សង្គម

អភិបាលខេត្តព្រៃវែង បាននាំយកអំណោយសង្គ្រោះបន្ទាន់របស់កាកបាទក្រហមខេត្ត ទៅប្រគល់ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅស្រុកបាភ្នំ

image


ព្រៃវែង៖ អភិបាលខេត្តព្រៃវែង លោក សួន សុម៉ាលីន បាននាំយកអំណោយសង្គ្រោះបន្ទាន់របស់សាខាកាកបាទក្រហមខេត្ត ទៅចែកជូនប្រជាពលរដ្ឋចំនួន ១៣គ្រួសារ នៅស្រុកបាភ្នំ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី១៩ ខែមេសាកន្លងទៅ។

ក្នុងឱកាសនោះ លោក សួន សុម៉ាលីន បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២៦ នេះ គឺជាលើកទី១ហើយ ដែលខេត្តព្រៃវែង បានរងគ្រោះដោយសារតែគ្រោះធម្មជាតិខ្យល់កន្ត្រាក់។ គ្រោះធម្មជាតិខ្យល់កន្ត្រាក់ដែលបោកបក់កាលពីល្ងាចថ្ងៃទី១៩ ខែមេសា បានប៉ះពាល់ទៅលើស្រុកចំនួន ៤ ក្នុងខេត្តព្រៃវែង និងបានធ្វើឲ្យផ្ទះប្រជាពលរដ្ឋចំនួន ៥៩ខ្នង បានរងការបំផ្លាញ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា កាកបាទក្រហមខេត្តព្រៃវែងដែលដឹកនាំដោយរូបលោកផ្ទាល់ បាននាំយកអំណោយជាជំនួយសង្គ្រោះបន្ទាន់ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ នៅស្រុកបាភ្នំ ក្នុងនោះ ៥គ្រួសារ រងគ្រោះធ្ងន់ធ្ងររលំបាក់ផ្ទះទាំងស្រុង និង ៨គ្រួសារទៀត រងគ្រោះមធ្យមដោយប៉ើងដំបូង និងប៉ើងជញ្ជាំងផ្ទះ។

លោកអភិបាលខេត្ត បញ្ជាក់ថា នឹងបន្តនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមខេត្តព្រៃវែង ទៅចែកជូនដល់ប្រជាពលរដ្ឋចំនួន ៧គ្រួសារទៀត នៅស្រុកស៊ីធរកណ្ដាល ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់នេះដែរ។
គួរបញ្ជាក់ផងដែរថា កាលពីល្ងាចថ្ងៃទី១៩ ខែមេសា មានភ្លៀង១មេធំ បានធ្លាក់មកលាយឡំជាមួយនឹងខ្យល់កន្ត្រាក់ដ៏ខ្លាំង បានប៉ះពាល់ទៅលើស្រុកចំនួន ៤ក្នុងខេត្តព្រៃវែង បានធ្វើឲ្យផ្ទះប្រជាពលរដ្ឋចំនួន ៥៩ខ្នងរងការខូចខាត ក្នុងនោះស្រុកស៊ីធរកណ្ដាល ប៉ះពាល់ចំនួន ៣៧ខ្នង ស្រុកពារាំង ៨ខ្នង ស្រុកបាភ្នំ ១៣ខ្នង និងស្រុកពាមរក៍ ១ខ្នង៕

អត្ថបទ៖ តែ ផានិត