សង្គម

គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទៅទស្សនកិច្ចស្វែងយល់ពីក្រុមហ៊ុនផលិតសម្ភារៈផ្ទះបាយដ៏ធំមួយក្នុងខេត្តក្វាងទុង អំឡុងពេលនៃដំណើរទស្សនកិច្ចពាណិជ្ជកម្ម

image


ខេត្តក្វាងទុង៖ ដោយទទួលបានការអនុញ្ញាតពីអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ឧកញ៉ា អ៊ឹង វណ្ណម៉ៅ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្ម ទៅទស្សនកិច្ចការងារនៅក្រុមហ៊ុន Meikong Technology Co., Ltd. ក្នុងខេត្តក្វាងទុង ប្រទេសចិន។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូ ត្រូវបានណែនាំអំពីផលិតទំនើបៗរបស់ ក្រុមហ៊ុន Meikong និងដំណោះស្រាយសម្រាប់សេវាកម្មម្ហូបអាហារ។ ក្នុងនាមជាក្រុមហ៊ុនផលិត ដែលមានជំនាញវិជ្ជាជីវៈ ក្រុមហ៊ុន Meikong Technology Co., Ltd. ធ្វើការស្រាវជ្រាវ និងអភិវឌ្ឍន៍ផលិតផលរបស់ខ្លួន រួមជាមួយនឹងការពង្រីកការផលិត និងសមត្ថភាពផ្គត់ផ្គង់ជាសកល។ ដោយមានបទពិសោធន៍រាប់ទសវត្សរ៍ Meikong មានជំនាញខាងផលិតឧបករណ៍តាមតម្រូវការ មានប្រសិទ្ធភាពខ្ពស់ និងការផលិតមានលក្ខណៈទ្រង់ទ្រាយធំ ដែលត្រូវបានរចនាឡើងសម្រាប់គម្រោងវិស្វកម្ម ដូចជាសណ្ឋាគារ ផ្ទះបាយកណ្តាល ភោជនីយដ្ឋាន ខ្សែច្រវ៉ាក់ និងប្រតិបត្តិការផ្គត់ផ្គង់អាហារសមុទ្រ។

ក្នុងនាមគណៈប្រតិភូកម្ពុជា ឧកញ៉ា អ៊ឹង វណ្ណម៉ៅ បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសមត្ថភាពរបស់ក្រុមហ៊ុនក្នុងការផ្តល់ប្រព័ន្ធសម្ភារៈផ្ទះបាយប្រើប្រាស់បានយូរ មានប្រសិទ្ធភាព និងគុណភាពខ្ពស់។ បច្ចេកវិទ្យាទាំងនេះ ពាក់ព័ន្ធជាពិសេស ខណៈដែលឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈរបស់កម្ពុជា កំពុងបន្តពង្រីកខ្លួន រួមជាមួយនឹងវិស័យទេសចរណ៍ និងការអភិវឌ្ឍ។
ឧកញ៉ា អ៊ឹង វណ្ណម៉ៅ បានកត់សម្គាល់ថា សម្ភារៈផ្ទះបាយទំនើប និងមានប្រសិទ្ធភាពខ្ពស់ គឺមានសារៈសំខាន់ណាស់ក្នុងការកែលម្អគុណភាពសេវាកម្ម សុវត្ថិភាពចំណីអាហារ និងប្រសិទ្ធភាពប្រតិបត្តិការនៅទូទាំងវិស័យនេះ។

ឧកញ៉ា អ៊ឹង វណ្ណម៉ៅ បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ ក្នុងគោលបំណងស្វែងយល់ពីភាពជាដៃគូសក្តានុពលសម្រាប់ការនាំចូលឧបករណ៍ផ្ទះបាយដែលមានគុណភាពខ្ពស់ មកកាន់ប្រទេសកម្ពុជា សម្រាប់ប្រើប្រាស់ក្នុងវិស័យសណ្ឋាគារ ភោជនីយដ្ឋាន និងសេវាកម្មផ្គត់ផ្គង់ម្ហូបអាហារ។ ជាមួយគ្នានេះ ប្រតិភូកម្ពុជា ក៏កំពុងស្វែងរកឱកាសសម្រាប់ការវិនិយោគរួមគ្នា ឬប្រតិបត្តិការដំឡើងក្នុងស្រុក ដែលអាចរួមចំណែកដល់ការផ្ទេរជំនាញ និងការបង្កើតការងារនៅក្នុងប្រទេសកម្ពុជា។
ឧកញ៉ា អ៊ឹង វណ្ណម៉ៅ សង្ឃឹមថា ទស្សនកិច្ចនេះ នឹងសម្រួលដល់ការតភ្ជាប់រវាងអ្នកចែកចាយកម្ពុជា និងក្រុមហ៊ុនផលិតចិន ដែលអាចឱ្យខ្សែច្រវ៉ាក់ផ្គត់ផ្គង់កាន់តែមានប្រសិទ្ធភាព តម្លៃប្រកួតប្រជែង និងប្រព័ន្ធដឹកជញ្ជូនដែលអាចទុកចិត្តបាន។ កិច្ចសហការបែបនេះ នឹងបង្កើនសមត្ថភាពរបស់កម្ពុជាក្នុងការបម្រើទាំងតម្រូវការក្នុងស្រុក និងទីផ្សារនាំចេញក្នុងតំបន់ នៅក្នុងឧស្សាហកម្មសេវាកម្មម្ហូបអាហារ។

សូមជម្រាបជូនថា ដំណើរទស្សនកិច្ចនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីពង្រឹងពាណិជ្ជកម្មរវាងកម្ពុជា-ចិន និងកំណត់មធ្យោបាយថ្មីៗសម្រាប់ការវិនិយោគ និងការផ្ទេរបច្ចេកវិទ្យា ជាពិសេសនៅក្នុងវិស័យសេវាកម្មម្ហូបអាហារ និងបដិសណ្ឋារកិច្ច ព្រមទាំងបានឆ្លុះបញ្ចាំងពីទស្សនវិស័យរបស់សភាពាណិជ្ជកម្មកម្ពុជា ក្រោមការដឹកនាំរបស់ អ្នកឧកញ៉ា គិត ម៉េង ជាប្រធាន ដែលតែងតែណែនាំ និងចង្អុលបង្ហាញ ឱ្យធ្វើការយ៉ាងសកម្មជាមួយដៃគូ និងអង្គភាពអន្ដរជាតិនានា ដើម្បីពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគទៅកាន់ប្រទេសនានាទាំងក្នុងតំបន់ និងអន្តរជាតិ៕