កម្លាំងអធិការដ្ឋាននគរបាលស្រុកចន្ទ្រា ឃាត់ខ្លួនជនជាតិវៀតណាម ៦នាក់ ក្នុងពេលចុះធ្វើរដ្ឋបាលនៅផ្ទះជួលមួយកន្លែង និងបានរកឃើញសម្ភារបម្រើបទល្មើសមួយចំនួនធំ
ស្វាយរៀង៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកចន្ទ្រា ចុះធ្វើរដ្ឋបាលនៅផ្ទះជួលមួយកន្លែង រកឃើញជនបរទេស ៦នាក់ ជាជនជាតិវៀតណាម ជាមួយនឹងសម្ភារបម្រើបទល្មើសមួយចំនួនធំ។
ប្រតិបត្តិការចុះធ្វើរដ្ឋបាលនេះ បានធ្វើឡើងក្រោយពេលដែលបានទទួលព័ត៌មានពីម្ចាស់ផ្ទះជួល ឈ្មោះ ផូ ដេ ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា។
ដោយមានការដាក់ចេញបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង, លោកវរសេនីយ៍ទោ ជិន សុភឿន អធិការនគរបាលស្រុកចន្ទ្រា បានដឹកនាំកម្លាំងនគរបាលស្រុក សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងមានការសម្របសម្រួលពីព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានចុះធ្វើរដ្ឋបាល និងត្រួតពិនិត្យទីតាំងនេះ។
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិ។
អត្តបទ៖ មិន ភក្តី