ព័ត៌មានជាតិ

ក្រសួងបរិស្ថានបានបន្តបណ្តុះកូនឈើចម្រុះប្រមាណ ៣ លានដើម ក្នុងឆ្នាំ២០២៦ សម្រាប់ជូនពលរដ្ឋយកទៅដាំ

image


រហូតមកទល់នឹងចុងខែមេសា ឆ្នាំ២០២៦​ ក្រសួងបរិស្ថាន បាននិងកំពុងបន្តយុទ្ធនាការបណ្តុះ និងចែកកូនឈើចម្រុះ បានប្រមាណ ២ ៩៧៧ ៣៥៩ដើម ក្នុងនោះកូនត្នោតជាង១ លានដើម នៅតាមថ្នាលតំបន់ចំនួន ៥កន្លែង ក្នុងខេត្តត្បូងឃ្មុំ កំពង់ស្ពឺ សៀមរាប មណ្ឌលគិរី និងកោះកុង និងតាមមន្ទីរបរិស្ថានរាជធានីខេត្តទូទាំងប្រទេស សម្រាប់ចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីដាំនៅតាមផ្ទះ សាលារៀន វត្តអារាម និងដាំស្តារព្រៃសហគមន៍។


ជាមួយគ្នានេះ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦​ក្រសួងបរិស្ថានបានបន្តបណ្តុះកូនឈើ សម្រាប់ចែកជូនសាធារណៈជន ដើម្បីយកទៅដាំនៅតាមទីសាធារណៈនានា និងដាំស្តារព្រៃបង្កើនគម្របបៃតង នៅកម្ពុជា កូនឈើចម្រុះ សរុប ៣១១ ៥៣៩ដើម ក្នុងនោះមានកូនត្នោតចំនួន ៥៥ ០០ដើម ត្រូវបានបណ្តុះ នៅតាមមន្ទីររាជធានី-ខេត្ត រួមមាននៅខេត្តកំពត កោះកុង កំពង់ស្ពឺ ពោធិ៍សាត់ មណ្ឌលគិរី រតនគីរី សៀមរាប ស្វាយរៀង និងថ្នាលតំបន់ខេត្តកំពង់ស្ពឺ។


សូមបញ្ជាក់ថា ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន យុទ្ធនាការ «ពន្លកបៃតង» បង្កើតឡើងជាមួយការការប្តេជ្ញាចិត្តរបស់ក្រសួងបរិស្ថាន ដែលធ្វើការចែកកូនឈើយ៉ាងតិច ១លានដើមក្នុងមួយឆ្នាំ ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ ក្នុងគោលដៅបង្កើនគម្របបៃតង ឆ្ពោះទៅកម្ពុជាអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។


នៅឆ្នាំ២០២៤ ក្រសួងបរិស្ថានបានជំរុញការបណ្តុះ និងចែកកូនឈើជូនសាធារណជនចំនួន ១,៣លានដើម។​ ដោយឡែកនៅឆ្នាំ២០២៥ ក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានរាជធានីខេត្ត បានបណ្តុះកូនឈើ និងចែកកូនឈើបានជាង ៣,៤លានដើម រួចជាស្រេច។ នៅឆ្នាំ២០២៦ យុទ្ធនាការពន្លកបៃតង គ្រោងចែកកូនឈើ ៥លានដើម ជូនប្រជាពលរដ្ឋយកទៅដាំនៅក្នុងរដូវវស្សានេះ៕