សង្គម

សមាគមសិល្បករកម្ពុជា ប្រគល់រង្វាន់ដល់ម្ចាស់ជ័យលាភីប្រកួតវីដេអូខ្លី «លេងសង្ក្រាន្ត មកលេងស្រុកខ្ញុំ» ក្នុងបរិយាកាសមោទនភាព និងស្និទ្ធស្នាល

image


ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែមេសា ២០២៦ សមាគមសិល្បករកម្ពុជា បានរៀបចំពិធីប្រគល់រង្វាន់លើកទឹកចិត្តជាផ្លូវការ ជូនដល់ម្ចាស់ជ័យលាភីចំនួន ៥ រូប ដែលបានឈ្នះក្នុងយុទ្ធនាការប្រកួតប្រជែងវីដេអូខ្លីក្រោមប្រធានបទ «លេងសង្ក្រាន្ត មកលេងស្រុកខ្ញុំ»។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់តម្លៃវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងជំរុញឱ្យយុវជនចូលរួមផលិតវីដេអូផ្សព្វផ្សាយពីសក្តានុពល និងភាពស្រស់ស្អាតនៃតំបន់ទេសចរណ៍តាមភូមិស្រុករបស់ពួកគេដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិតាមបណ្តាខេត្តនានា។

ឧកញ៉ា គិត លីច័ន្ទផាន់ណា អនុប្រធានសមាគមសិល្បករខ្មែរ និងជាតំណាងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានមានប្រសាសន៍ក្នុងពិធីនោះថា ការរៀបចំកម្មវិធីនេះ គឺជាផ្នែកមួយនៃបេសកកម្មរបស់សមាគម ក្នុងកិច្ចការងារលើកស្ទួយតម្លៃសិល្បៈ និងវប្បធម៌ខ្មែរ ព្រមទាំងលើកកម្ពស់វិស័យទេសចរណ៍។ លោកបានបញ្ជាក់ថា៖ «យើងចង់ឃើញយុវជនខ្មែរប្រើប្រាស់បណ្ដាញសង្គមជាឧបករណ៍ដ៏មានឥទ្ធិពល ដើម្បីបង្ហាញពិភពលោកឱ្យស្គាល់ពីភាពស្រស់ស្អាតនៃសង្ក្រាន្តនៅតាមភូមិស្រុករបស់ខ្លួន។ វីដេអូនីមួយៗមិនត្រឹមតែជាការកម្សាន្តនោះទេ ប៉ុន្តែវាគឺជាសក្ខីភាពនៃសេចក្ដីស្រឡាញ់ និងមោទនភាពដែលយុវជនមានចំពោះអត្តសញ្ញាណជាតិ»។

ជាការកត់សម្គាល់ កម្មវិធីប្រកួតប្រជែងនេះទទួលបានការចូលរួមយ៉ាងផុសផុលពីសំណាក់អ្នកបង្កើតមាតិកាបណ្ដាញសង្គម (Content Creators) និងអ្នកលេងបណ្តាញសង្គមជាច្រើនរូប ដែលបានផ្ញើស្នាដៃចូលរួមប្រកួតយ៉ាងកុះករ។ ក្នុងចំណោមស្នាដៃយ៉ាងច្រើននោះ គណៈកម្មការជំនាញបានសម្រិតសម្រាំងជ្រើសរើសយកតែវីដេអូជ័យលាភីចំនួន ៥ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ឆ្លើយតបនឹងលក្ខន្តិកៈរបស់កម្មវិធី។

ក្រៅពីមតិរបស់សមាគម ម្ចាស់ជ័យលាភីដែលបានចូលរួមក្នុងពិធីនេះ ក៏បានបញ្ចេញនូវចំណាប់អារម្មណ៍ផ្ទាល់ខ្លួនប្រកបដោយក្តីរំភើបផងដែរ។ តំណាងម្ចាស់ជយលាភីម្នាក់បានលើកឡើងថា៖ «ខ្ញុំពិតជាមានសេចក្តីត្រេកអរជាខ្លាំង ដែលសមាគមសិល្បករបានបង្កើតកម្មវិធីនេះឡើង។ ការប្រកួតនេះមិនមែនត្រឹមតែដើម្បីរង្វាន់នោះទេ ប៉ុន្តែវាជាកម្លាំងចិត្តដែលធ្វើឱ្យយើងកាន់តែចង់ស្វែងយល់ និងថតបង្ហាញពីទំនៀមទម្លាប់ប្លែកៗតាមតំបន់ដែលមនុស្សជាច្រើនមិនទាន់បានដឹង។ វាជារឿងមោទនភាពណាស់ ដែលស្នាដៃតូចមួយរបស់យើង បានក្លាយជាផ្នែកមួយនៃការជួយផ្សព្វផ្សាយវប្បធម៌ជាតិ និងទេសចរណ៍»។

