សង្គម

គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនកិច្ចនៅសមាគមពាណិជ្ជកម្ម និងឧស្សាហកម្មកម្ពុជា–ចិន ក្វាងទុងគោលបំណងពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការ

image


ខេត្តក្វាងទុង៖ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយឧកញ៉ា អ៉ឹង វណ្ណម៉ៅ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ក្នុងឱកាសបំពេញទស្សនកិច្ចពាណិជ្ជកម្ម ដោយសមាគមពាណិជ្ជកម្ម និងឧស្សាហកម្មកម្ពុជា–ចិន ក្វាងទុង ដែលមានគោលបំណងពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការ។ ទស្សនកិច្ចនេះ ក៏មានការចូលរួមពីលោក ចាង ជីវិញ ប្រធានសភាពាណិជ្ជកម្មខេត្តកោះកុង និងលោកបណ្ឌិត អោម សេងបូរ៉ា សមាជិកទីប្រឹក្សាសភាពាណិជ្ជកម្មរាជធានីភ្នំពេញ និងជាស្ថាបនិក ស៊ីអ៊ីអូមាស្ទ័រក្លឹប។

លោក ណែម ឌីណា ប្រធានសមាគមពាណិជ្ជកម្ម និងឧស្សាហកម្មកម្ពុជា–ចិន ក្វាងទុង បានបង្ហាញក្តីរីករាយក្នុងការទទួលស្វាគមន៍គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដែលបានអញ្ជើញមកដល់ខេត្តក្វាងទុង។
លោកបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា គឺជាសក្ខីភាពសំខាន់បង្ហាញពីការយកចិត្តទុកដាក់ និងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងចិន ក៏ដូចជាការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់ឡើង។
លោក ណែម ឌីណា បានបន្ថែមថា ដំណើរទស្សនកិច្ចនេះ នឹងក្លាយជាវេទិកាសំខាន់សម្រាប់សហគ្រាស និងវិនិយោគិនពីភាគីទាំងពីរ ក្នុងការចែករំលែកព័ត៌មាន និងស្វែងរកឱកាសវិនិយោគថ្មីៗ ដែលអាចនាំទៅរកការអភិវឌ្ឍរួមគ្នា។

ជាមួយគ្នានេះ សមាគមពាណិជ្ជកម្ម និងឧស្សាហកម្មកម្ពុជា–ចិន ក្វាងទុង ក៏បានបង្ហាញការប្តេជ្ញាចិត្ត បន្តគាំទ្រសហគ្រាសកម្ពុជា ក្នុងការស្វែងរកដៃគូអាជីវកម្ម ការនាំចេញនាំចូល និងការវិនិយោគ ទាំងនៅក្នុងប្រទេសចិន និងកម្ពុជា ដោយផ្តល់សេវាកម្មមានប្រសិទ្ធភាព និងទំនុកចិត្តខ្ពស់។
ថ្លែងក្នុងឱកាសនោះ ឧកញ៉ា អ៉ឹង វណ្ណម៉ៅ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានសម្តែងការកោតសរសើរចំពោះសមាគមពាណិជ្ជកម្ម និងឧស្សាហកម្មកម្ពុជា–ចិន ក្វាងទុង ដែលបានដើរតួនាទីសំខាន់ក្នុងការភ្ជាប់ទំនាក់ទំនងអាជីវកម្មរវាងសហគ្រាសកម្ពុជា និងចិន។ លោកបានលើកឡើងថា សមាគមនេះ មិនត្រឹមតែសម្រាប់ការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអ្នកសម្របសម្រួលដ៏មានប្រសិទ្ធភាព ក្នុងការជំរុញការវិនិយោគ និងពង្រីកទីផ្សារពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ជាមួយគ្នានេះ លោកអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ក៏បានបង្ហាញការជឿជាក់ថា តាមរយៈសកម្មភាពយ៉ាងសកម្ម និងការប្តេជ្ញាចិត្តខ្ពស់, សមាគមពាណិជ្ជកម្ម និងឧស្សាហកម្មកម្ពុជា–ចិន ក្វាងទុង នឹងបន្តមានតួនាទីសំខាន់ក្នុងការបង្កើតឱកាសថ្មីៗ សម្រាប់សហគ្រាស និងវិនិយោគិនពីភាគីទាំងពីរ។ លោកបានបន្ថែមថា កិច្ចសហប្រតិបត្តិការទាំងនេះ នឹងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងការពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្ររវាងកម្ពុជា និងចិនឱ្យកាន់តែរឹងមាំ។
ដំណើរទស្សនកិច្ចនេះ ត្រូវបានរំពឹងថា នឹងរួមចំណែកដល់ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងចិន ឱ្យកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត៕