ព័ត៌មានអន្តរជាតិ

ម៉ាឡេស៊ី ដាក់កម្លាំងសន្តិសុខឱ្យយាមកាមនៅតាមស្ថានីយប្រេងសាំងដែលស្ថិតនៅជាប់ព្រំដែនថៃ ដើម្បីទប់ស្កាត់កំណើននៃការរត់ពន្ធប្រេង

image


ម៉ាឡេស៊ី៖ រដ្ឋាភិបាលម៉ាឡេស៊ី បានសម្រេចដាក់កម្លាំងនគរបាល និងសន្តិសុខឱ្យយាមកាមនៅតាមស្ថានីយប្រេងសាំងស្ថិតនៅតាមបណ្តាតំបន់/ទីក្រុងជាប់ព្រំដែនប្រទេសថៃ។ ចំណាត់ការនេះ ធ្វើឡើងដើម្បីទប់ស្កាត់កំណើននៃការរត់ពន្ធប្រេងទៅក្រៅប្រទេស និងធ្វើឱ្យរដ្ឋត្រូវខាតបង់ថវិកាជាច្រើនលើការបញ្ចុះតម្លៃប្រេងជូនពលរដ្ឋ ។

ប្រជាពលរដ្ឋម៉ាឡេស៊ីដែលរស់នៅតំបន់ព្រំដែន បានបង្ហាញការស្វាគមន៍ និងគាំទ្រយ៉ាងខ្លាំងចំពោះវត្តមានសមត្ថកិច្ចនៅតាមស្ថានីយប្រេងសាំង។ ពួកគេយល់ឃើញថា នេះគឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពដើម្បីការពារកុំឱ្យពួកឈ្មួញខិលខូចលួចជួញដូរប្រេងដែលជារបស់រដ្ឋ ខណៈដែលធនធានប្រេងឥន្ធនៈក្នុងស្រុកកំពុងចាប់ផ្តើមខ្សត់ខ្សោយ ។

ប្រតិបត្តិការរឹតបន្តឹងសន្តិសុខនេះ បានអនុវត្តនៅតាមរដ្ឋសំខាន់ៗជាច្រើន រួមទាំងរដ្ឋនៅកោះ បូណេអូ (Borneo) ដូចជា រដ្ឋសាបាហ៍ (Sabah) និងសារ៉ាវ៉ាក់ (Sarawak) ផងដែរ។ សមត្ថកិច្ចបានកំណត់យកស្ថានីយប្រេងដែលងាយរងគ្រោះបំផុតរាប់សិបកន្លែង ដើម្បីធ្វើការតាមដានយ៉ាងដិតដល់បំផុត ដោយក្នុងនោះមានស្ថានីយខ្លះ ត្រូវយាមកាមការពារពេញ ២៤ ម៉ោងតែម្ដង ។

វិបត្តិនៃការរត់ពន្ធប្រេងនៅម៉ាឡេស៊ីនេះ មានទំនាក់ទំនងផ្ទាល់ទៅនឹងអសន្តិសុខថាមពលសកល ដែលបណ្តាលមកពីជម្លោះនៅប្រទេសអ៊ីរ៉ង់។ នៅពេលដែលការផ្គត់ផ្គង់ប្រេងលើពិភពលោកមានភាពរអាក់រអួល តម្លៃប្រេងនៅលើទីផ្សារងងឹតកាន់តែឡើងថ្លៃ ដែលជាកត្តាជំរុញឱ្យសកម្មភាពរត់ពន្ធប្រេងចេញពីម៉ាឡេស៊ីមានសន្ទុះខ្លាំងជាងមុន ។

ស្ថានភាពកាន់តែអាក្រក់ទៅៗ បន្ទាប់ពីអាម៉េរិក និងអ៊ីរ៉ង់ នៅតែបន្តការប្រឈមមុខដាក់គ្នាជុំវិញការគ្រប់គ្រងច្រកសមុទ្រ ហ័រមូស (Hormuz)។ ដោយសារតែច្រកសមុទ្រនេះ គឺជាផ្លូវដង្ហើមសេដ្ឋកិច្ចដែលដឹកជញ្ជូនប្រេង ២០% នៃពិភពលោក ការបន្តបិទខ្ទប់ផ្លូវទឹកនេះ ក៏បានធ្វើឱ្យតម្លៃប្រេងសកលហក់ឡើងខ្ពស់ និងបង្ខំឱ្យប្រទេសនីមួយៗត្រូវរឹតបន្តឹងការការពារធនធានប្រេងក្នុងស្រុករបស់ខ្លួនរៀងៗខ្លួន ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY’s video.