ព័ត៌មានអន្តរជាតិ

ពលរដ្ឋជប៉ុនរាប់ម៉ឺននាក់ ចេញតវ៉ាប្រឆាំងផែនការរបស់រដ្ឋាភិបាល ដែលចង់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញសន្តិភាព

image


ជប៉ុន៖ ប្រជាជនជប៉ុនរាប់ម៉ឺននាក់ បានចេញមកធ្វើបាតុកម្មយ៉ាងធំនៅមុខសភាជាតិ ដើម្បីប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលលោកស្រី សាណាអិ តាកាអ៊ិឈិ (Sanae Takaichi) ដែលចង់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញសន្តិភាព កាលពីថ្ងៃទី១៩ ខែមេសា។ ក្រុមអ្នកតវ៉ា យល់ឃើញថា ការចង់កែប្រែច្បាប់ដែលធ្លាប់ហាមឃាត់ការធ្វើសង្គ្រាមនេះ គឺជាការបំផ្លាញតម្លៃសន្តិភាពដែលជប៉ុនបានថែរក្សាតាំងពីចប់សង្គ្រាមលោកលើកទី២។

ក្តីបារម្ភចម្បងរបស់ពលរដ្ឋ គឺការបង្កើនកញ្ចប់ថវិកាយោធាយ៉ាងខ្លាំងរហូតដល់ ១.៩% នៃផលិតផលក្នុងស្រុកសរុប (GDP) ដែលពួកគេចាត់ទុកថា ជាសញ្ញានៃការប្រែក្លាយជប៉ុនឱ្យទៅជាប្រទេសមហាអំណាចយោធាឡើងវិញ។ អ្នកតវ៉ា រិះគន់ថា គោលនយោបាយរបស់នាយករដ្ឋមន្ត្រីថ្មីរូបនេះ កំពុងតែរុញច្រានប្រទេសជប៉ុន ឱ្យឈានទៅរកផ្លូវគ្រោះថ្នាក់ និងអាចនាំឱ្យមានសង្គ្រាមនាពេលអនាគត ។

ក្រៅពីការរិះគន់រដ្ឋាភិបាលខ្លួនឯង ក្រុមបាតុករក៏បានបង្ហាញការមិនពេញចិត្តចំពោះទំនាក់ទំនងរវាងជប៉ុន និងអាម៉េរិកផងដែរ។ ពួកគេចោទប្រកាន់លោកស្រី តាកាអ៊ិឈិ (Sanae Takaichi) ថាបានដើរតាមនយោបាយរបស់លោក ដូណាល់ ត្រាំ ខ្លាំងពេក ដែលអាចធ្វើឱ្យជប៉ុនបាត់បង់ឯករាជ្យភាពលើវិស័យការពារជាតិ និងត្រូវបង្ខំចិត្តចូលរួមក្នុងជម្លោះអន្តរជាតិផ្សេងៗតាមអាម៉េរិក ។

មាត្រា ៩ នៃរដ្ឋធម្មនុញ្ញ ដែលជាបេះដូងនៃភាពជាប្រទេសសន្តិភាពរបស់ជប៉ុន កំពុងក្លាយជាចំណុចក្តៅនៃជម្លោះនយោបាយក្នុងស្រុក។ ខណៈរដ្ឋាភិបាល ចង់ពង្រឹងកម្លាំងយោធាដើម្បីឆ្លើយតបនឹងស្ថានភាពពិភពលោក មហាជនប្រហែល ៣៦,០០០ នាក់នៅទូទាំងប្រទេស បានរួមកម្លាំងគ្នាបង្ហាញជំហរយ៉ាងច្បាស់ថា ពួកគេចង់រក្សាទុក «ច្បាប់នៃការមិនធ្វើសង្គ្រាម» ឱ្យនៅដដែលជារៀងរហូត ៕

រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY’s video.