ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលជប៉ុន បញ្ជាឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ បង្កើនការតាមដានសកម្មភាពយោធារបស់កូរ៉េខាងជើងឱ្យបានដិតដល់បំផុត ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ

image


ជប៉ុន៖ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក ស៊ីនជីរ៉ូ កូអ៊ិហ្ស៊ូមិ (Shinjiro Koizumi) កាលពីថ្ងៃទី១៩ ខែមេសា បានរាយការណ៍អំពីការបាញ់សាកល្បងមីស៊ីលបាលីស្ទិកជាថ្មីម្តងទៀតពីសំណាក់កូរ៉េខាងជើង ដែលបានធ្លាក់ក្នុងដែនសមុទ្រនៅខាងក្រៅដែនទឹកសេដ្ឋកិច្ចរបស់ជប៉ុន។ ភ្លាមៗនោះ លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន បានដាក់បញ្ជាឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ បង្កើនការតាមដានសកម្មភាពយោធារបស់កូរ៉េខាងជើងឱ្យបានដិតដល់បំផុត ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ ។

ក្នុងស្ថានភាពដ៏តានតឹងនេះ ជប៉ុនបានប្រកាសពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តសំខាន់ៗ រួមមានសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង។ គោលបំណងចម្បង គឺដើម្បីត្រៀមលក្ខណៈឆ្លើយតបទៅនឹងរាល់ហេតុការណ៍អាសន្ន ឬការវាយប្រហារណាមួយដែលមិនអាចស្មានទុកជាមុនបាន ខណៈដែលកូរ៉េខាងជើងនៅតែបន្តបង្ហាញសាច់ដុំយោធារបស់ខ្លួន ។

បើតាមទិន្នន័យពីខាងកូរ៉េខាងត្បូង មីស៊ីលដែលបានបាញ់ចេញនោះគឺជាប្រភេទមីស៊ីលចម្ងាយខ្លី ដែលហោះបានប្រហែល ១៤០ គីឡូម៉ែត្រ។ សកម្មភាពនេះ គឺជាផ្នែកមួយនៃមហិច្ឆតារបស់ទីក្រុងព្យុងយ៉ាង ក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរឱ្យកាន់តែទំនើប ដោយបានធ្វើឱ្យតំបន់អាស៊ីបូព៌ាទាំងមូលស្ថិតក្នុងភាពភ័យព្រួយ និងអស្ថិរភាពសន្តិសុខ ។
ភាពតានតឹងកាន់តែរីករាលដាលខ្លាំង បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសជាសាធារណៈ ដោយចាត់ទុកកូរ៉េខាងត្បូងជាសត្រូវមិនអាចផ្សះផ្សាបាន។ សម្ដីដ៏មុតស្រួចនេះ បានធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងចរចាសន្តិភាពកន្លងមកត្រូវបរាជ័យ និងបង្ខំឱ្យប្រទេសជិតខាងទាំងអស់ ត្រូវបង្កើនកញ្ចប់ថវិកាការពារជាតិ និងការយាមកាមព្រំដែនកាន់តែខ្លាំងជាងមុន ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ KCNA via Reuters