សង្គម

មិនរួចខ្លួនទេ! មន្ត្រីនគរបាលដែលយកកែវគប់ប្រជាពលរដ្ឋឱ្យរបួសក្បាល នៅខេត្តកំពត នឹងនាំខ្លួនមកអនុវត្តច្បាប់ដោយគ្មានការលើកលែង

image


កំពត៖ មានករណីមន្ត្រីនគរបាលក្រុងកំពតម្នាក់បានប្រើអំពើហឹង្សា ដោយយកកែវគប់មកលើពលរដ្ឋជាស្រ្តីម្នាក់ដែលស៊ីឈ្នួលចាប់ទឹកកកតាមពិធីផ្សេងៗ កាលពីយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។ ករណីនេះស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានសរសេរលើហ្វេសបុកផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ថា “ករណីមន្ត្រីនគរបាលយកកែវគប់មកលើប្រជាពលរដ្ឋបែកក្បាល លោកបានបញ្ជាឱ្យអធិការក្រុងកំពតនាំខ្លួនមកអនុវត្តតាមច្បាប់ដោយគ្មានការលើកលែង។ ករណីខាងលើជនរងគ្រោះមិនបានមកដាក់បណ្តឹងនោះទេទើបមានការយឺតយ៉ាវក្នុងការទទួលព័ត៌មាន។

សូមបញ្ចាក់ថា កាលពីម៉ោង ១១យប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ មានមន្ត្រីនគរបាលម្នាក់ឈ្មោះ ទេព សុខផេង ជាមន្ត្រីនគរបាលបម្រេីការងារនៅអធិការក្រុងកំពត បានប្រើអំពើហឹង្សាក្នុងពិធីជប់លៀងរបស់ខ្លួន ដោយយកកែវស្រាគប់មកលើស្ត្រីជាអ្នកបម្រេីការងារចាប់ទឹកកកឱ្យភ្ញៀវតាមកម្មវិធីផ្សេងៗ ឈ្មោះ ទិត្យ ធូ រស់នៅភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត បណ្តាលឱ្យបែកក្បាលហូរឈាមស្រោចពេញផ្ទៃមុខ និងដេរជាច្រើនថ្នេរ។ តាមប្រភពពីប្រជាពលរដ្ឋ បានឱ្យដឹងថា កម្មវិធីដែលជប់លៀងធ្វើឡើងនេះ គឺជាកម្មវិធីសម្ពោធបើកក្រុមហ៊ុនអចលៈទ្រព្យរបស់លោក ទេព សុខផេង ផ្ទាល់ ដែលមានទីស្នាក់ការនៅក្នុងបរិវេណ បុរី កុសល្យ ម៉ី រៀលអ៊ីស្ទេត ឯ.ក ដែលជាក្រុមហ៊ុនរបស់ឪពុកម្តាយខ្លូន។

ប្រភពដដែលបានបន្តថា ដោយសារក្នុងកែវស្រារបស់ខ្លួនអស់ទឹកកក ហើយអង្គុយចាំអ្នកចាប់ទឹកកកយូរពេក ទើបមានការខឹងសម្បារ ពេលដែលស្ត្រីរងគ្រោះរត់មកចាប់ទឹកកកដាក់ឱ្យ ស្រាប់តែបុរសម្ចាស់កម្មវិធីរូបនេះបានគប់មួយកែវស្រាចំផ្ទៃមុខបណ្តាលឱ្យស្ត្រីរូបនោះរងរបួសត្រង់សៀតផ្កាខាងឆ្វេងបែកជាច្រើនកន្លែង ហើយត្រូវបានអ្នកលើកម្ហូប និងអ្នកចាប់ទឹកកកដូចគ្នានាំគ្នាដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។

ក្រោយទទួលបានព័ត៌មាននេះ ស្នងការនគរបាលខេត្តកំពត បានបញ្ជាឱ្យអធិការក្រុងកំពតនាំខ្លួនមន្ត្រីនគរបាលរូបនោះមកអនុវត្តតាមផ្លូវច្បាប់ដោយគ្មានការលើកលែង។
លោកស្នងការបានបញ្ជាក់ដែរថា ករណីខាងលើជនរងគ្រោះមិនបានមកដាក់បណ្តឹងនោះទេទើបមានការយឺតយ៉ាវក្នុងការទទួលព័ត៌មាន។ តែទោះជាយ៉ាងណាក៏ដោយ លោកស្នងការ ក៏បានសង្កត់ធ្ងន់នៅព្រឹកថ្ងៃទី២១ ខែមេសា ថា មន្ត្រីជាអ្នកអនុវត្តច្បាប់ និងជាប្រជាពលរដ្ឋដ៏ល្អ តែបើមន្ត្រីធុននេះគឺមិនមាននៅក្នុងវចនានុក្រមរបស់ខ្ញុំនោះទេ។ មន្ត្រីដែលផឹកស៊ីហើយបានយកកែវគប់មកលើប្រជាពលរដ្ឋ នឹងត្រូវអនុវត្តទោសដោយគ្មានការលើកលែងជាដាច់ខាត៕