ខ្មាន់កាំភ្លើងម្នាក់ក្នុងទីក្រុងគីវ ដុតបន្ទប់ស្នាក់នៅរបស់ខ្លួនរួចបន្តបាញ់សម្លាប់មនុស្សនៅខាងក្រៅ បណ្ដាលឱ្យស្លាប់មនុស្ស ៦នាក់ និងរបួស ១៤នាក់
អ៊ុយក្រែន៖ ហេតុការណ៍តក់ស្លុតដ៏ខ្លាំងមួយបានកើតឡើងនៅក្នុងរដ្ឋធានីគីវ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃសៅរ៍ ដោយមានបុរសអាយុ ៥៨ ឆ្នាំម្នាក់បានដុតបន្ទប់ស្នាក់នៅរបស់ខ្លួនក្នុងអាផាតមិន រួចក៏បន្តចេញមកបាញ់បោះយ៉ាងសាហាវនៅតាមដងផ្លូវ និងក្នុងផ្សារទំនើប។ ហេតុការណ៍នេះ បានបណ្តាលឱ្យមនុស្ស ៦ នាក់បាត់បង់ជីវិត ក្នុងនោះមានកុមារម្នាក់ដែរ និងមនុស្ស ១៤ នាក់ទៀតរងរបួស មុនពេលមន្ត្រីនគរបាលបាញ់សម្លាប់ជនដៃដល់នៅនឹងកន្លែង ។
សាក្សី និងអ្នកជិតខាងបានរៀបរាប់ពីទិដ្ឋភាពដ៏គួរឱ្យខ្លាច ដោយពួកគេទើបតែដឹងថាបានរស់នៅក្បែរខ្មាន់កាំភ្លើងរូបនេះអស់រយៈពេល ១០ ឆ្នាំមកហើយ។ ជនរងគ្រោះមួយចំនួន គឺជាសមាជិកគ្រួសារតែមួយ ដែលត្រូវបានបាញ់សម្លាប់យ៉ាងអាណោចអាធ័មនៅជិតកន្លែងស្នាក់នៅរបស់ពួកគេ មុនពេលខ្មាន់កាំភ្លើងចូលទៅចាប់ចំណាប់ខ្មាំងក្នុងផ្សារទំនើប ។
អាជ្ញាធរអ៊ុយក្រែន រួមទាំងលោកប្រធានាធិបតី ហ្សេលែនស្គី (Zelensky) បានយកចិត្តទុកដាក់ខ្ពស់លើករណីនេះ ដោយរកឃើញថាជនដៃដល់ធ្លាប់មានប្រវត្តិជាប់ទោសពីមុនមក។ បច្ចុប្បន្ន តុលាការកំពុងស៊ើបអង្កេតយ៉ាងល្អិតល្អន់ និងចាត់ទុកព្រឹត្តិការណ៍នេះថាជាអំពើភេរវកម្ម ដើម្បីស្វែងរកមូលហេតុពិតប្រាកដដែលនៅពីក្រោយសកម្មភាពដ៏ឃោរឃៅនេះ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY’s video.