ម៉ាឡេស៊ីបញ្ចេញថវិកា ៥ ពាន់លានរីងហ្គីត ដេីម្បីសង្គ្រោះអាជីវកម្មខ្នាតតូចដែលរងផលប៉ះពាល់ពីវិបត្តិថាមពលសកល
ម៉ាឡេស៊ី៖ ក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ី នៅដើមសប្ដាហ៍នេះ បានប្រកាសថា រដ្ឋាភិបាលម៉ាឡេស៊ីបានសម្រេចបញ្ចេញកញ្ចប់ថវិកាដ៏ធំចំនួន ៥ ពាន់លានរីងហ្គីត (១,០៥ ពាន់លានដុល្លារអាម៉េរិក) ដើម្បីជួយដល់សហគ្រាសខ្នាតតូច និងមធ្យម ដែលកំពុងជួបការលំបាកខ្លាំងដោយសារតែវិបត្តិថាមពលពិភពលោក ។
គម្រោងជំនួយថ្មីនេះ ផ្តល់នូវលក្ខខណ្ឌកាន់តែប្រសើរជាងមុន ដោយរដ្ឋាភិបាលនឹងជួយធានាលើកម្ចីអាជីវកម្មរហូតដល់ ៨០% និងពន្យារពេលនៃការធានារហូតដល់ ១០ ឆ្នាំ។
កញ្ចប់ថវិកានេះ នឹងត្រូវគ្រប់គ្រងដោយស្ថាប័នរដ្ឋ SJPP ដែលមានតួនាទីធានាថា ម្ចាស់អាជីវកម្មអាចទទួលបានហិរញ្ញប្បទានពីធនាគារកាន់តែងាយស្រួលក្នុងស្ថានភាពអាសន្ន។
វិស័យសំខាន់ៗដែលទទួលបានការគាំទ្រ រួមមានវិស័យសំណង់ កសិកម្ម ការដឹកជញ្ជូន និងទេសចរណ៍ ដែលសុទ្ធតែជាវិស័យរងគ្រោះខ្លាំងពីការឡើងថ្លៃប្រេងឥន្ធនៈ និងថាមពល។
លោកនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ក៏បានសម្រេចពន្យារការអនុវត្តប្រព័ន្ធពន្ធដារអេឡិចត្រូនិក ដើម្បីកាត់បន្ថយបន្ទុកការងាររដ្ឋបាល និងចំណាយបន្ថែមសម្រាប់ក្រុមហ៊ុនឯកជន។
ចំពោះទំនិញដែលបាននាំចេញទៅបរទេស ប៉ុន្តែត្រូវបង្ខំចិត្តនាំត្រឡប់មកវិញដោយសារតែសង្គ្រាមនៅមជ្ឈិមបូព៌ា រដ្ឋាភិបាលនឹងផ្តល់ការលើកលែងពន្ធនាំចូលដើម្បីជួយសម្រាលបន្ទុកនៃការខាតបង់។
លោក Anwar បានដាស់តឿនថា ពិភពលោកកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់រយៈពេលវែង ដូច្នេះសហគ្រិនទាំងអស់ត្រូវត្រៀមខ្លួនសម្រាប់រាល់ការផ្លាស់ប្តូរដែលមិនអាចទាយទុកជាមុនបាន។
កិច្ចខិតខំប្រឹងប្រែងនេះ បង្ហាញពីជំហររបស់រដ្ឋាភិបាលម៉ាឡេស៊ី ក្នុងការការពារសេដ្ឋកិច្ចក្នុងស្រុក និងរក្សាការងារសម្រាប់ពលរដ្ឋឱ្យបានគង់វង្ស ក្នុងគ្រាដែលវិបត្តិសកលមិនទាន់ថយចុះកម្ដៅ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ CNA