ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ាគីស្ថាន ពិភាក្សាដាច់ដោយឡែកជាមួយតំណាងអាម៉េរិក សម្រាប់ជំនួបចរចាជុំទី២ រវាងអាម៉េរិកជាមួយអ៊ីរ៉ង់

image


ប៉ាគីស្ថាន៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ាគីស្ថាន លោក ម៉ូស៊ីន ណាវី (Mohsin Naqvi) បានជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតស្តីទីអាម៉េរិក លោកស្រី ណាតាលី បាគ័រ (Natalie Baker) នៅក្នុងប្រទេសប៉ាគីស្ថាន កាលពីថ្ងៃចន្ទ។ ភាគីទាំងពីរ បានពិភាក្សាគ្នាអំពីការរៀបចំសម្រាប់កិច្ចចរចាជុំទី២ រវាងអាម៉េរិក និងអ៊ីរ៉ង់ ដែលអាចនឹងធ្វើឡើងនៅក្នុងសប្តាហ៍នេះ នាទីក្រុងអ៊ីស្លាម៉ាបាដ ។

ទោះបីជាប៉ាគីស្ថាន បានអះអាងពីការត្រៀមខ្លួនរួចជាស្រេចទាំងទីកន្លែង និងសន្តិសុខ ប៉ុន្តែជំនួបនេះកំពុងស្ថិតក្នុងភាពស្រពិចស្រពិលខ្លាំង ដោយសារតែភាគីអ៊ីរ៉ង់ហាក់មិនទាន់បង្ហាញឆន្ទៈក្នុងការចូលរួម បន្ទាប់ពីអាម៉េរិកបានវាយប្រហារលើនាវាដឹកទំនិញអ៊ីរ៉ង់ នៅក្បែរច្រកសមុទ្រ ហ័រមូស (Hormuz) នាពេលថ្មីៗនេះ ។

ស្ថានភាពកាន់តែមានសម្ពាធខ្លាំង ដោយសារតែបទឈប់បាញ់បណ្ដោះអាសន្នរយៈពេលពីរសប្តាហ៍ ដែលបានជួយសម្រាលវិបត្តិថាមពលពិភពលោកមួយរយៈ កំពុងតែឈានចូលដល់ថ្ងៃផុតកំណត់នៅថ្ងៃទី ២២ ខែមេសានេះហើយ។ ទោះបីជាអាម៉េរិកចង់ឱ្យមានការចរចាបន្តក៏ដោយ ប៉ុន្តែការវាយប្រហារលើនាវាដឹកទំនិញអ៊ីរ៉ង់ និងការចោទប្រកាន់គ្នាទៅវិញទៅមកអំពីរឿងរំលោភបំពានកិច្ចព្រមព្រៀង ធ្វើឱ្យផ្លូវការទូតកាន់តែចង្អៀត និងផុយស្រួយខ្លាំងបំផុត ។

ប៉ាគីស្ថាន បានដើរតួនាទីយ៉ាងសំខាន់ជាអាជ្ញាកណ្ដាលក្នុងការផ្សះផ្សាជម្លោះនេះ។ ទោះជាយ៉ាងណាក្ដី លទ្ធផលចុងក្រោយនៅតែអាស្រ័យលើការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហ៍រ៉ង់ ថាមានឆន្ទៈត្រឡប់មករកតុចរចាវិញ ឬយ៉ាងណា មុនពេលបទឈប់បាញ់ផុតកំណត់ ដែលអាចនាំឱ្យសង្គ្រាម និងវិបត្តិថាមពលសកលផ្ទុះឡើងជាថ្មីម្ដងទៀត ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ The American Bazaar/ (Farooq Naeem/AFP)