ព័ត៌មានអន្តរជាតិ

ពិព័រណ៍ InnoEX 2026 នៅហុងកុង បង្ហាញពីវឌ្ឍនភាពចុងក្រោយនៃបច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម

image


ហុងកុង, ចិន៖ ពិព័រណ៍បច្ចេកវិទ្យា InnoEX 2026 នៅហុងកុង បានក្លាយជាវេទិកាដ៏អស្ចារ្យដែលបង្ហាញពីវឌ្ឍនភាពចុងក្រោយនៃបច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម។ ព្រឹត្តិការណ៍នេះ មិនត្រឹមតែដាក់បង្ហាញរ៉ូបូតដែលអាចធ្វើសកម្មភាពដូចមនុស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាទីកន្លែងជួបជុំនៃអ្នកជំនាញបច្ចេកវិទ្យាឈានមុខមកពីជុំវិញពិភពលោក ដើម្បីបង្ហាញពីចក្ខុវិស័យនាពេលអនាគត។

ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សជាច្រើនរបស់ចិន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការដាក់បង្ហាញគ្រឿងយន្តទំនើបៗ រួមមានរ៉ូបូតជើងបួន និងដៃយន្តឆ្លាតវៃសម្រាប់វិស័យឧស្សាហកម្ម។ អ្វីដែលធ្វើឱ្យអ្នកចូលទស្សនាភ្ញាក់ផ្អើលបំផុតនោះ គឺការបង្ហាញរូបរាង «ឡានហោះ» ដែលជាបច្ចេកវិទ្យានៃយុគសម័យថ្មី សម្រាប់ការធ្វើដំណើរក្នុងទីក្រុងវៃឆ្លាត ។

តំណាងមកពីអង្គការសហប្រជាជាតិ បានលើកសរសើរហុងកុង និងចិនថាជាមជ្ឈមណ្ឌលស្នូលនៃបញ្ញាសិប្បនិម្មិត (AI) និងថាមពលបៃតង។ ហុងកុង ត្រូវគេមើលឃើញថា ជាស្ពានតភ្ជាប់ដ៏សំខាន់ ដែលជួយឱ្យការច្នៃប្រឌិតបច្ចេកវិទ្យាអាចចែកចាយទៅកាន់ខ្សែច្រវាក់ផ្គត់ផ្គង់ទូទាំងសកលលោកបានយ៉ាងមានប្រសិទ្ធភាព។

រដ្ឋាភិបាលហុងកុង បានបង្ហាញជំហរច្បាស់លាស់ក្នុងការគាំទ្រ និងជំរុញឱ្យទីក្រុងនេះក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យាលំដាប់ពិភពលោក។ តាមរយៈការរៀបចំពិព័រណ៍ខ្នាតធំបែបនេះ អាជ្ញាធរសង្ឃឹមថានឹងអាចទាក់ទាញការវិនិយោគ និងកិច្ចសហការអន្តរជាតិកាន់តែច្រើន ដើម្បីលើកកម្ពស់វិស័យឧស្សាហកម្មឌីជីថល។

ដោយមានអ្នកតាំងបង្ហាញជាង ៥០០ ក្រុមហ៊ុន មកពី ២១ ប្រទេស ព្រឹត្តិការណ៍នេះ បានបង្ហាញថា វិស័យបច្ចេកវិទ្យាកំពុងវិវត្តទៅមុខយ៉ាងឆាប់រហ័ស។ ក្នុងនោះ ប្រព័ន្ធគ្រប់គ្រងដែលប្រើប្រាស់ AI និងបច្ចេកវិទ្យាថ្មីៗដែលបានដាក់បង្ហាញ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការកែប្រែរបៀបរស់នៅ និងការធ្វើការងារក្នុងសង្គមទំនើបនាពេលខាងមុខ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖​ VIORY/ Euro News