រដ្ឋមន្ត្រីបរិស្ថាន ដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំកំពូលបរិស្ថានថ្នាក់តំបន់ នៅប្រទេសកាហ្សាក់ស្ថាន
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូក្រសួងបរិស្ថានកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលស្តីពីអេកូឡូស៊ីថ្នាក់តំបន់ ឆ្នាំ២០២៦ Regional Ecological Summit (RES 2026) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុងអាស្តាណា ប្រទេសកាហ្សាក់ស្ថាន។
ការចូលរួមរបស់កម្ពុជាក្នុងវេទិកាពិភពលោកស្តីពីបរិស្ថាន ក៏ដូចជាក្នុងវេទិកាបរិស្ថានអន្តរជាតិក្នុងតំបន់ បានបង្ហាញពីការប្តេជ្ញាចិត្តចូលរួមយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជាកម្ពុ ក្នុងការដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ និងបញ្ហាបរិស្ថានសកល។
សូមបញ្ជាក់ថា កិច្ចប្រជុំ RES 2026 នេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព លោក Kassym-Jomart Tokayev ប្រធានាធិបតីនៃប្រទេសកាហ្សាក់ស្ថាន និងមានការចូលរួមពីមេដឹកនាំប្រទេស តំណាងអង្គការសហប្រជាជាតិ (United Nations) អង្គការអន្តរជាតិ និងភាគីពាក់ព័ន្ធសំខាន់ៗជាច្រើន ក្នុងគោលបំណងជំរុញនិរន្តរភាពបរិស្ថានពិភពលោក និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ឱ្យកាន់តែប្រសើរ កិច្ចប្រជុំ RES 2026 នៅឆ្នាំនេះ ត្រូវបានរំពឹងថា នឹងក្លាយជាវេទិកាសំខាន់មួយសម្រាប់លើកកម្ពស់ការការពារបរិស្ថាន ដំណោះស្រាយសម្របសម្រួលក្នុងតំបន់ ចំពោះបញ្ហាបរិស្ថានរួម។
កិច្ចពិភាក្សាអំពីបញ្ហាបរិស្ថានសំខាន់ៗជាច្រើនត្រូវបានគ្រោងទុក រួមមាន ការប្រែប្រួលអាកាសធាតុ ភាពធន់នៃបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព។ បន្ថែមពីនេះ កម្មវិធីសកម្មភាពសម្រាប់ឆ្នាំ២០២៦–២០៣០ ដែលបានអភិវឌ្ឍពីបណ្តាប្រទេសនៅអាស៊ី ជាមួយអង្គការសហប្រជាជាតិ នឹងត្រូវបានដាក់ឱ្យអនុវត្ត ដើម្បីគាំទ្រនិរន្តរភាព និងភាពធន់រយៈពេលវែងក្នុងតំបន់៕