សង្គម

បង្ក្រាបក្រុមឆបោក Online Scams នៅក្រុងកែប ចាប់ខ្លួន ១៦នាក់ បញ្ជូនទៅតុលាការ

image


កែប៖ អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចចម្រុះ នៃខេត្តកែប បានចុះបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មួយករណីនៅក្នុងក្រុងកែប ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ១៦នាក់ ក្នុងនោះមានជនជាតិខ្មែរ ២នាក់ និងជនជាតិចិន ១៤នាក់។ នេះបើយោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកែប នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦នេះ។

ប្រតិបត្តិការនេះបានធ្វើឡើងកាលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត និងសម្របសម្រួលនីតិវិធីដោយលោក ខាន់ សុផល ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកែប។
ការបង្រ្កាបឈានដល់ឃាត់ខ្លួននេះ ធ្វើឡើងនៅទីតាំងផ្ទះជួលមួយកន្លែង ស្ថិតភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។

ជាមួយនឹងការឃាត់ខ្លួននេះ ក៏បានដកហូតវត្ថុតាងសំខាន់ៗជាច្រើន រួមមាន កុំព្យូទ័រយួរដៃចំនួន ២១គ្រឿង ទូរស័ព្ទដៃចំនួន ២៥គ្រឿង និងឧបករណ៍ផ្សេងៗដែលប្រើសម្រាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
បច្ចុប្បន្ន ជនសង្ស័យទាំងអស់ ត្រូវបានកម្លាំងជំនាញបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកែប ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ជាមួយគ្នានេះ លោកអភិបាលខេត្តកែប អំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រយ័ត្នប្រយែង ចំពោះសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ និងប្រុងប្រយ័ត្នខ្ពស់ចំពោះការជួលផ្ទះ ឬបន្ទប់ ដល់ជនបរទេស ដែលមិនមានឯកសារគ្រប់គ្រាន់ និងមិនបានសហការជាមួយអាជ្ញាធរមូលដ្ឋាន៕
អត្ថបទ៖ ង៉ុង សាន់