ្នែកភាសាបរទេស និង បច្ចេកវិទ្យាព័ត៌មានផងដែរ ជាពិសេស ចំណេះ និងជំនាញទាំងឡាយដែលពាក់ព័ន្ធនឹងមុខងារ និងតួនាទីរបស់ខ្លួន ពីព្រោះសវនករត្រូវធ្វើសវនកម្មលើការបំពេញមុខងារ និងតួនាទីទាំងនោះនៅពេលណាមួយ ខណៈដែលចំណេះដឹងទូទៅទូលំទូលាយ នឹងជួយបន្ថែមដល់សវនករក្នុងការវិភាគបញ្ហា និងការធ្វើសេចក្តីសន្និដ្ឋាន ឱ្យកាន់តែត្រឹមត្រូវ និងកាន់តែគ្រប់ជ្រុងជ្រោយ។

មានប្រសាសន៍ ក្នុងសិក្ខាសាលា ស្តីពី “ការឆ្លុះបញ្ចាំងលទ្ធផលនៃការចុះធ្វើសវនកម្មផ្ទៃក្នុង”, លោកស្រី គឹម ស៊ីផាត់ ក៏បានណែនាំដល់នាយកដ្ឋានសវនកម្មផ្ទៃក្នុង ត្រូវបន្តអនុវត្តការងារចុះធ្វើសវនកម្មផ្ទៃក្នុងតាមអង្គភាព/មន្ទីរ ដើម្បីផ្តល់ការគាំទ្រដល់ការអនុវត្តន៍ការត្រួតពិនិត្យផ្ទៃក្នុង និងប្រតិបត្តិការហិរញ្ញវត្ថុ ក្នុងគោលបំណងកាត់បន្ថយហានិភ័យ ដែលអាចកើតឡើងជាយថាហេតុ និងផ្តល់តម្លៃបន្ថែមដល់អង្គភាពដែលរងសវនកម្ម។

លោកស្រីរដ្ឋលេខាធិការប្រចាំការ មានប្រសាសន៍ថា ដើម្បីអនុវត្តការងារសវនកម្មផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងស័ក្តិសិទ្ធភាព យើងចាំបាច់ទាមទារការសហការល្អរវាងតួអង្គសំខាន់ចំនួន២ គឺ៖ សវនដ្ឋាន (អង្គភាពរងសវនកម្ម) និង សវនករ។ តួអង្គទាំងពីរ មានទំនាក់ទំនងស្អិតល្មួតទៅវិញទៅមក ហើយការអនុវត្តបានត្រឹមត្រូវនូវមុខងារ និងតួនាទីរបស់តួអង្គនីមួយៗមានសារៈសំខាន់ ក្នុងការទាញយកអត្ថប្រយោជន៍ជាអតិបរមា ពីមុខងារ សវនកម្មផ្ទៃក្នុង។

លោកស្រី គឹម ស៊ីផាត់ បានចាត់ទុកសិក្ខាសលានេះ ជាការបោះជំហានដ៏ត្រឹមត្រូវថ្មីមួយរបស់ក្រសួងកិច្ចការនារី ក្នុងកិច្ចខិតខំប្រឹងប្រែងពង្រឹងមុខងារសវនកម្មផ្ទៃក្នុង ដើម្បីរួមចំណែកគាំទ្រដល់យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលផ្តល់អាទិភាពលើការងារពង្រឹងអភិបាលកិច្ច ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមត្ថភាពនៃក្រសួង-ស្ថាប័ន តាមរយៈការបន្តអនុវត្តអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វៈកាត់។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្ដីទី បានរៀបចំផ្តួចផ្តើមដាក់ឱ្យអនុវត្ត នូវ “កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ” ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងគ្របដណ្តប់លើគ្រប់ទិដ្ឋភាពនៃប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរបស់ជាតិ។

កម្មវិធីនេះ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី៥ ខែ ធ្នូ ឆ្នាំ ២០០៤ ដោយចក្ខុវិស័យនៃកម្មវិធីកែទម្រង់នេះ គឺ៖ ប្រែក្លាយប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ពីប្រព័ន្ធដែលផ្តោតលើធាតុចូល និង មានលក្ខណៈមជ្ឃការ ទៅជាប្រព័ន្ធផ្តោតលើលទ្ធផល ឬសមិទ្ធកម្ម និង មានលក្ខណៈវិមជ្ឃការស្របតាមស្តង់ដា និងឧត្តមានុវត្តន៍អន្តរជាតិ៕
អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ លឹម មុនី