វត្តបឹងត្រាវ រៀបចំប្រារព្ធពិធីមង្គលការយុវវ័យ(ស្ម័គ្រចិត្ត) ដែលជាពិធីប្រពៃណីអ្នកស្រុក ដើម្បីកៀរគរថវិកាកសាងសមិទ្ធិផលក្នុងវត្ត
បន្ទាយមានជ័យ៖ វត្តបឹងត្រាវ បានរៀបចំប្រារពពិធីមង្គលការយុវវ័យ ដែលជាពិធីប្រពៃណីអ្នកស្រុក ដើម្បីកៀរគរថវិកា កសាងសមិទ្ធិផលវត្ត។
ពិធីនេះ មានការចូលរួមពីមេភូមិ មេឃុំ និងអភិបាលស្រុកមង្គលបូរី ដែលមានចាស់ទុំ និងប្រជាពលរដ្ឋជាច្រើន បានចូលរួម និងធ្វើឡើងតាមប្រពៃណីខ្មែរ ដូចពីធីអាពាហ៍ពិពាហ៍ តែធ្វើឡើងកាត់ៗ ដើម្បីរកបច្ច័យកសាងវត្ត និងឱ្យមានភាពអធិកអធម្មក្នុងវត្ត។
ការរៀបចំពិធីមង្គលការយុវវ័យស្ម័គ្រចិត្តនេះ មិនមែនជាការពិត ឬរៀបការយកគ្នាជាប្តីប្រពន្ធឡើយ គឺធ្វើឡើងសម្រាប់តែកៀរគរថវិកាពីពលរដ្ឋ ដែលវបានចូលរួមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ហើយវត្តបឹងត្រាវនេះ តែងតែធ្វើឡើងរាល់ឆ្នាំ នៅអំឡុងបុណ្យចូលឆ្នាំថ្មី ហើយមានយុវជនស្ម័គ្រចិត្តបានស្ម័គ្រចិត្ត ពី ១គូ ទៅ ២គូ រាល់ឆ្នាំតែម្តង។
គណៈកម្មការវត្តបឹងត្រាវ បានឱ្យដឹងថា ពិធីមង្គលការយុវវ័យស្ម័គ្រចិត្តនេះ ត្រូវបានធ្វើឡើងតាំងពីសម័យដើម រហូតដល់ពេលនេះ នៅតែបន្តធ្វើ ដូចជា៖ ពិធីលើកជំនូន និងផ្ទឹមចងដៃ ដោយមានអាជ្ញាធរស្រុក ឃុំ/ភូមិ និងប្រជាពលរដ្ឋជាច្រើន បានចូលរួម។ ថវិកាពីការចងដៃកូនម្លោះ និងកូនក្រមុំ គឺសម្រាប់កសាងសមិទ្ធិផលក្នុងវត្ត។
គួររំលឹកថា វត្តបឹងត្រាវ និងវត្តកោះកេតអូរប្រាសាទ កាលពីសម័យមុន មានយុវជនខ្លះ បានដឹកដៃគូសង្សា ឬមិត្តភក្តិជិតស្និត ស្ម័គ្រចិត្តរៀបមង្គលការ រកបច្ច័យជូនវត្ត ហើយពេលត្រឡប់ទៅផ្ទះវិញ ក៏ឱ្យឪពុកម្តាយ ចូលដណ្តឹងរៀបការមែនទែន ក៏មាន៕