សង្គម

រដ្ឋមន្ត្រីសុខាភិបាល ណែនាំគ្រឹះស្ថានសាធារណៈរដ្ឋបាល នៃមន្ទីរពេទ្យជាតិ ចុះអភិបាលកិច្ច និងត្រួតពិនិត្យការងារជាក់ស្តែង ដើម្បីធានាថាការងារទាំងអស់ប្រព្រឹត្តទៅដោយមានប្រសិទ្ធភាព ខណៈការចូលមកប្រើប្រាស់សេវាមានការកើនឡើង

image


ភ្នំពេញ៖ យោងស្ថានភាពជាក់ស្តែងដែលមានការកើនឡើងនៃការចូលមកប្រើប្រាស់សេវាសុខាភិបាលសាធារណៈនៅគ្រប់លំដាប់ថ្នាក់ ជាពិសេសនៅមន្ទីរពេទ្យជាតិ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ បានជូនអនុសាសន៍ដល់ប្រធានក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំគ្រឹះស្ថានសាធារណៈរដ្ឋបាលទាំងអស់ នៃមន្ទីរពេទ្យជាតិ ឱ្យចុះអភិបាលកិច្ច និងត្រួតពិនិត្យការងារជាក់ស្តែង ជាពិសេសនៅផ្នែកសង្គ្រោះបន្ទាន់ ផ្នែកប្រពោធនកម្មជំងឺធ្ងន់ (ICU) ដើម្បីធានាថាការងារទាំងអស់ប្រព្រឹត្តទៅដោយមានប្រសិទ្ធភាព និងសម្របសម្រួលបានល្អ។
១. ការលើកទឹកចិត្តបុគ្គលិក៖
សូមលើកទឹកចិត្តមន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែងក្នុងការបម្រើសេវាពិនិត្យ និងព្យាបាល ឱ្យកាន់តែប្រសើរឡើង ទោះបីមានអ្នកជំងឺច្រើនកុះករ និងមានភាពមមាញឹកក្នុងមន្ទីរពេទ្យយ៉ាងណាក៏ដោយ។
២. ការផ្តល់សេវាដោយសមធម៌៖
សូមអនុវត្តសេវាសុខាភិបាលដោយគោរពគោលការណ៍សមធម៌ ដោយមិនរើសអើងរវាង៖ អ្នកជំងឺទូទៅរ៉ាប់រងដោយខ្លួនឯងផ្ទាល់ក្តី, អ្នកជំងឺមានបណ្ណធានារ៉ាប់រងដោយ ប.ស.ស ក្តី, អ្នកជំងឺមានប័ណ្ណក្រីក្រ ឬខ្វះលទ្ធភាពទាំងប្រជាជនកម្ពុជា និងជនបរទេស។ អ្នកជំងឺគ្រប់រូបត្រូវទទួលបានសេវាដោយសមធម៌ និងមានគុណភាពសមស្រប។

៣. ការលើកទឹកចិត្តជនបរទេសឱ្យមានការធានារ៉ាប់រងសុខភាព៖ សម្រាប់ជនបរទេសដែលមករស់នៅធ្វើការ ឬទេសចរណ៍នៅកម្ពុជា សូមលើកទឹកចិត្តឱ្យមានធានារ៉ាប់រងសុខភាព ដើម្បីធានាការថែទាំពេលមានបញ្ហាសុខភាព ដោយសារហានិភ័យដែលអាចកើតមានគ្រប់ពេល។
៤. ការសហការជាមួយស្ថានទូត៖សូមអរគុណដល់ស្ថានទូតនានា ដែលបាន និងកំពុងយកចិត្តទុកដាក់ចំពោះពលរដ្ឋរបស់ខ្លួននៅកម្ពុជា។ សូមបន្តសហការជាមួយមន្ទីរពេទ្យ ក្នុងការទំនាក់ទំនងជាមួយក្រុមគ្រួសារ និងការសម្របសម្រួលការថែទាំអ្នកជំងឺ ជាពិសេសករណីដែលត្រូវការជំនួយបន្ទាន់ក្នុងពេលមានស្ថានភាពធ្ងន់ធ្ងរ។ បន្តយកចិត្តទុកដាក់បន្ថែមទៀត ទោះក្នុងករណីអ្នកជំងឺជាជនបរទេសខ្លះ អាចខ្វះការគាំទ្រពីក្រុមគ្រួសារ ឬមិនអាចទំនាក់ទំនងបាន ទាំងនេះមន្ទីរពេទ្យត្រូវទទួលបន្ទុកក្នុងទាំងការថែទាំព្យាបាលឱ្យជាសះស្បើយ និងពេលខ្លះត្រូវជួយរហូតដល់ដំណាក់កាលចុងក្រោយ ដោយសូមស្ថានទូត ជួយពង្រឹងការតាមដាន និងការទំនាក់ទំនងឱ្យមានប្រសិទ្ធភាពកាន់តែប្រសើរឡើងថែមទៀត។

៥. បន្តពង្រឹងការគ្រប់គ្រងឱ្យកាន់តែល្អ៖
សូមឱ្យថ្នាក់ដឹកនាំមន្ទីរពេទ្យទាំងអស់ បន្តចូលរួមគាំទ្រ និងជំរុញការបង្កើនគុណភាពសេវាសុខាភិបាល ដោយត្រូវយកចិត្តទុកដាក់ដោះស្រាយចំណុចមួយចំនួន រួមទាំងការទំនាក់ទំនងដែលអាចបង្កឱ្យមានការយល់ច្រឡំ ឬការវាយតម្លៃមិនសមស្របនឹងស្ថានភាពជាក់ស្តែង។
ជាការសន្និដ្ឋានរួមក្នុងគោលបំណងសំខាន់ គឺធានាថា សេវាសុខាភិបាលនៅកម្ពុជា មានគុណភាព សមធម៌ និងគ្មានការរើសអើង ដើម្បីបម្រើទាំងប្រជាជនកម្ពុជា និងជនបរទេស ដែលមានតម្រូវការសុខភាពនៅលើទឹកដីកម្ពុជា៕

អត្ថបទ៖ សន ពិសិដ្ឋ