គ្រោះរញ្ជួយដី ៧.៥ រ៉ិចទ័រ វាយប្រហារភាគខាងជើងប្រទេសជប៉ុន និងមានការព្រមានពីរលកយក្សស៊ូណាមិ
ជប៉ុន៖ គ្រោះរញ្ជួយដីកម្លាំង ៧.៥ រ៉ិចទ័រ បានកើតឡើងនៅតំបន់សមុទ្រភាគខាងជើងប្រទេសជប៉ុន ដែលធ្វើឱ្យអាជ្ញាធរចេញការព្រមានពីការកើតមានរលកយក្សស៊ូណាមិ កម្ពស់រហូតដល់ ៣ ម៉ែត្រ។ យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) គ្រោះរញ្ជួយដីនេះ បានកើតឡើងនៅម៉ោង ៤:៥៣ នាទីរសៀល (ម៉ោងក្នុងតំបន់) នាល្ងាចថ្ងៃចន្ទ នៅក្នុងដែនទឹកនៃខេត្តអ៊ីវ៉ាតេ (Iwate)។ កម្លាំងរញ្ជួយនេះអាច បានសាយភាយរំញ័ររហូតដល់ធ្វើឱ្យញ័រអាគារនៅទីក្រុងតូក្យូដែលនៅឆ្ងាយរាប់រយគីឡូម៉ែត្រ។
ទីភ្នាក់ងារ JMA បានអំពាវនាវឱ្យពលរដ្ឋរស់នៅតាមមាត់សមុទ្រ និងមាត់ទន្លេ ជម្លៀសខ្លួនទៅកាន់ទីទួលខ្ពស់ជាបន្ទាន់។ អាជ្ញាធរបានសង្កត់ធ្ងន់ថា ពលរដ្ឋមិនត្រូវចាកចេញពីកន្លែងសុវត្ថិភាពឡើយ ព្រោះរលកស៊ូណាមិអាចនឹងបោកបក់មកជាច្រើនលើក ដូច្នេះសូមកុំទាន់ចាកចេញពីកន្លែងសុវត្ថិភាព រហូតដល់ការព្រមានត្រូវបានដកចេញ។
រូបភាពផ្ទាល់ពីទូរទស្សន៍ NHK បានបង្ហាញថា មិនទាន់មានសញ្ញានៃការខូចខាតធ្ងន់ធ្ងរនៅឡើយទេនៅតាមកំពង់ផែមួយចំនួនក្នុងខេត្ត Iwate។ លោកស្រីនាយករដ្ឋមន្ត្រី Sanae Takaichi បានប្រាប់អ្នកកាសែតថា រដ្ឋាភិបាលបានបង្កើតក្រុមគ្រប់គ្រងវិបត្តិ ហើយកំពុងវាយតម្លៃផលប៉ះពាល់។ លោកស្រីបានបន្ថែមថា ក្រុមមន្ត្រីកំពុងព្យាយាមបញ្ជាក់ថា តើមានអ្នករងគ្រោះ ឬការខូចខាតទ្រព្យសម្បត្តិដែរឬទេ។
ជប៉ុនជួបការរញ្ជួយដីប្រហែល ១,៥០០ ដងក្នុងមួយឆ្នាំ។ គេនៅចាំមិនភ្លេចទេនូវគ្រោះមហន្តរាយកាលពីឆ្នាំ ២០១១ ដែលមានកម្លាំងរញ្ជួយ ៩ រ៉ិចទ័រ ដោយបានសម្លាប់មនុស្សជិត ២ ម៉ឺននាក់ និងបង្កឱ្យមានវិបត្តិនុយក្លេអ៊ែរនៅរោងចក្រហ្វូគូស៊ីម៉ា (Fukushima) ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Al Jazeera | រូបភាព៖ Issei Kato/Reuters