មន្ត្រីអ៊ីរ៉ង់ បញ្ជាក់ថា មិនទាន់មានការសម្រេចចិត្តចុងក្រោយណាមួយឡើយសម្រាប់ការចរចាជុំទីពីរ ជាមួយអាម៉េរិក
អ៊ីរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក អ៊ីស្ម៊ែល បាខាអ៊ី (Esmail Baqai) បានប្រកាសកាលពីថ្ងៃអង្គារថា «មិនទាន់មានការសម្រេចចិត្តចុងក្រោយណាមួយឡើយ ថាតើត្រូវចូលរួម ឬមិនចូលរួម» នៅក្នុងការចរចាជាមួយអាម៉េរិក នៅឯទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន ។
រដ្ឋាភិបាលអ៊ីរ៉ង់ បញ្ជាក់ថា ជំហរមិនច្បាស់លាស់នេះ ក៏ដោយសារតែការមិនទុកចិត្តលើទង្វើរបស់សហរដ្ឋអាម៉េរិក ដោយអ៊ីរ៉ង់ចោទប្រកាន់ថា ទីក្រុងវ៉ាស៊ីនតោនថាកំពុងបញ្ជូនសារដែលផ្ទុយគ្នា ដោយម្ខាងចង់ចរចា តែម្ខាងទៀតបែរជាបន្តប្រើកម្លាំងបាយ និងរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានព្រមព្រៀងគ្នាពីមុន ។
ចំណុចរសើបបំផុត គឺជាវិបត្តិនៅច្រកសមុទ្រហ័រមូស (Hormuz) ដែលអ៊ីរ៉ង់ចាត់ទុកការបិទខ្ទប់ផ្លូវទឹករបស់អាម៉េរិកថាជាអំពើខុសច្បាប់ និងជាការប្រកាសសង្គ្រាម។ ការវាយប្រហារពីសំណាក់អាម៉េរិក លើនាវាដឹកទំនិញរបស់អ៊ីរ៉ង់ក្នុងកំឡុងបទឈប់បាញ់ បានធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង និងធ្វើឱ្យផ្លូវការទូតកាន់តែតូចចង្អៀត ខណៈភាគីទាំងពីរនៅតែបន្តចោទប្រកាន់គ្នាទៅវិញទៅមកអំពីការរំលោភបំពានសេចក្តីថ្លែងការណ៍រួម ។
បើទោះបីជាប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្យារបទឈប់បាញ់ជាឯកតោភាគី និងបញ្ជូនតំណាងទៅរង់ចាំចរចាក៏ដោយ ប៉ុន្តែអ៊ីរ៉ង់នៅតែប្រកាន់ជំហរតឹងរ៉ឹង។ អ៊ីរ៉ង់ បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននឹងមិនធ្វើអ្វីដែលផ្ទុយពីផលប្រយោជន៍ជាតិឡើយ ហើយសកម្មភាពយោធារបស់អាម៉េរិកនឹងក្លាយជាឧបសគ្គដ៏ធំបំផុតដែលធ្វើឱ្យកិច្ចព្រមព្រៀងសន្តិភាពមិនអាចសម្រេចទៅបាន ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ (Majid Asgaripour/WANA (West Asia News Agency)/Reuters)