ប្រជាកសិករនៅក្នុងស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ នឹងទទួលបានបណ្ដាញប្រព័ន្ធធារាសាស្ត្រចំនួន ៤ និងអាងស្តុកទឹកសម្រាប់ស្រោចស្រពដំណាំកសិកម្ម
ត្បូងឃ្មុំ៖ ប្រជាកសិកររស់នៅក្នុងស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ ចំនួន ៥ឃុំ សប្បាយរីករាយ ខណ:ពួកគាត់ នឹងទទួលបានសមិទ្ធផលថ្មីចំនួន ៥ទៀត នាពេលខាងមុខនេះ គឺបណ្ដាញប្រព័ន្ធធារាសាស្ត្រចំនួន ៤ និងអាងស្តុកទឹកសម្រាប់ស្រោចស្រពដំណាំស្រូវ ក៏ដូចជាដំណាំរួមផ្សំផ្សេងៗ ដែលនឹងលេចចេញជារូបរាងនាពេលឆាប់ៗខាងមុខនេះ។ សមិទ្ធិផលនេះ ជាគម្រោងអភិវឌ្ឍន៍តាមបែបលទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរបស់ឃុំសង្កាត់។
គម្រោងស្ដាអាងស្តុកទឹក និងប្រឡាយទាំងនេះ បានដាក់ឲ្យដេញថ្លៃនៅក្នុងសាលាស្រុកអូររាំងឳ ក្រោមការសង្កេតការណ៍ពីសំណាក់លោក ជា ណារ៉ុន អភិបាលស្រុកអូររាំងឳ លោក សឺង គីរីវណ្ឌី នាយកទីចាន់ការផែនការ និងវិនិយោគខេត្តត្បូងឃ្មុំ និងក្រុមហ៊ុនដេញថ្លៃជាច្រើនក្រុមហ៊ុន។
យោងតាមឯកសារដេញថ្លៃ បង្ហាញថា ក្នុងនោះ គម្រោងស្ដាអាងស្តុកទឹលទី១ នៅក្នុងឃុំព្រះធាតុ ទំហំ ៦.៨២៥ ម៉ែត្រការេ ជំរៅ ២ម៉ែត្រ, គម្រោងទី២ ស្ដាប្រឡាយដី នៅក្នុងឃុំគងជ័យ ប្រវែង ២,៥៨គីឡូម៉ែត្រ បាតតូច ២ម៉ែត្រ, គម្រោងទី ៣ ស្ដាប្រឡាយដីនៅក្នុងឃុំដំរិល ប្រវែង ១,៧៦គីឡូម៉ែត្រ បាតតូច ២ម៉ែត្រ, គម្រោងទី៤ ស្ដាប្រឡាយដីនៅក្នុងឃុំអំពិលតាពក ប្រវែង ១,៥គីឡូម៉ែត្រ បាតតូច ២ម៉ែត្រ និង គម្រោងទី៥ ស្ដាប្រឡាយដីនៅក្នុងឃុំមៀន ប្រវែង ២,៥ គីឡូម៉ែត្រ បាតតូច ២,៥ម៉ែត្រ។
ក្រោយពីបើកសំណើដេញថ្លៃរួច លោក ជា ណារ៉ុន អភិបាលស្រុកអូរាំងឳ បានថ្លែងថា គម្រោងអភិវឌ្ឍផ្នែកបណ្ដាញប្រព័ន្ធធារាសាស្ត្រស្រោចស្រពដំណាំរបស់ស្រុកអូរាំងឳ បានបញ្ចប់ ចំពោះថវិការនៅសល់ពីគម្រោងប្រព័ន្ធស្រោចស្រពនេះ ត្រូវបង្វែទៅអភិវឌ្ឍន៍ផ្លូវបេតុងវិញម្ដង ព្រោះផ្លូវជាសសៃឈាម និងដង្ហើមរស់សេដ្ឋកិច្ច របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕
ដោយ៖ សុខ ផន