មនុស្ស២នាក់ស្លាប់ ក្នុងករណីផ្ទុះនាវាដឹកប្រេង បង្កជាគ្រោះអគ្គិភ័យដ៏សាហាវនៅឯកំពង់ផែ Homalin ប្រទេសមីយ៉ាន់ម៉ា
មីយ៉ាន់ម៉ា៖ យ៉ាងហោចណាស់មានមនុស្ស ២នាក់ស្លាប់ និង ១១ នាក់ផ្សេងទៀតទទួលរងរបួស នៅក្នុងគ្រោះអគ្គិភ័យដ៏ធំមួយដែលបានកើតឡើងនៅឯកំពង់ផែក្នុងក្រុងហូម៉ាលីន (Homalin) តំបន់សាហ្គាំង (Sagaing) ប្រទេសមីយ៉ាន់ម៉ា កាលពីដើមសប្ដាហ៍នេះ ។
តាមរយៈរូបភាពវីដេអូដែលថតបានពីទីតាំងកើតហេតុ កាលពីថ្ងៃអង្គារ បានបង្ហាញថា ភ្លើងនៅតែបន្តឆាបឆេះយ៉ាងខ្លាំងក្លា ខណៈអាជ្ញាធរ និងក្រុមអ្នកពន្លត់អគ្គិភ័យក្នុងតំបន់ មិនអាចចូលទៅជិតដើម្បីពន្លត់បានឡើយ ដោយសារតែកម្ដៅ និងអណ្ដាតភ្លើងមានសភាពខ្លាំងក្លាពេក ។
តាមសេចក្តីរាយការណ៍ អគ្គិភ័យនេះ បានចាប់ផ្តើមឆេះចេញពីនាវាដឹកប្រេង កាលពីយប់ថ្ងៃចន្ទ ហើយបន្ទាប់មកបានឆាបឆេះរាលដាល ដោយបំផ្លិចបំផ្លាញរថយន្តចំនួន ២០ គ្រឿង ហើយហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ ត្រូវអគ្គិភ័យបំផ្លាញស្ទើរតែទាំងស្រុង។ គេរំពឹងថា ចំនួនអ្នកស្លាប់អាចនឹងបន្តកើនឡើង នៅពេលដែលក្រុមជួយសង្គ្រោះ អាចចូលទៅកាន់ទីកន្លែងកើតហេតុ ។
គួររំឭកថា ករណីស្រដៀងគ្នានេះ បានកើតឡើងកាលពីថ្ងៃទី ២៩ ខែមីនា កន្លងទៅ ដោយមានទូកដឹកប្រេងចំនួន ៣ គ្រឿងត្រូវអគ្គិភ័យឆាបឆេះនៅឯកំពង់ផែ ខូប៊ីវ៉ា (Khobewa) តាមដងទន្លេឈីនឌ្វីន (Chindwin) ក្នុងទីក្រុងហូម៉ាលីន (Homalin) ដែលហេតុការណ៍នាពេលនោះ បានសម្លាប់មនុស្សចំនួន ៦ នាក់ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY’s video.