បេក្ខជនក៏បានបន្ថែមថា ការប្រកួតនេះបានជួយឱ្យរូបគេអភិវឌ្ឍសមត្ថភាពផ្នែកផលិតវីដេអូកាន់តែប្រសើរ និងបានរៀនសូត្រពីរបៀបបញ្ជ្រាបចំណេះដឹងវប្បធម៌ទៅក្នុងមាតិកាកម្សាន្ត ដើម្បីឱ្យទស្សនិកជនងាយស្រួលទទួលយក និងចាប់អារម្មណ៍។
ក្នុងនាមជាអ្នកស្រឡាញ់ការបង្កើតមាតិកាសង្គមបេក្ខជនទាំងអស់បានលើកឡើងនូវការសំណូមពរស្រដៀងគ្នា ស្នើឱ្យសមាគមបន្តរៀបចំកម្មវិធីប្រកួតប្រជែងបែបនេះឱ្យបានកាន់តែច្រើន ដើម្បីផ្ដល់វេទិកាដល់យុវជន។ ជាពិសេសជួយគាំទ្រក្នុងការផ្សព្វផ្សាយស្នាដៃរបស់ពួកគាត់ ទៅកាន់វេទិកាធំៗបន្ថែមទៀត។

ជាមួយគ្នានោះតំណាងសមាគមសិល្បករកម្ពុជា ក៏បានបន្ថែមនូវការកោតសរសើរចំពោះអ្នកបង្កើតមាតិកាទាំងអស់ និងបានសន្យាថា សមាគមនឹងបន្តបង្កើតវេទិកាបែបនេះបន្ថែមទៀត ដើម្បីផ្តល់ឱកាសឱ្យយុវជនបញ្ចេញសមត្ថភាពក្នុងទិសដៅរួមចំណែកកិច្ចការងារសង្គម និងវប្បធម៌ជាតិឱ្យកាន់តែរឹងមាំក្នុងយុគសម័យឌីជីថល។

សូមបញ្ជាក់ថា ការប្រកួតប្រជែងវីដេអូខ្លីក្រោមប្រធានបទ «លេងសង្ក្រាន្ត មកលេងស្រុកខ្ញុំ» ត្រូវបានផ្ដួចផ្ដើមបង្កើតដោយលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នៅមុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឈានចូលមកដល់។ ការបង្កើតកម្មវិធីនេះឡើង គឺដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យា និងការពេញនិយមប្រើប្រាស់បណ្ដាញសង្គមក្នុងចំណោមយុវជន។ សមាគមបានសង្កេតឃើញថា ការផលិតមាតិកាឌីជីថលគឺជាមធ្យោបាយដ៏រហ័ស និងមានប្រសិទ្ធភាពបំផុតក្នុងការផ្សព្វផ្សាយពីទំនៀមទម្លាប់ ល្បែងប្រជាប្រិយ និងតំបន់ទេសចរណ៍តាមភូមិស្រុកនានា ដែលជួនកាលត្រូវបានមើលរំលង។ ហេតុនេះ យុទ្ធនាការនេះត្រូវបានរៀបចំឡើងដើម្បីបំផុសស្មារតី «ស្រឡាញ់ស្រុកកំណើត» និងប្រែក្លាយស្មាតហ្វូនក្នុងដៃយុវជនឱ្យទៅជាឧបករណ៍ផ្សព្វផ្សាយវប្បធម៌ដ៏មានតម្លៃផងដែរ។
ជាលទ្ធផល សមាគមបានរកឃើញម្ចាស់ជយលាភីទាំង៥ និងបានធ្វើពិធីប្រគល់-ទទួលរង្វាន់លើកទឹកចិត្តនៅថ្ងៃនេះ៕